មហាជន​រិះគន់ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ធ្វើឡើង​តាមរបៀប​លេងសើច​

រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​ប្លុក​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជាច្រើន​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់​និង​រឹបអូស​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​មជ្ឈដ្ឋាន​នានា​រិះគន់ថា ទោះបី​សមត្ថកិច្ច​បង្ក្រាប​១០០​ឆ្នាំ​ទៀត​ក៏​មិន​អស់​ដែរ ព្រោះ​កន្លងមក​សមត្ថកិច្ច​ប​ង្ក្រា​ប​តាមរបៀប​លេងសើច​។ មហាជន​ដែល​តាមដាន​រឿងនេះ បានកត់សម្គាល់​ថា​សម​ត្ថ​កិច្ច​បង្ក្រាប​តែ​អ្នកជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​តូចតាច​ប៉ុណ្ណោះ ចំណែក​មេខ្លោង​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច គឺ​គេ​មិន​បង្ក្រាប​ឡើយ​។

កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ប្លុក​ត្រពាំង​ឈូក មុខ​មន្ទីរពេទ្យ​លោកសង្ឃ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ នៅក្នុង​ការបង្ក្រាប​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ ព្រមទាំង​រឹបអូស​វត្ថុតាង​ជា​គ្រឿងញៀន​និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ជនសង្ស័យ​ទាំង​១៩​នាក់​នោះ​ត្រូវ​បញ្ជូនទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។

មហាជន​បាន​លើកឡើងថា ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិ​ត្រពាំង​ឈូក ប្រហែល​មាន​រាប់ពាន់​រាប់ម៉ឺន​នាក់ ទើប​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ទាល់តែសោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។ ប្រភព​ក្រៅផ្លូវការ​ខ្លះ​បាន​បង្ហើប​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់​នេះ មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុករលួយ​មួយចំនួន ទើប​បទល្មើស​កើតឡើង​ឥតឈប់ឈរ ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​។ ដូច្នេះ​លោក ប៉ា សុជាតិ​វង្ស ដែលជា​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​លើ​បញ្ហា​នេះ ព្រោះ​ប្រជាពលរដ្ឋ​រិះគន់ថា អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ​សែន​សុខ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទ​លើ្ម​ស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​៕

khada0348 khada0344 khada0346 khada0347