ក្រោយពេល​រង​ការរិះគន់​ផ្ទួនៗ​ទើប​សមត្ថកិច្ច​បង្ក្រាប​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី

កន្លងមក​នគរបាល​វរ​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ម្រេច ស្រុកកោះញែក ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ក្រោយពេល​រង​ការរិះគន់​ផ្ទួនៗ​ពី​មជ្ឈដ្ឋាន​នានា​ទើប​កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ការពារ​ព្រៃឈើ​និង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​១០៣ បាន​ចាត់វិធានការ​ចាប់​ឃាត់​ត្រាក់ទ័រ​របស់​ជនជាតិ​យួន​ចំនួន​៥​គ្រឿង​ដែល​ឆ្លងដែន​លួច​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ ប៉ុន្តែ​ជនជាតិ​យួន​ម្ចាស់​ត្រាក់ទ័រ​ទាំងនោះ​បានរ​ត់​គេចខ្លួន​អស់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ប្រហែល​រង​ការរិះគន់​ខ្លាំងពេក​ទើប​មន្ត្រី​ការពារ​ព្រៃឈើ​និង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​១០៣​ប៉ុស្តិ៍​ម្រេច ចាត់វិធានការ​បង្ក្រាប​ត្រាក់ទ័រ​៥​គ្រឿង​របស់​ជនជាតិ​យួន​។ ការបង្ក្រាប​នោះ​ធ្វើឡើង​តាមរបៀប​លេងសើច​ព្រោះ​គេ​ឃាត់ទុក​តែ​ត្រាក់ទ័រ​ប៉ុណ្ណោះ ចំណែក​ជនជាតិ​យួន​ជា​ម្ចាស់​ត្រាក់ទ័រ​អាច​រង់​គេចខ្លួន​ចូលទៅ​ទឹកដី​យួន​វិញ​ប្រកបដោយ​សុវត្ថិភាព​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ប៉ុស្តិ៍​ម្រេច បាន​លើកឡើងថា ប្រសិនបើ​មន្ត្រី​ការពារ​ព្រៃឈើ​និង​នគរបាល​វរ​ការពារ​ព្រំដែន​១០៣ មាន​ឆន្ទៈ​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំងនោះ គឺ​ពួកគេ​មិនអាច​រត់គេចខ្លួន​ចូល​ទឹកដី​យួន​ត្រង់ចំណុច​វេ​តិ​បានឡើយ​។

​នៅក្នុងពេល​ឃាត់​បាន​ត្រាក់ទ័រ​របស់​ជនជាតិ​យួន​៥​គ្រឿង​នោះ គឺមាន​៤​គ្រឿង​ដឹកឈើ​ហ៊ុ​ប​មូល ឈើ​ឡាំង​ជ្រុង​ចំនួន​៣០​កំណាត់ ដែលជា​ប្រភេទ​ឈើ​ស្រឡៅ សុ​ក្រំ ផ្ចឹក ហើយ​១​គ្រឿង​ទៀត​មាន​រ៉ឺម៉ក​សណ្ដោង ប៉ុន្តែ​អត់​មាន​ដឹកឈើ​ទេ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​កត់សម្គាល់ថា នេះ​ជា​លើក​ទី​១​ដែល​សមត្ថ​កិច្ចការពា​រ​ព្រៃឈើ​និង​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​១០៣​ប៉ុស្តិ៍​ម្រេច អាច​ចាប់​ឃាត់​ត្រាក់ទ័រ​របស់​ជនជាតិ​យួន​៥​គ្រឿង​និង​ឈើ​ជា​វត្ថុតាង ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​គ្មាន​ការជឿជាក់​លើ​វិធានការ​របស់​មន្ត្រី​ការពារ​ព្រៃឈើ​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​នោះទេ ហើយ​ទាល់តែ​មានការ​វែកមុខ​សមត្ថកិច្ច​ដែល​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ ទើប​ប្រជាពលរដ្ឋ​ជឿជាក់​៕

tracter-vn1-281x500 tracter-vn-500x375