រដ្ឋាភិបាល​សូម៉ាលី ព្រមាន​ចាត់​វិធាន​ក្តៅ​លើ​ប្រជាជន​ដែល​ប្រារព្ធ​ពិធី Christmas

​រដ្ឋាភិបាល​សូ​ម៉ាលី ចេញ​ការព្រមាន​ដោយ​ហាម​មិន​ឲ្យ​ប្រជាជន​ប្រារព្ធ​ពិធីបុណ្យ Christmas និង ចូលឆ្នាំ សកល​នៅ​ថ្ងៃទី​០១ ខែមករា​ខាងមុខនេះ​។ ការហាម​​នេះ ធ្វើឡើង​ដើម្បី​រក្សា​ឲ្យ​បាននូវភាពបរិសុទ្ធនៃ​ទំនៀមទម្លាប់ និង​ជំនឿ​​សាសនា​ឥស្លាម​។

​លោក Mohamed Khayrow ប្រធាន​អគ្គនាយកដ្ឋាន​ទូទៅ​នៃ​កិច្ចការ​សាសនា​សូ​ម៉ាលី  បាន​អះ អាង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ Christmas និង​ចូលឆ្នាំ​សកល គឺ​ផ្ទុយទៅនឹង​វប្ប​ធ៌​ម​ដែលជា​គំរាមកំហែង និង​បំផ្លាញ​ភាព​បរិសុទ្ធ​នៃ​សាសនា​ឥស្លាម​។

​លោក បាន​សង្កត់ធ្ងន់ថា រាល់​សកម្មភាព​ទាំងអស់​ទាក់ទង​នឹង​ពិធី​ទាំងនោះ គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ កើតមាន​នោះទេ ហើយ អាជ្ញាធរ បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុងការ​បង្ក្រាប​រាល់​អ្នក​ដែល​បំពាន នឹង​បំរាម​នេះ​។

​ជាមួយគ្នា លោក Nur Barud Gurhan ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​សាសនា​នៃ​សូ​ម៉ាលី ក៏បាន​ព្រមាន ផងដែរ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ Christmas នឹងធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​ជ្រុលនិយម Al-Shabaab ឆ្លៀតឱកាស ក្នុងការ​វាយប្រហារ​ផងដែរ​។​

​បំរាម​របស់​រដ្ឋ​អាហ្វ្រិក​ដែលមាន​ប្រជាជន​ឥស្លាម​ភាគច្រើន​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​រាជានិយម ព្រុយ​ណេ បានចេញ​ការព្រមាន​ដាក់ពន្ធនាគារ​ចំពោះ​ប្រជាជន​ទាំងឡាយ​ដែល​ប្រារព្ធ​ពិធីបុណ្យ Christmas​ផងដែរ​៕