សមត្ថកិច្ច​មិន​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន​ជាច្រើន​កន្លែង​នៅក្នុង​ក្រុង​ក្រចេះ​

រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន​ជាច្រើន​កន្លែង​កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន តែ​សមត្ថកិច្ច​ខេត្តក្រចេះ​មិន​ហ៊ាន​បង្ក្រាប​នោះទេ​ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​ឈ្មួញ​យួន​កាន់តែ​ពង្រីក​អាជីវកម្ម​ខុសច្បាប់​របស់​ពួកគេ​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើងៗ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្រុង​ក្រចេះ​បាន​រិះគន់ថា​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តក្រចេះ​អាច​នឹងមាន​ផលប្រយោជន៍​រួមគ្នា​ជាមួយ​ជនជាតិ​យួន​បានជា​ពួកគេ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​បន្ត​អាជីវ​កម្មបាន​យ៉ាង​រលូន​។​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អណ្ដែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ បានចាត់ទុក​បញ្ហា​ខាងលើនេះ​ថា​អាចមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ជំនាញ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា សព្វថ្ងៃ​មាន​ម៉ូតូ​ដឹកឈើ និង​រថយន្ត​ដឹកឈើ​ប្រណីត​ចូល​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ទម្លាក់​ឈើ​លាន់​សូរ​ក្តុងក្តាំង គ្មាន​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ចុះទៅ​ហាមឃាត់ ឬ​បង្ក្រាប​នោះឡើយ​។ ប្រជាពលរដ្ឋ​សង្កាត់​ក្រគរ បាន​បញ្ជាក់ថា ឈ្មួញ​ជនជាតិ​យួន បាន​អារឈើ និង​ច្រៀក​ឈើ លាន់​កងរំពង​ទ្រហឹង​ពេញ​ភូមិ ធ្វើ​ឲ្យ​រំខាន​ដំណេក​របស់​ពួកគាត់ ហើយ​បាន​ដឹកឈើ​ចេញ​យកទៅលក់​ឲ្យ​ឈ្មួញ​ណ្តា​ល​ស្ទើរ​រាល់ថ្ងៃ តែ​សមត្ថកិច្ច​ជំនាញ​គ្មាន​អើពើ​ទប់ស្កាត់​នោះទេ​។​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តក្រចេះ​បាន​លើកឡើងថា បើទោះបីជា​មានការ​ផ្លាស់​ប្តូរ​តំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ថ្មី​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​បទល្មើស​ព្រៃឈើ​នៅ​ខេត្តក្រចេះ​នៅតែ​បន្ត​កើតមាន​ដដែល ហើយ​សមត្ថកិច្ច​ជំនាញ​នៅតែ​គ្មាន​ចំណាត់ការ​ទៅលើ​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់​ជនជាតិ​យួន​ទាំង​នោះទេ ខណៈ​ពួកគេ​ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ​។ មិនតែប៉ុណ្ណោះ​ពួកគេ​ថែមទាំង​ចាក់​កាកសំណល់​សិប្បកម្ម នៅតាម​ច្រាំងទន្លេ​បណ្ដាល​ឲ្យ​ខូច​បរិស្ថាន និង​សោភ័ណភាព​ក្រុង​ទៀតផង​។​

ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ក្រុង​ក្រចេះ​បាន​រិះគន់ថា លោក ទ្រី សុ​ភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ គួរតែ​ចុះទៅ​ពិនិត្យមើល​សិប្បកម្ម​ខុសច្បាប់​ទាំងនោះ​ផង ព្រោះថា​ទីតាំង​សិប្បកម្ម​ស្ថិតនៅ​ប្រមាណ​ជាង ៥០០​ម៉ែត្រ ពី​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​តែប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា បទល្មើស​ព្រៃឈើ​នៅក្បែរ​កន្លែងធ្វើការ​បង្ក្រាប​មិនបាន​ផង​ចុះ​ទម្រាំ​បទល្មើស​កើតឡើង​នៅ​ឆ្ងាយ​សមត្ថកិច្ច​ជំនាញ​អាច​បង្ក្រាបបាន​ឬទេ ឬមួយ​ពួកគេ​មិន​បង្ក្រាប​ដោយសារ​តែមាន​ហេតុផល​ណាមួយ​មិន​ខាន​៕

1009875_1536735346640831_2164536848856512040_n 1606860_1536735349974164_5074327762004803506_n 10290166_1536735343307498_8899592350395923322_n