អាចម៍ផ្កាយមួយ នឹងហោះកៀក ផែនដីបំផុត នៅថ្ងៃបុណ្យណូអែល

វ៉ាស៊ីតោន៖ អង្គការ NASA បានបញ្ចេញព័ត៌មាន ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយថា អាចម៍ផ្កាយ ឈ្មោះ 2003 SD220 នឹងហោះកៀកផែនដីបំផុត ពុំធ្លាប់មាន នៅថ្ងៃទី២៤ ខែធ្នូ ពេលវេលា នៅអាមេរិក ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៥ ពេលវេលានៅអាស៊ី ដោយមានរយៈតែចម្ងាយ ពីភពផែនដី តែ ៨ លានគីឡូម៉ែត្រប៉ុណ្ណោះ។

យោងតាមវែបសាយវិទ្យាសាស្ត្រសកល ចេញផ្សាយកាលពីថ្ងៃពុធ ថា អាចម៍ ឬ ដុំថ្មអវកាស 2003 SD220 មានប្រវែងរហូតដល់ទៅ ១ គីឡូម៉ែត្រ ដែលវានឹងហោះកៀកផែនដី នៅថ្ងៃ ទី២៤ ខែធ្នូ។ លោក ឡេនស៍ ប៊ែណឺ ដែលជាភ្នាក់ងារណាសា តាមដានសកម្មភាពនេះ បាន ថ្លែងថានៅឆ្នាំ ២០១៨ ខាងមុខនេះ វានឹងហោះកៀកផែនដី កាន់តែខ្លាំងជាងពេលនេះទៀត។

យ៉ាងក៏ដោយ អ្នកវិទ្យាសាស្ត្រ បានអះអាងថា វាជារឿងធម្មតា ដោយមិនបានបង្កការភ័យ ខ្លាចណាមួយសម្រាប់ផែនដីនោះឡើយ ព្រោះនៅ ៣ឆ្នាំទៀត 2003 SD220 នឹងវិលមកកៀក ផែនដីវិញម្តងទៀត នៅក្នុងរយៈចម្ងាយជិតបំផុត ៣ លានគីឡូម៉ែត្រ។ ដោយឡែកនៅឆ្នាំ ២០៧០ ខាងមុន ទើបមានអាចម៍ផ្កាយ ហោះកៀកនឹងផែនដីបំផុត នេះកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា អាចម៍ផ្កាយ ឬ វត្ថុអវកាស គឺជាវត្ថុដ៏គ្រោះថ្នាក់បំផុត សម្រាប់ផែនដី ដែល តម្រូវ ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ បញ្ជាទៅលើ ផ្កាយរណប និង កែវយឺត ធ្វើការតាមដានសកម្មភាព ជាប់ជានិច្ច។ គ្រប់គ្នាលើផែនដី ចងចាំថា សម័យកាលរបស់ ដាយណូស័រ កាលពី ៦៥ លាន ឆ្នាំមុន ត្រូវបានបញ្ចប់ ក្រោមវត្តមានរបស់អាចម៍ផ្កាយនេះឯង៕

អាចម៍ផ្កាយមួយ នឹងហោះកៀក ផែនដីបំផុត នៅថ្ងៃបុណ្យណូអែល