កំពែង​​អង្គរធំ​ភាគ​ឦសាន​ប្រវែង​៨​ម៉ែត្រ ​ត្រូវ​​​អ្នកជំនាញ​ខ្មែរ​ជួសជុល​រួចរាល់ ខណៈ​៣​ផ្ទាំង​​ទៀតនឹង​រួច​​នៅ​​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ

ខេត្តសៀមរាប ​៖​​កំពែង​អង្គរធំ​ភាគ​ឦសាន​ប្រវែង​៨​ម៉ែត្រ​ កម្ពស់​៧​ម៉ែត្រ​កន្លះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ខ្មែរ ធ្វើការ​ជួសជុល​ឡើង​វិញ​រួចរាល់​ហើយ ក្រោយ​ពី​ផ្ទាំង​កំពែង​នេះ និង​៣​ផ្ទាំង​ដទៃ​ទៀត ​បាន​រង​ការបាក់​រលំ​ក្នុង​អំឡុង​ខ្យល់ព្យុះ​កេ​ត​សូ​ណា កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ​ ។

អ្នក​ជំនាញការ​ជួសជុល​កំពែង ​លោក ម៉ៅ សុខ​នី បាន​​បញ្ជាក់​​កាលពី​​រសៀល​ថ្ងៃ​ទី​២២ ​ធ្នូ ​២០១៥​ នេះ​​ថា ក្រោយ​ពី​កំពែង​នេះ​ បាន​ដួល​​រលំ ដោយ​ខ្យល់ព្យុះ​កេ​ត​​សូ​ណា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១​កន្លង​មក ​បាន​ថ្នាក់ដឹកនាំ​នៃ​​អាជ្ញាធរ​ជាតិ​អប្សរាចាត់តាំង​ក្រុម​ជំនាញ​ដើម្បី​សិក្សា និង​ទល់​ទ្រ​ចំណុច​ប្រេះស្រាំ​ដទៃ​ទៀត​ភ្លាម​ៗ ​។ ក្រោយ​ពី​សិក្សា និង​ទល់​ទ្រ​ចំណុច​ប្រេះស្រាំ​ហើយ ការ​ជួសជុល​ក៏​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១៤ ដោយ​ជ្រើសរើស​ជ្រុង​ឦសាន​មុនគេ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ដល់​កូន​ប្រាសាទ​ជ្រុង​ ដែល​នៅ​ក្បែរ​។

ទន្ទឹម​នឹង​នេះ ក្រុមការងារ​ ក៏​បាន​ធ្វើការ​ជួសជុល​ផ្ទាំង​ចំនួន​៣​ដទៃ​ទៀត​ផង​ដែរ តែ​ប្រើប្រាស់​កម្លាំង​កម្មករ​តិច​ជាង​។ លោក សុខ​នី បញ្ជាក់​ថា ការងារ​ជួសជុល​កំពែង​ទាំង​៤​កន្លែង​នេះ មាន​អ្នកជំនាញ​ខ្មែរ​៤​រូប ក្នុង​នោះ អ្នក​បុរាណវិទ្យា​៣​រូប និង​ស្ថាបត្យករ​១​រូប រួម​នឹង​កម្មករ​៧០​នាក់​ផង​។

លោក​បណ្ឌិត លី វ​ណ្ណា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​កំពែង​​អង្គរធំ​ ដែល​មាន​ប្រវែង​សរុប​១២​គីឡូម៉ែត្រ មានការ​ដួល​រលំ​ជាង​២០​កន្លែង ដោយសារ​កត្តា​ផ្សេង​ៗ​ដូច​ជា ការ​ពុក​ផុយ​នៃ​ថ្ម ការ​រំកិល​នៃ​ថ្ម ដី​កណ្តៀរ ការ​ដួល​រលំ​នៃ​ដើមឈើ​ដែល​ដុះ​ពីលើ និង​ដោយសារ​កត្តា​ខ្យល់ព្យុះ​ជាដើម​ ។ បច្ចុប្បន្ន ក្រុម​ជំនាញ​បាន​ធ្វើ​ផែនទី​ហានិភ័យ​​មួយ ដែល​បញ្ជាក់​អំពី​ចំណុច​ពុក​​ផុយ និង​ចំណុច​ដួល​រលំ​ដែល​មាន​ដល់​ទៅ​ជាង​២០​កន្លែង​ ។

ចំណុច​ទាំងនោះ​ មាន​កន្លែង​ខ្លះ​ត្រូវ​ធ្វើការ​ទល់​ទ្រ ជួសជុល​បន្ទាន់ ចំណុច​ខ្លះ​ត្រូវ​ធ្វើការ​ពង្រឹង​បន្ថែម ដើម្បី​បញ្ជៀ​សការ​ដួល​រលំ និង​ចំណុច​ខ្លះ​ទៀត​យើង​អាច​ទុក​ជួសជុល​ស្តារ​ឡើង​វិញ​នៅ​ពេល​ក្រោយ ដោយសារ​វា​បាន​ដួល​រលំ​ដល់​ដី​ស្រេច​បាត់​ទៅ​ហើយ​។​លោក លី វ​ណ្ណា បាន​បញ្ជាក់​ទៀត​ថា និយាយ​ពី​ទិស​ដៅ​ទៅ​ថ្ងៃក្រោយ «​កំពែង​ជុំវិញ​ដែល​បាក់​ហ្នឹង ត្រូវ​ជួសជុល​ឡើង​វិញ តែ​យើង​មិនមែន​ជួសជុល​ម្តង​ទាំងអស់​ទេ​“» ។