តម្លៃ​ប្រេង​នឹង​ធ្លាក់​ថ្លៃ​មក​នៅ​25​ដុល្លារ 20​ដុល្លារ និង​15​ដុល្លារ​ក្នុង​1​បារ៉ែល​ឆ្នាំ​ក្រោយ

បណ្តា​អ្នក​ស្ទង់​មើល​ទីផ្សារ​ប្រេង កំពុង​បញ្ជា​ទិញ​ក្នុង​ជម្រើស​កិច្ចសន្យា​ដែល​នឹង​ទទួល​បាន​ផល​ចំណេញ ប្រសិនបើ​ប្រេង​ឆៅ​ធ្លាក់​ចុះ​មក​នូវ​កម្រិត​ទាប​១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​ក្រោយ ។ សញ្ញា​ថ្មី​នេះ វិនិយោគិន​មួយ​ចំនួន​មាន​ក្តី​រំពឹង​ថា នឹង​មានការ​ចុះថ្លៃ​កាន់តែ​ទាប​ក្នុង​តម្លៃ​ហាងឆេង​ថាមពល ។

ការ​ព្យាករ​នៃ​ដំណើរ​ធ្លាក់​ថ្លៃ​នេះ បាន​កើត​មាន​ឡើង​ស្រប​ពេល​មានការ​បោះបង់​ចោល​នូវ​ការ​កំណត់​ទិន្នផល​ជាក់ស្តែង​របស់​អង្គការ​ប្រេង OPEC, ការ​ប៉ាន់​ប្រមាណ​ទុកជា​មុន​ថា អីុរ៉​ង់​នឹង​វិល​ត្រឡប់​មក​កាន់​ទីផ្សារ​វិញ និង​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​នៃ​ផលិតកម្ម​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ដូច​ជា រុ​ស្ស៊ី​ដែល​បង្កើន​ទស្សនវិស័យ​យូរអង្វែង​ដែល​ធ្វើ​ឲ្យ​ប្រេង​ពិភពលោក​លើស​តម្រូវការ​ផង​ដែរ ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ទំនិញ​របស់​ក្រុមហ៊ុន Gold Sachs Group Inc., លោក Jeffrey Currie ឲ្យ​ដឹង​ថា ៖ « យើង​មើលឃើញ​ពី​ការ​ផ្គត់ផ្គង់​លើស​នៅ​តែ​បន្ត​កើត​មាន​ដដែល​នៅ​ឆ្នាំ​ក្រោយ​នេះ ។ ហានិភ័យ​នៃ​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​មក​នៅ​២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​នឹង​បង្ខំ​ឲ្យ​ផលិតកម្ម​បិទទ្វារ ប្រសិនបើ​បរិយាកាស​ចុះ​ខ្សោយ​នៅ​តែ​បន្ត​បង្ខូច​ដល់​តម្រូវការ​នោះ » ។

យោង​តាម​ទិន្នន័យ​ពី​ការ​ជួញដូរ​ទីផ្សារ​វត្ថុធាតុដើម​ក្រុង​ញូ​វ​យ៉​ក និង West Texas Intermediate បង្ហាញ​ថា ចក្ខុវិស័យ​នៃ​ការ​ធ្លាក់​ចុះ​លើ​តម្លៃ​ប្រេង​បាន​អូស​ទាញ​ចិត្ត​បណ្តា​វិនិយោគិន​នានា​ឲ្យ​ទិញ​តាម​ជម្រើស ដោយ​ផ្តល់​សិទ្ធិ​ដល់​ពួក​គេ​ក្នុង​ការ​លក់​ក្នុង​ហាងឆេង​៣០​ដុល្លារ​, ២៥​ដុល្លារ​, ២០​ដុល្លារ និង​១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​តម្លៃ​គោល​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ជួញដូរ​ថ្មី​ៗ​នេះ ស្មើនឹង​ប្រមាណ​ជា​៣៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។

ទិន្នន័យ​បាន​គ្របដណ្តប់​ត្រឹមតែ​ជម្រើស​នៃ​ការ​ជួញដូរ​ដែល​ដាក់​ចេញ​តាម​រយៈ​ផ្សារ​ហ៊ុន​អា​មេ​រិ​ក ត្រូវ​គេ​សង្កេត​ឃើញ​ថា ជា​ការ​ផ្ទេរសិទ្ធិ​មួយ​សម្រាប់​ទីផ្សារ​ទាំងមូល ហើយ​បរិមាណ​ជួញដូរ​បាន​កើនឡើង​ផង​ដែរ​នៅ​ស​ប្តា​ហ៍​នេះ ស្រប​ពេល​តម្លៃ​ប្រេង​ធ្លាក់​ចុះ ។ វិនិយោគិន​នានា​អាច​ទិញ​ជម្រើស​កិច្ចសន្យា​ជា​លក្ខណៈ​ទ្វេភាគី ក៏​ដូច​ជាទី​ផ្សារ​ស្របច្បាប់​ផង​ដែរ ។

វិនិយោគិន​កំពុង​តែ​បង្កើន​បរិមាណ​ទិញ​ដែល​នឹង​ទទួលផល​ចំណេញ ប្រសិនជា​ហាងឆេង WTI ធ្លាក់​ចុះ​២០​ដុល្លារ​ទៅ​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​ក្រោយ​នេះ ។ចំណែក​​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​បំផុត​នៃ​ជម្រើស​កិច្ចសន្យា​ទិញ ទាំង​ការ​ឡើងថ្លៃ និង​ធ្លាក់​ថ្លៃ​សម្រាប់​ខែធ្នូ ឆ្នាំ​២០១៦ គឺ​ស្មើនឹង​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។

បរិមាណ​នៃ​កិច្ចសន្យា​ដ៏​ប្រសើរ ឬ​កិច្ចសន្យា​បើកចំហ​អត្រា​ការ​ប្រាក់ គឺ​ស្ថិត​ក្រោម​ហាងឆេង​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​បាន​ប្រែប្រួល​កាន់តែ​ទាប ។ ប៉ុន្តែ​កិច្ចសន្យា​បើកចំហ​អត្រា​ការ​ប្រាក់​សម្រាប់​ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ជម្រើស​២៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល គឺ​ជិត​ទ្វេ​មួយ​ជា​ពីរ​កាលពី​ស​ប្តា​ហ៍​មុន ។

វិនិយោគិន​នានា​បាន​ទិញ​តាម​ជម្រើស​ដែល​នឹង​ទទួល​បាន​ផល​ចំណេញ ប្រសិនជា​តម្លៃ​ហាងឆេង​ប្រេង WTI (​គោល​របស់​អា​មេ​រិ​ក​) ធ្លាក់​ចុះ​នៅ​ក្រោម​១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ខែធ្នូ​ឆ្នាំ​ក្រោយ ។

សូម​បញ្ជាក់​ថា តម្លៃ​ហាងឆេង​ប្រេង​គោល​របស់​សហរដ្ឋអាមេរិក WTI កាលពី​ថ្ងៃ​ចន្ទ​នេះ បាន​ធ្លាក់​ចុះ​ក្រោម​៣៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ខិត​ជិត​ក្នុង​កម្រិត​ខ្សោយ​១១​ឆ្នាំ ។ កាលពី​ថ្ងៃ​អង្គារ ប្រេង​សហរដ្ឋអាមេរិក​សម្រាប់​ចែកចាយ​នៅ​ខែកុម្ភៈ ២០១៦ បាន​កើនឡើង​៣៦,២៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។

ចំណែក​ហាងឆេង​គោល​ប្រេង​របស់​អង់គ្លេស Brent បាន​ធ្លាក់​ចុះ​មក​នៅ​៣៦,០៤​ដ​ល្លារ​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​កម្រិត​ទាប​បំផុត​របស់​ខ្លួន គិត​ចាប់តាំងពី​ឆ្នាំ​២០០៤​មក មុន​នឹង​ការ​រើប​ឡើង​មក​នៅ​៣៦,៧២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃ​អង្គារ ៕