កំណើនសេដ្ឋកិច្ច​ចិន​អាច​នឹង​ថមថយ​នៅ​ឆ្នាំ​2016

ប្រទេស​ចិន ៖ អ្នកជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​បន្ទាប់​ពី​បញ្ចប់​ស​និ្ន​សី​ទ​ស្តី​ពី​កិច្ចការ​សេដ្ឋកិច្ច​កណ្តាល​ប្រចាំឆ្នាំ​ថា ចិន​អាច​បន្ទាប​ទិស​ដៅ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយមក​នៅ​ត្រឹម​៦,៥% ដែល​ឆ្នាំ​នេះ​ស្ថិត​ក្នុង​រង្វង់​៧% ។

បណ្តា​សេដ្ឋវិទូ​ទាំងនោះ​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​សម្របសម្រួល​លើ​គោលនយោបាយ​ឆ្នាំ​សារពើពន្ធ ដែល​រាប់​បញ្ចូល​ការ​កាត់​ពន្ធ​បន្ថែម​ទៀត ក៏​ដូច​ជា​ការ​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ចំណាយ​សង្គម​ដែល​ជា​ឧបករណ៍​គន្លឹះ​សម្រាប់​ជួយ​ទ្រទ្រង់​នូវ​កម្លាំង​ជំរុញ​កំណើន ។

លោក Wang Tao សេដ្ឋវិទូ​ចិន​របស់​ក្រុមហ៊ុន UBS ថ្លែង​ថា ៖ « រដ្ឋាភិបាល​បាន​អនុវត្ត​ជា​ថ្មី​ម្តងទៀត​នៃ​ការ​រក្សា​កំណើន​ក្នុង​ការ​បោះ​ជំហាន​ដែល​សម​ហេតុផល » ។
ចំណែក​លោក Liu Ligang ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ ANZ មាន​ប្រសាសន៍​ថា ៖ « រដ្ឋាភិបាល​នឹង​បង្កើន​អនុ​បាត​នៃ​ឱនភាព​ឆ្នាំ​សារពើពន្ធ និង​រក្សា​ភាព​អាច​បត់បែន​បាន​កាន់តែ​ច្រើន​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​ឆ្នាំ​ក្រោយ​។ ចិន​នឹង​ប្រើប្រាស់​កម្លាំង​ទីផ្សារ​ដើម្បី​បង្កើត​ភាព​រស់​រវើក​នៃ​មូលដ្ឋាន​គ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​ការ​កែទម្រង់ ។ ម្យ៉ាងទៀត រដ្ឋាភិបាល​នឹង​ប្រើប្រាស់​គោលនយោបាយ​សន្តិសុខ​សង្គម​ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​អំណោយផល​ដែល​អាច​ប៉ះពាល់​ដល់​ការ​កែទម្រង់​លើ​សហគមន៍​សង្គម » ។

សន្និសីទ​កិច្ចការ​ប្រចាំឆ្នាំ​នេះ គឺជា​កិច្ចប្រជុំ​កំពូល​មួយ​នៃ​ការ​បង្កើត​សំឡេង​នៃ​ការ​សម្រេចចិត្ត​របស់​ចិន ទៅ​លើ​គោលនយោបាយ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ទីផ្សារ​ដើរតួ​នាទី​កាន់តែ​ធំ​ជាង​មុន ព្រមទាំង​ពង្រឹង​ការ​កែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ។

ថ្នាក់ដឹកនាំ​រូប​នោះ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ផ្សព្វផ្សាយ​កំណើនសេដ្ឋកិច្ច​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​សមត្ថភាព​លើស​នៃ​ផលិតកម្ម​ក្នុង​បណ្តា​ឧស្សាហកម្ម​មួយ​ចំនួន​ផង​ដែរ ។

ផលិតផល​ក្នុងស្រុក​សរុប GDP របស់​ចិន​បាន​កើនឡើង​៦,៩% ពី​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ ដែល​ជា​កម្រិត​យឺត​បំផុត គិត​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ក្នុង​ឆ្នាំ​២០០៩​មក ។ អត្រាកំណើន​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​បី​ត្រីមាស​ដំបូង​ស្ថិត​ក្នុង​កម្រិត​៦,៩% ។

លោក Wang Tao ថ្លែង​ថា ៖ « ការ​ពង្រីក​សារពើពន្ធ ជា​ពិសេស ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ នឹង​នៅ​តែ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​បាន​នូវ​អត្រាកំណើន​ដែល​អាច​ទទួលយក​បាន ។ រីឯ​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​តែ​ប្រុង​ប្រយ័ត្ន​ជាមួយ​មធ្យោបាយ​នៃ​ការ​ជួយ​សម្រួល » ។

ដោយឡែក អ្នក​ស្រាវជ្រាវ​នៃ​ធនាគារកណ្តាល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​កាលពី​ស​ប្តា​ហ៍​មុន​ថា កំណើនសេដ្ឋកិច្ច​របស់​ចិន​នឹង​មាន​សន្ទុះ​យឺត​ក្នុង​អត្រា​៦,៨% នៅ​ឆ្នាំ​ក្រោយ ជាមួយនឹង​អតិផរណា​១,៧% ។ មជ្ឈមណ្ឌល​ព័ត៌មាន​រដ្ឋ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា កំណើន​នេះ​អាច​ស្ថិត​ក្នុង​អត្រា​លើស​ពី​៦,៥% នៅ​ឆ្នាំ​ក្រោយ ។

ក្នុង​ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​កាត់​បន្ថយ​ការ​ព្យាករ​នៃ​កំណើន GDP របស់​ចិន​ក្នុង​ឆ្នាំ​២០១៦ ចាប់ពី​៧% មក​នៅ​ត្រឹម​៦,៧% ៕