គណបក្ស​យុវជន​កម្ពុជា នឹងចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨

ភ្នំពេញ: ​លោក​ពេជ្រ ស្រស់ អតីត​ប្រធាន​អង្គការ​រួមគ្នា​ដើម្បី​រីកចំរើន រួមទាំង​យុវជន​មួយចំនួន បានសម្រេច​បង្កើត​គណ​បក្ស​ថ្មី​មួយ ឈ្មោះ "​គណបក្ស​យុវជន​កម្ពុជា​" ដើម្បី​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ​នេះ គណបក្ស​យុវជន​កម្ពុជា បានធ្វើ​សន្និសីទ​ ស្តីពី ការបង្កើត​គណបក្ស​ថ្មីមួយនេះ  និងបាន​បង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន​។​
​    ​
លោក ពេជ្រ ស្រស់ តំណាង​ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា បាន​លើកឡើងថា ការដែល​លោក​សម្រេច​បង្កើត​គណបក្ស គឺ​ដើម្បី​ចង់​ប្រមូលផ្តុំ​សំឡេង​យុវជន ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជាតិ ដោយ​សមត្ថភាព​យុវជន​ផ្ទាល់ និង​មិន​ចង់​ឲ្យ​យុវជន​បែក​គ្នា ហើយ​មិន​ចង់​ឲ្យ​យុវជន​ដើរ​ផ្ញើខ្លួន​លើ​គេ ដោយ​ចង់​ឲ្យ​យុវជន​ផ្ញើ​វាសនា​លើ​សមត្ថភាព​ខ្លួនឯង​។​
​    ​
​តំណាង​ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា បាន​បញ្ជាក់ថា “​យើង​ធ្វើ​ការងារ​ដើម្បី​ជាតិ យើង​សង្ឃឹមថា ពួកគាត់​(​យុវជន​)​ចេះ​គិត​ដើម្បី​ជាតិ ប៉ុន្តែ​អ្វីដែល​ត្រូវ​គិតដល់​ជាតិ គឺ​គាត់​គិតដល់​ជីវភាព​ខ្លួន​គាត់ ហើយ​សង្ឃឹមថា មានការ​គាំទ្រ​បាន​ច្រើន ពីព្រោះ​គណបក្ស​យើង ផ្តល់ឱកាស​ដល់​យុវជន​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​ឲ្យ​ស្គាល់​រស់ជាតិ​ក្នុងការ​ដឹកនាំ​”​។​
​    ​
​លោក ពេជ្រ ស្រស់ បាន​អះអាងថា ការបង្កើត​គណបក្ស​យុវជន​កម្ពុជា​នេះ​ឡើង គឺ​មិនមាន​ការជួយឧបត្ថម្ភ​ពី​ខាង​ណា​ទាំងអស់ គឺធ្វើឡើង​ដោយ​ឆន្ទៈ និង​ធ្វើបាន​កម្រិតណា ទទួលយក​កម្រិត​នោះ​។​
​    ​
គណបក្ស​យុវជន​កម្ពុជា បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ចំពោះ​ការស្នើសុំ​ស្នើសុំ​បង្កើត​គណបក្ស​។ ដោយ​សម្តេច​បានបញ្ជាក់​ថា ដើម្បី​ទទួល​សុពលភាព គណបក្ស​យុវជន​កម្ពុជា ត្រូវបំពេញ​បែបបទ និង​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ ត្រង់​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​    ​
​សូមជម្រាបថា អតីត​មេដឹកនាំ​អង្គការក្រៅរដ្ឋាភិបាល និង​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្សនយោបាយ​មួយចំនួន ដែល​បាន​បង្កើត​គណបក្ស​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាងមុខនេះ មានដូចជាៈ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ បាន​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ខ្មែរ បង្កើត​គណបក្ស​អំណាច​ខ្មែរ​។ លោក​យ៉េ​ង វិ​រៈ អតីត​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ លោក​ ជា ចំរើន អតីតមន្ត្រី​គណបក្ស​ប្រជាន​កម្ពុជា បង្កើត​គណបក្ស​កម្ពុជា សេរីភាព​។ លោក ហ៊ាង រិទ្ធី អតីត​ប្រធាន​អង្គការ ស៊ី​អិន​រ៉ូ បង្កើត​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​។ លោក ប្លា​ង​សី​ន បង្កើត​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។ លោកស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មការ​នា​យក​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត គណបក្ស​ខ្មែរ​សាមគ្គី​៕​

គណបក្ស​យុវជន​កម្ពុជា នឹងចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨

គណបក្ស​យុវជន​កម្ពុជា នឹងចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨