ឯកឧត្តម សម រង្ស៊ី ទទួលគ្រឿងឥស្សរិយយស ជាតូបការ ពីសភា

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន ៣០រូប ក្នុងចំណោមតំណាងរាស្ត្រទាំង ៥៥រូប នឹងចូលរូមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសលើកទី ១ ជូនសមាជិក សមាជិការដ្ឋសភានីតិកាលទី ៥ ក្រោមវត្តមានសម្តេច ហេង សំរិន នៅម៉ោង ២ រសៀលថ្ងៃទី ២៤ ធ្នូនេះ។

 បើទោះជាគ្មានវត្តមានប្រធានគណបក្សចូលរួម ទទួលគ្រឿងឥស្សរិយយសនេះក៏ដោយ តែតំណាងរាស្រ្តគណបក្ស៣០រូបទៀត នឹងទៅទទួលគ្រឿងឥស្សរិយយសនេះ។ នេះជាការបញ្ជាក់របស់លោក យឹម សុវណ្ណ ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ថា មូលហេតុដែលមានតែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន ៣០រូប នឹងចូលរួមក្នុងពិធីទទួលយកគ្រឿងឥស្សរិយយសនេះ ដោយសារតែតំណាងរាស្រ្តជាង២០រូបទៀត រវល់បំពេញភារកិច្ចនៅក្រៅប្រទេស និងខ្លះទៀតមានជំងឺ។

ថ្លែងប្រាប់ព័ត៌មានថ្មីៗ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«តាមរបាយការណ៍ដែលខ្ញុំទទួលបាន គឺតំណាងរាស្រ្ត ៣០រូប អាចចូលរួម ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស នៅរសៀលនេះ។ រីឯ តំណាងរាស្រ្ត ផ្សេង មានរវល់ភារកិច្ច បេសកកម្មការងារ ដូច្នេះពួកគាត់ពុំអាចចូលរួមទេ»។

ទោះជាឯកឧត្តម សម រង្ស៊ី កំពុងជាប់ឈ្មោះជា ទណ្ឌិត ក៏ដោយ តែឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ទទួលបានគ្រឿងឥស្សរិយយស ជាតូបការ ដូចសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។នេះបើតាមលិខិតត្រាស់បង្គាប់បំពាក់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា តាមឋានានុក្រមដល់ សមាជិក សមាជិកា រដ្ឋសភា នីតិកាលទី៥ លើកទី១ ចំនួន ១២៣រូប  ។

តែយ៉ាងណាគ្រឿងឥស្សរិយយស ជាតូបកា របស់ឯកឧត្តម សម រង្ស៊ី  នឹងពុំមានតំណាងរាស្រ្តណាហ៊ានទទួលគ្រឿងឥស្សរិយយសនេះ ជំនួសប្រធានគណបក្សទេ ព្រោះនេះជាគោលការណ៍បក្ស។នេះជាការបញ្ជាក់របស់លោក យឹម សុវណ្ណ ។

ត្រង់ចំណុចនេះលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋសភានឹងរក្សាទុកគ្រឿងឥស្សរិយយសជូនដល់សមាជិកសភាទាំងអស់រួមទាំង ឯកឧត្តម សម រង្ស៊ី បើទោះជាមិនមានអ្នកទទួលយកជំនួសក៏ដោយ។«រដ្ឋសភានឹងរក្សាទុកគ្រឿងឥស្សរិយយស ជូន ឯកឧត្តម សម រង្ស៊ី ឬក៏ប្រគល់ជូនលោកជំទាវ ជូឡុង សូមូរ៉ា»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យសភា។
 
គួរបញ្ជាក់ថា ការផ្តល់គ្រឿងឥស្សរិយយសដល់សមាជិក សមាជិការដ្ឋសភានេះ គឺអនុវត្តតាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ដែលជាការឆ្លើយតបទៅនឹងគុណបំណាច់របស់សមាជិករដ្ឋសភា ដែលខំបំពេញតួនាទីជូនជាតិ និងប្រជាពលរដ្ឋ៕