ពិធិ​ផ្ទេរ​តំណែង​ប្រធាន​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក ថោ​ង ផូ​សុ​ខាំ​ភូ មេ​គយ​ចាស់​ផ្លាស់​ប្តូរ​ចេញបាន​ដិ​សេ​ធ​ថា​ លោកស្រី ថោ​ង លេង មិន​ពាក់ព័ន្ធ​សាច់ញាតិ​ឡើយ​។ លោក​បាន​លើក​ឡើងបែប​នេះ​ក្នុងពិធី​​ប្រកាស​តែងតាំង​ លោក ឆែរ សុធា​ ប្រធាន​សាខា​គយ ​និង​រដ្ឋា​ករ​ខេត្តឧត្តរមានជ័យ​​ជា​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ ជំនួស​លោក​ថោ​ង ផូ​សុ​ខាំ​ភូ​ ប្រធាន​សាខា​គយ​ និង​រដ្ឋា​ករ​ខេត្ត​បន្ទាយមាន​ជ័យ​ដែល​ផ្លាស់​ប្តូរ​ទៅ​ទទួល​ភារកិច្ច​ជាប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តកំពង់ធំ​ កាល​ពីរសៀល​ថ្ងៃ​ទី​២៣​ ធ្នូ​ ​២០១៥​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

​លោក ថោ​ង ផូ​សុ​ខាំ​ភូ បាន​មាន​ប្រសាសន៍​ថា​ កន្លង​មក​អ្នក​សារព័ត៌មានបាន​ចោទ​លោកស្រី ថោ​ង លេង ជា​អាជីវករ​ក្រុង​ប៉ោយ​ប៉ែ​ត​ថា ត្រូវជា​សាច់ញាតិ គឺ​លោក​បាន​​បដិសេធ​មិន​ពាក់ព័ន្ធ​ឡើយ​ និង​រថយន្ត​តាក់ស៊ី​បង់លុយ​ខែ​ឱ្យលោក​ ក៏​មិនមែនជាការ​ពិតដែរ ​ព្រោះថា​ គឺជា​រថយន្ត​ដោះ​កៅអី​លួច​ដាក់​អីវ៉ាន​គេចពន្ធ និង​មន្ត្រី​គយ​ចល័ត និង​កុងត្រូលជជុះ ព្រោះ​ខេត្ត​ដាក់​ចល័ត​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​។

លោក ឆែរ​ សុធា ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ទើប​ទទួល​ភារកិច្ច​ថ្មី​បាន​មាន​ប្រសាសន៍​ថា ​សង្ឃឹមថា​ អ្នក​សារព័ត៌មាននឹង​យោគ​យល់ ព្រោះ​ការ​ផ្លាស់​ប្តូរ​ភារកិច្ច​មក​ខេត្តបន្ទាយមានជ័យ​ គឺ​ត្រូវ​អនុវត្តន៍​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​គោរព​តាម​តួនាទី​ភារកិច្ច​ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ​ការ​ដាក់​គយ​ចល័ត​ត្រង់​ចំណុច​ផ្លូវ​៥០​ក្រុង​ប៉ោយ​ប៉ែ​ត ​គឺ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​ដាក់​នេះ​គឺ​ដើម្បី​អនុវត្ត​ និង​ចាត់វ​ធាន​ការ​ទប់ស្កាត់​រាល់​ទំនិញគេចពន្ធ​ដែល​លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​។

លោក ហ៊ី​វ គឹ​ម​ហេង​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​តួនាទី​ភារកិច្ច​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​មិន​មែ​ន​មាន​កំហុសទេ ​ជា​ការ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ចំពោះ​មន្ត្រីរាជការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​សូមផ្តាំផ្ញើ​​ដល់​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដែល​ទើប​ទទួល​ភារកិច្ច​ថ្មី​ត្រូវ​ចេះ​សហការ​គ្នា​ឱ្យល្អជា​មួយ​អាជ្ញាធរ​ និង​មន្ត្រី​ស្ថាប័ន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ដើម្បី​រក​ចំណូល​ពន្ធ​ចូល​រដ្ឋ​ ហើយ​មិន​ត្រូវ​គឹ​ត​ពី​ប្រយោជន៍​ផ្ទាល់​ទេ ត្រូវគិ​ត​ពី​ប្រយោជន៍​រួម​ គឺ​ធ្វើ​ការងារ​ដើម្បី​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិឱ្យ​មានការ​រីក​ចម្រើន​អភិវឌ្ឍន៍​គ្រប់​វិស័យ​នៅ​កម្ពុជា​៕​