កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ទៅ​អបអរ​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កាស៊ីណូ​ឡាក់​គី

បទបញ្ជា​របស់លោក ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កាលពីពេល​ថ្មីៗ​នេះ​ដើម្បី​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​ខេត្ត យកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​បានក្លាយ​ទៅជា​បទបញ្ជា​ឥតន័យ​។ ដោយហេតុថា​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ក្រោយ​ការដឹកនាំ​របស់លោក ជា ដា ដែលជា​មេបញ្ជាការ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត ដែល​បើក​លេង​ខុសច្បាប់​ក្នុង​កាស៊ីណូ​ឡាក់​គី​ក្រុង​ប៉ោយប៉ែត​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ម្ចាស់​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​នោះ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ប៉ោយប៉ែត​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ពួកគាត់​ឃើញ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយក្រុម បាន​បើករថយន្ត​ស៊ី​រ៉ែ​ន​ចូលទៅ​ចត​នៅមុខ​សង្វៀន​បញ្ជល់មាន់​នៅក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី​។ ប៉ុន្តែ​ជាក់ស្តែង​នៅពេល​ឃើញ​បទល្មើស​កើតឡើង​ចំពោះមុខ គឺ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទាំងនោះ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ហើយ​បែរជា​ទៅ​ចាប់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀ​ទៅវិញ​។ ប្រការ​នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ទៅ​អបអរ​សង្វៀន​បញ្ជល់មាន់​នៅក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

មន្ត្រីរាជការ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​មួយចំនួន​បាន​រិះគន់ថា ប្រហែលជា​មេៗ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ទទួលបាន​ប្រយោជន៍​ពី​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​នោះ ទើប​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មិន​បង្ក្រាប​បទល្មើស ហើយ​បែរជា​ជិះ​រថយន្ត​ស៊ី​រ៉ែ​ន​ទៅ​ជួប​អបអរ​យ៉ាង​ត្រេកត្រអាល​ទៅវិញ​។ មន្ត្រីរាជការ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី មាន​បញ្ជល់មាន់​ខ្នាយ​ដែក ក្នុង​មួយគូ​ដាក់​ដើម​ថា​ន់​រាប់ម៉ឺន​ដុល្លារ​ឬ​រាប់លាន​បាត ហើយ​មាន​ល្បែង​បៀ​អាប៉ោង​ទៀតផង​។ បញ្ហា​នេះ​លោក ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​នៅពេលដែល​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ចូលទៅ​អបអរ​សង្វៀន​បញ្ជល់មាន់​ក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី កាលពី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​៕

nak-pm-500x333 a-nak11-500x281 a-nak21-500x375 a-nak1-500x333