អ្នកចម្រៀង​អាន​គុណ កូ​ឡា បើករថយន្ត​ឡិច​ស៊ី​ស​បុក​ខឿន​ក្រោម​ស្ពាន​អាកាស​តិច​ណូ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​អាន​គុណ កូ​ឡា បាន​ជួប​ឧប្បត្តិហេតុ​បើករថយន្ត​ឡិច​ស៊ី​ស​RX330 ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​តិច​ណូ​បណ្ដាល​ឱ្យ​រថយន្ត​ដាច់​កាឡេ​កង់​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ធ្នូ ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ធុន​RX330 មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9779 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​គឺ​លោក អាន​គុណ កូ​ឡា ជា​អ្នកចម្រៀង និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បើក​ចូល​ផ្លូវ​ក្រោម​ស្ពាន​អាកាស​តិច​ណូ ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​រថយន្ត​មិន​បាន​បន្ថយល្បឿន និង​កាច់ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​ខឿន​ផ្លូវ​ក្រោម​ស្ពាន​នោះ​ទាំង​កំរោល​ធ្វើ​ឱ្យ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច  ។

ក្រោយ​ពេល​កើតហេតុ​តារាចម្រៀង​រូប​នេះ​បាន​យក​ម៉ាស​មក​ពា​ក់បាំងមុខ​រួច​ចុះ​ចេញពី​រថយន្ត​គេចខ្លួន​ទៅ​បាត់ ។

រថយន្ត​ខាងលើ​ត្រូវ​សមត្ថកិច្ច​មក​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕