សហព័ន្ធ​បាល់ទាត់​កម្ពុជា​ពន្យល់​ហេតុផល ​មិន​លេង Play Off ​រដូវ​កាល​ថ្មី

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ពន្យល់​ហេតុផល ​មិន​លេង Play Off ​រដូវ​កាល​ថ្មី

“ដោយសារ​តែ​ខាង​សហព័ន្ធ​បាន​សិក្សា ក៏​ដូចជា​ពិភាក្សា​ជាមួយ​ក្លិប​ទាំង​អស់​ ទើប​យើង​សម្រេច​ឈប់​លេង Play Off ​ទៀត ព្រោះ​រដូវ​កាល​ថ្មី ​យើង​មាន​ការ​ប្រកួត​ច្រើន​ដែល​អាច​ទាក់ទាញ​ដល់​អ្នក​គាំទ្រ​បាន​ច្រើន ដូច្នេះ​យើង​មិន​ចាំ​បាច់​អី​ទៅ​បង្កើត​ការ​ប្រកួត​ចុង​ក្រោយ​អី​ទៀត​នោះ​ទេ”។ លោក ម៉ៃ តុលា ​ពន្យល់​ហេតុផល​សហព័ន្ធ​មិន​រៀបចំ​លេង Play Off ​ដូច​រដូវ​កាល​មុន។

 

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ពន្យល់​ហេតុផល ​មិន​លេង Play Off ​រដូវ​កាល​ថ្មីលោក ម៉ៃ តុលា ​អគ្កលេខាធិការរង​សហព័ន្ធ​បាល់ទាត់​កម្ពុជា

 

ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​មិញ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា ​លីគ​​លំដាប់​ទី​មួយ​នឹង​មាន​ការ​លេង​ក្រៅ​ដី​ និង​ក្នុង​ដី​ដដែល ប៉ុន្តែ​ផ្លាស់​ប្ដូរ​ត្រង់​ថា​ ឈប់​ឱ្យ​លេង Play Off ​៤​ក្រុម​ចុង​ក្រោយ​ទៀត​ហើយ ពោល​គឺ​លេង​សន្សំ​ពិន្ទុ ​ក្រុម​ណា​បាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​តែ​ម្ដង។ ចំពោះ​ហេតុផល​វិញ គឺ​កាល​ពី​រដូវ​កាល​មុន សហព័ន្ធ​ត្រូវ​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ក៏​ដូចជា​អ្នក​ឧបត្ថម្ភ​ផង​ដែរ​ទើប​សម្រេច​បង្កើត​ការ​ប្រកួត​ Play Off ​ឡើង ប៉ុន្តែ​រដូវ​កាល​ថ្មី​ខាង​មុខ យើង​មាន​ការ​ប្រកួត​ច្រើន ដូច្នេះ​មិន​ចាំ​បាច់​លេង​ក្បួន​នេះ​ទៀត​ទេ។

 

លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៦ ​ខាង​មុខ ​មិន​ទាន់​ប្រាកដ​ថា​ មាន​ក្រុម​ចូល​លេង​១១​ឬ​១២​នៅ​ឡើយ​ទេ ពីព្រោះ​ក្រុម​ Western ​ដែល​ថា ​បញ្ចូល​ជាមួយ Cambodian Tiger ​មិន​ទាន់​បាន​ផ្ដល់​លិខិត​បញ្ជាក់​ឱ្យ​សហព័ន្ធ​នៅ​ឡើយ​ទេ។ ចំពោះ​កីឡាករ​បរទេស​វិញ ​ក្លិប​លេង​នៅ​លីក​កំពូល​កម្ពុជា​មាន​សិទ្ធិ​ដាក់​ឱ្យ​លេង​ចំនួន ៣+១ ​ដែល​មាន​ន័យ​ថា​ អាច​យក​កីឡាករ​បរទេស​ពី​ណា​ក៏​បាន​ឱ្យ​លេង​៤​នាក់ តែ​ត្រូវ​មាន​នៅ​ទ្វីប​អាស៊ី​ម្នាក់។

 

ចំពោះ​ពេល​វេលា​នៃ​ការ​ចាប់​ផ្ដើម​ប្រកួត​រដូវ​កាល​​ថ្មី​វិញ គឺ​អាច​នឹង​ចាប់​ផ្ដើម​ទី​៦​ខែ​កម្ភៈ​ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៦ ហើយ​ការ​ប្រកួត​វិញ​ក្នុង​មួយ​សប្ដាហ៍​ប្រកួត​តែ​ម្ដង​គត់ មិន​ដូច​រដូវ​កាល​មុន​១​សប្ដាហ៍​ប្រកួត​២​ប្រកួត​នោះ​ទេ៕

 

ចំពោះ​ការ​ប្រកួត​វិញ

 

អត្ថបទ៖ មុន្នី រម្យ