គណបក្សយុវជនកម្ពុជា សន្យាផ្តល់ប្រាក់សង្គ្រោះ បឋម១៦ម៉ឺនរៀល ក្នុងមួយខែ ដល់ពលរដ្ឋ

ភ្នំពេញ៖ គណបក្ស នយោបាយថ្មី ដែលទើបនឹងដាក់សំណើ សុំបង្កើត ទៅក្រសួងមហាផ្ទៃ ដែលមានឈ្មោះថា គណបក្សយុវជនកម្ពុជា បានសន្យា ផ្តល់ប្រាក់សង្គ្រោះជាតិបឋម ដល់ ប្រជាពលរដ្ឋក្នុងមួយខែ១៦ម៉ឺនរៀល។

 ថ្លែងក្នុងសន្និសីទសារព័តមាន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៥ នៅភោជនីយដ្ឋានឡឺកាហ្វេរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សនយោបាយ របស់លោក បានដាក់គោលនយោបាយចំនួន៥ រួមមាន ៖ ទី១  ពង្រឹងវិស័យអប់រំ និង សុខាភិបាល ឲ្យល្អប្រសើរ  ។ ទី២ លើកកម្ពស់យុវជនគ្រប់កិច្ចការងារក្នុងសង្គមជាតិ ព្រមទំាងធនាឲ្យយុវជន មានការងារធ្វើដែលទួល បានប្រាក់បៀវត្សតាមសមត្ថភាព និងអត្រាបៀវត្សតាមទីផ្សារ ចំពោះយុវជនក្រីក្រមានបំណង បន្តការសិក្សានៅមហា វិទ្យាល័យ។  ជាងនេះទៀត នៅពេលគណបក្សយុវជន ដឹកនំារាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ កម្ចីដោយមិនយកប្រាក់ការ។ ទី៣  ស្វែងរកទីផ្សារការងារ   និងកំណត់តម្លៃទីផ្សារ លក់ចេញ នៃផលិតផលសិកម្មជូនកសិករតាម តម្លៃទីផ្សារក្នុងតំបន់។ ទី៤  ប្រជាពលរដ្ឋ មានអាយុចាប់ ពី២៥-៤៥ ឆ្នាំ  គ្មានការងារធ្វើក្នុងរយៈពេល៣ខែ រាជរដ្ឋាភិបាលដឹកនំាដោយគណបក្ស យុវជនកម្ពុជា នឹងផ្តល់ប្រាក់សង្គ្រោះជាតិបឋមចំនួន១៦០.០០០រៀល ក្នុងខែ និងទី៥  រៀបចំជីវភាពរបស់ប្រជាពលរដ្ឋឲ្យមាននិយាមសម រម្យ ក្នុងសង្គមប្រចាំថ្ងៃ ។

  ជាមួយគ្នានោះដែរលោក ពេជ្រ ស្រស់ បានឲ្យដឹងទៀតថា សម្រាប់ការបង្កើតគណបក្ស នយោបាយថ្មីនេះ បានគាំទ្រពីក្រុមអាជីវករ។ សម្រាប់ការចងសម្ព័ន្ធ ជាមួយបក្ស នយោយបាយ ផ្សេង នោះលោកមិនទាន់គិតគូរនៅឡើយ  ប៉ុន្តែប្រសិនបើគណបក្ស នយោបាយធំៗ មានបំណងចង់ផ្តល់ជាថវិកានោះ គណបក្សលោក នឹងទទួលយក តែអាស្រ័យលើក គោលការណ៍នយោបាយ។

  ទាក់ទិននឹងការបង្កើតគណបក្សនយោបាយថ្មី ត្រូវបានអ្នកនំាពាក្យគណបក្ស ប្រជាជន កម្ពុជា បានស្វាគមន៍ និងថាការបង្កើតគណណបក្សនេះ មិនមែនជាការបំបែកសម្លេង ឆ្នោតនោះទេ គឺប្រធានគណបក្សនយោបាយថ្មីចង់ធ្វើជានាយករដ្ឋមន្ត្រីប៉ុណ្ណោះ ។

   លោកសុខ ឥសាន្តបញ្ជាក់ថា៖ «យើងមិនអាចនិយាយថា បំបែកសំឡេងនោះទេ ការបំបែក សំឡេងគឺជាវិឃាំងសនាមួយដើម្បីបំបែកសម្លេងគណបក្សសង្គ្រោះជាតិប៉ុន្តែគេមិនអាចនិយាយបែបនោះទេ ការបង្កើតគណបក្សនយោបាយនោះ ជាសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ»។

ក្នុងនាមគណបក្សនយោបាយដែលកាន់កាប់រាជរដ្ឋាភិបាលជាង៣០ឆ្នាំមកនេះ មិនមានការ ភ័យខ្លាចចំពោះការបែបសំឡេងឆ្នោតពីគណបក្សប្រជាជនកម្ពុជានោះទេ   ប៉ុន្តែបើបែក សំឡេងនោះមានតែបែកសំឡេងពីគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។  

គួរបញ្ជាក់ថា មានគណបក្សទាំង៧ បានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ រួមមាន៖ទី១  គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យេង វីរៈ ជា ប្រធាន , ទី២  គណបក្ស ខ្មែរសាមគ្គី លោកស្រី ឡាក់ សុភាពជាប្រធាន , ទី៣ គណបក្សយុត្តិធម៌ជាតិខ្មែរ របស់ លោក ហ៊ាង រិទ្ធី ជាប្រធាន , ទី៤  គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្រជាន , ទី៥ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លោក ប្លាង សីន ប្រធាន , ទី៦  គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋាជាប្រធាន និងទី៧  គណបក្សយុវជនកម្ពុជា ប្រធានលោក ពេជ្រ ស្រស់ ។  គណបក្សទាំង៧នេះ មានតែ១គណបក្ស បានចុះបញ្ជីក្នុង ក្រសួងមហាផ្ទៃ គឺគណបក្សអំណាចខ្មែរ៕

គណបក្សយុវជនកម្ពុជា សន្យាផ្តល់ប្រាក់សង្គ្រោះ បឋម១៦ម៉ឺនរៀល ក្នុងមួយខែ ដល់ពលរដ្ឋ

គណបក្សយុវជនកម្ពុជា សន្យាផ្តល់ប្រាក់សង្គ្រោះ បឋម១៦ម៉ឺនរៀល ក្នុងមួយខែ ដល់ពលរដ្ឋ