រថយន្ត​ដឹក​អ្នកដំណើររេចង្កូតបុក​​​​ម៉ូតូ​ ស្លាប់​ម្នាក់​ ​របួស​ធ្ងន់​​ស្រាល​៤នាក់​ ​​

ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​​រង​របួសធ្ងន់​-ស្រាល៤​នាក់​​​​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​បើក​បុក​ម៉ូតូ​មួយ​គ្រឿងដែល​ចត​ឈប់​នៅ​មុខ​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​ព្រឹក​ថ្ងៃ​ទី២៤​ ធ្នូ ២០១៥ នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៦​ ​ស្ថិត​ក្នុងភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ។

​មន្ត្រី​​​នគរបាល​ស្រុក​​​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ​ ជា ចាន់​ម៉ូ​លី​ដា ភេទ​ប្រុស ​អាយុ​២៩​​ឆ្នាំ​ មាន​ទីលំនៅភូមិ​វត្ត​ថ្មី ​ឃុំ​ព្រែក​ដំបង ​ស្រុក​មុខកំពូល​ ។ ចំណែក​​អ្នក​រង​របួសធ្ងន់-ស្រាល​ទាំង​៤​​នាក់​​ត្រូវ​បាន​គេ​ដឹក​យក​​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​។ រីឯ​អ្នកបើកបរ​រថយន្ត​ ក្រោយ​​កើតហេតុ​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

សមត្ថកិច្ច​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​អា​ស្យា​កូ​ស​ស្មូ​ស ព​ណ៌​សលាយ​ខៀវ ពាក់​​ស្លាក​​លេខ ព​0324-ភព​3 ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុ​ច​កើតហេតុ​ក៏​រេចង្កូត​​ទៅ​​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខភ្នំពេញ1CU-3634 បើកបរ​ដោយ​ឈ្មោះ ​ជា ចាន់​ម៉ូ​លី​ដា​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ និង​​អ្នក​រួម​ដំណើរ​ក្នុង​រថយន្តចំនួន​៤​​នាក់របួសស្រាល ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ដោយ​អ្នក​របួស​ទៅ​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ​អស់ ​។

​​សព​ជន​រង​គ្រោះ ​ត្រូវ​បាន​សមត្ថកិច្ច​​​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ចំណែក​ម៉ូតូ​និង​រថយន្ត​​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ៕ ​