ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ ឈូសឆាយ​បំផ្លាញ​ដំណាំ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​

កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ទាមទារ​ឲ្យ​សន្តិសុខ​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ បញ្ឈប់​ការ​ឈូសឆាយ​ផលដំណាំ​ពួកគាត់​តទៅទៀត​។ ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថា សន្តិសុខ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ បាន​ឈូសឆាយ​ដំណាំ​ពួកគាត់​អស់​៦​ហិកតា ដើម្បី​ទន្ទ្រាន​យក​ដី​យ៉ាង​កំរោល ហើយ​មន្ត្រី​អាជ្ញាធរ​មិនទាន់​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​នៅឡើយ​ទេ​។ នៅក្នុង​ការតវ៉ា​នោះ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ បាន​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​និង​ទាមទារ​ឲ្យ​សន្តិសុខ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​ទៀត ព្រោះ​ដីធ្លី​របស់​ពួកគាត់​នៅក្រៅ​បរិវេណ​ដី​ក្រុមហ៊ុន​។

តំណាង​ប្រជាពលរដ្ឋ​មួយរូប​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺជា​កម្មសិទ្ធិ​របស់​អ្នកមានអំណាច​ខ្លះ​ដែល​ទទួលបាន​ដី​សម្បទាន​៩៨៥០​ហិកតា​សម្រាប់​ដាំ​កៅស៊ូ​រយៈពេល​៥០​ឆ្នាំ​។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ទេ ហើយ​បែរជា​បំពាន​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​ដើម្បី​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ទៅពិនិត្យ​មើល​ករណី​ជម្លោះដីធ្លី​នេះ បាន​ឲ្យ​ដឹងថា សន្តិសុខ​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ ឈ្មោះ តាន់ សាន់ បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ផលដំណាំ​អ្នកភូមិ​មានដូចជា ចេក ដំឡូង​មី ស្វាយចន្ទី និង​ដំណាំ​ផ្សេងៗ​ទៀត បើទោះបី​ដី​អ្នកភូមិ​នៅក្រៅ​ព្រំដី​ក្រុមហ៊ុន​ក៏ដោយ​។

នៅក្នុង​ការតវ៉ា​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ អ្នកភូមិ​ជាង​១០០​គ្រួសារ​បានទាមទារ​ឲ្យ​សន្តិសុខ​ក្រុមហ៊ុន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ដំណាំ​របស់​ពួកគាត់ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​តំបន់​នេះ​ដល់​ពួកគាត់ ព្រោះ​អ្នកភូមិ​មួយចំនួន​បានទទួល​ដី​សម្បទាន​សង្គមកិច្ចរ​យៈ​ពេល​៥​ឆ្នាំ​មកហើយ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា អាជ្ញាធរ​ស្រុក​ស្នួល គួរ​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ហើយ​មិនត្រូវ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បំពាន​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តទៅទៀត​ទេ​។ ជាពិសេស​លោក សរ ចំរុង អភិបាលខេត្ត​ក្រចេះ ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ ប្រើ​អំណាច​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តាម​អំពើ​ចិត្ត​ទៀត​៕

សរ-ចំរុងលោក សរ ចំរុង អភិបាលខេត្តក្រចេះ
ccea0dd7-4366-4581-9c2b-933848776341ប្រជាពលរដ្ឋឃុំ២ធ្នូ តវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមេមត់​