យុវជន​មួយ​ក្រុម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​សម្រាប់​ជួយ​យុវជន​ខ្លួន​ឯង

លោក ពេជ្រ ស្រស់ ដែល​អះអាង​ថា ជា​ប្រធាន​គណបក្ស​ថ្មី ឈ្មោះ​ថា គណបក្ស​យុវជន​កម្ពុជា (Cambodian Youth Party) ឬ​ហៅ​កាត់​ថា គ.យ.ក ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ធ្នូ​ថា ការ​សម្រេច​បង្កើត​បក្ស​នេះ គឺ​ចង់​ឱ្យ​យុវជន​កម្ពុជា​មាន​បក្ស​ជា​របស់​ខ្លួន​នៅ​សភា។ ម៉្យាង​ទៀត លោក​មិន​ចង់​ឱ្យ​យុវជន​ពឹង​បក្ស​ដទៃ ដែល​មិន​សូវ​យកចិត្ត​ទុក​ដាក់​ដល់​យុវជន ហើយ​បោក​ប្រាស់​យុវជន។

លោក ពេជ្រ ស្រស់ បញ្ជាក់​ទៀត​ថា ទិសដៅ​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​យុវជន​កម្ពុជា មាន​៥​ចំណុច៖

. ពង្រឹង​វិស័យ​អប់រំ និង​សុខាភិបាល​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ

. លើក​កម្ពស់​យុវជន​គ្រប់​កិច្ច​ការងារ​ក្នុង​សង្គម​ជាតិ ព្រមទាំង​ធានា​ឱ្យ​យុវជន​មាន​ការងារ​ធ្វើ ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​សម​តាម​សមត្ថភាព និង​អត្រា​បៀវត្ស​តាម​ទីផ្សារ។ ចំពោះ​យុវជន​ក្រីក្រ​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​យុវជន​កម្ពុជា ផ្ដល់​ប្រាក់​កម្ចី​ដោយ​មិន​យក​ការ​ប្រាក់។

. ស្វែងរក​ទីផ្សារ និង​កំណត់​តម្លៃ​ទីផ្សារ​លក់​ចេញ នៃ​ផលិតផល​កសិកម្ម​ជូន​កសិករ​​តាម​តម្លៃ​ទី​ផ្សារ​ក្នុង​តំបន់។

. ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់​ពី ២៥​ឆ្នាំ ទៅ​៤៥​ឆ្នាំ គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈ​ពេល ៣​ខែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​យុវជន​កម្ពុជា នឹង​ផ្ដល់​ប្រាក់​សង្គ្រោះ​បឋម​ចំនួន ១៦​ម៉ឺន (១៦០.០០០) រៀល​ក្នុង​មួយ​ខែ។

. រៀបចំ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​និយាម​សមរម្យ​ក្នុង​សង្គម​ប្រចាំ​ថ្ងៃ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។