ក្មេង២នាក់បងប្អូនបង្កើត លង់ទឹកស្រះស្លាប់ នៅស្រុកចំការលើ

កំពង់ចាម៖ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ ជាបងប្អូនបង្កើត បានលង់ទឹកបឹងស្លាប់ កាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ លី សុខឡុង អាយុ១០ឆ្នាំ និងក្មេងស្ត្រីម្នាក់ទៀត ឈ្មោះ លី នីតា អាយុ៧ឆ្នាំ ក្មេងរងគ្រោះទាំងពីរ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងរងគ្រោះទាំងពីរនាក់បងប្អូន  បានដើរតាមជីតា ទៅដាំដំឡូង នៅក្បែរស្រះទឹកនោះ ដែលមានទីតាំងក្រោយសាកលវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែនស្ពឺ ។ លុះខណៈជីតា កំពុងរវល់ដាំដំឡូង ក្មេងទាំងពីរនាក់ បាននាំគ្នាទៅមុជលេងទឹកស្រះ ។ ក្រោយពីបាត់ចៅមិនឃើញ ទើបជីតាដើររក និងមុជទឹករាវរកឃើញចៅទាំងពីរបានលង់ទឹកស្លាប់បាត់ទៅហើយ៕