ប៉ុនប៉ងចូល​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ក្នុង​បន្ទប់គ្រូ​ពេទ្យ​ត្រូវ​ចាប់​ខ្លួន​

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឡើង​ទៅ​លើ​អគារ​ជា​ន់ទី​៣ ​ចូល​ទៅ​ក្នុង​បន្ទប់​​អ្នក​គ្រូពេទ្យ​​​​ប៉ុនប៉ង​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ត្រូវ​សន្តិសុខ​តាម​ទាន់​ចាប់​បាន​​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​​​ ​ទើប​ប្រគល់​ឱ្យ​​សមត្ថកិច្ច​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ​។

​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ ហូ​វ ផៅ​វ៉ា​រី ​អាយុ​៥០​ឆ្នាំ ជា​គ្រូពេទ្យនៅ​អគារ​វះកាត់ ស្នាក់​នៅផ្ទះ​លេខ​១Eo សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ជន​ស្ស័​យ​​ឈ្មោះ​ នួន រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិ​ក​ប្រាកដ ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយមាស ឃុំ​សំពង​ជ័យ​ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ប្រពន្ធ​​និង​កូន​៦​នាក់ ​​។

ជនសង្ស័យ​មិន​ទាន់​បាន​លួច​របស់របរ​អ្វី​នៅឡើយ​ទេ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទំនប់​ទឹក​ ដើម្បី​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​ចាត់ការ​តាម​ច្បាប់ ៕