ដូរ​មេ​គយ​សាខា ខេត្តបន្ទាយមានជ័យ ជាមួយនឹង​ការ​ដៀមដាម ដាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​

បន្ទាយមានជ័យ: មេ​គយ​សាខា​ខេត្តបន្ទាយមានជ័យ ត្រូវ​ប្តូរ​ទៅធ្វើ​មេ​គយ​សាខា ខេត្តកំពង់ធំ ដោយ​ជំនួស​មកវិញ ដោយ​មេ​គយ​សាខា ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
 
​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ នា​ល្ងាច​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥ នា​សាលប្រជុំ "​ក​" សាលាខេត្ត មេ​គយ​ចាស់ ថ្មី អភិបាលខេត្ត និង​អគ្គនាយករង​គយ និង​រដ្ឋាករ បាន​ឆ្លៀត​ប្រើប្រាស់​ឱកាស ឬ​វេទិកា​នោះ វាយប្រហារ វាយបក​លើ​ប្រព័ន្ធ ផ្សព្វផ្សាយ​ទាំងឡាយ ដែល​បាន​យក​ព័​ត័​មាន រូបភាព និង​ផ្សាយ​រិះគន់​បុគ្គល ប្រធាន​សាខា និង​មន្ត្រី​គយ​ក្នុង​ខេត្ត​នេះ កន្លងមក ពាក់ព័ន្ធ​សកម្ម​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​។​
    
​យោង​មន្ត្រីរដ្ឋបាល និង​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​គយ បានអោយដឹងថា​: ស្ថាប័ន​នេះ បាន​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ ទៅជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្តកំពង់ធំ​។ ហើយ​លោក ឆែ សុធា ពី​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មកជា​ប្រធាន​សាខា​នៅ​ខេត្តបន្ទាយមានជ័យ​។​ក៏​ផ្ទេរ​ភារកិច្ច​មន្ត្រី​គយ​២​នាក់​ពី​ច្រកព្រំដែន​តំបន់​អូរ​រំដួល​និង​ច្រក​តំបន់​ព្រំដែន​អន្តរជាតិ​ដូង​ខេត្តបាត់ដំបង​មកជា​ប្រធាន អនុប្រធាន​គយ​នៅ​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​ខេត្ត​នេះដែរ​។​
    
​លោក ថោង សុខាំ​ភូ ប្រធាន​ចាស់​សាខាគយ ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: "​ខ្ញុំ​មក​បំពេញការងារ នៅ​ខេត្តបន្ទាយមានជ័យ អស់​២​ឆ្នាំ​៨​ខែ គឺ​ផ្អែមល្ហែម​តិចតួច តែ​ល្វីង​ជូរចត់​ច្រើន​។ មាន​បាតុកម្ម​កម្មករ​អូស​រទេះ ដែល​រៀបចំ​ដោយ​ជនខិលខូច មិន​ចង់​បង់ពន្ធ​នៅ​ច្រក​ប៉ោយប៉ែត​"​។​
   
​ប៉ុន្តែ​ក្នុង​៣​ឆ្នាំ​មកនេះ លោក សហការី និង​កត្តា​កិច្ចសហការ​ល្អ និង​ពេញបន្ទុក​ពី​អាជ្ញាធរ សមត្ថកិច្ច​អ្នកពាក់ព័ន្ធ បានធ្វើអោយ​ចំណូល​ពន្ធ​គយ​ក្នុង​ខេត្ត កើន​ជា​លំដាប់​។ ឆ្នាំ​២០១២ ចំណូល​គយ​បាន​៧០​លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​២០១៣ បាន​៩២​លាន​ដុល្លារ​។ ឆ្នាំ​២០១៤ បាន​១៤០​លាន​ដុល្លារ និង​១១​ខែ ឆ្នាំ​២០១៥​នេះ បាន ១៥៩ លាន​ដុល្លារ​អាមេរិក​។ ការ​កើន​ចំណូល​ពន្ធគយ​នេះ គឺ​មកពី​កត្តា​រួមផ្សំ រួមមាន​កំណើនសេដ្ឋកិច្ច​ជាទូទៅ ស្ថេរភាព​នយោបាយ និង​កិច្ច​សហការគ្នា​ល្អ​។​
 
​លោក​បាន​និយាយ​បន្តថា​: "​តែ​មុននឹង​ចេញទៅ ខ្ញុំ​សុំ​និយាយ សុំ​ឆ្លើយ​នឹង​សារព័ត៌មាន​ទូទៅ​ថា ខ្ញុំ​ល្បីឈ្មោះ ក្លាយជា​តារា​ក្នុង​កាសែត វេ​ប​សាយ ទូរទស្សន៍ ..​ល្វីង​ជូរចត់​ថា ខ្ញុំ​ពុករលួយ​ខ្លាំង ដាក់​ខែ​ឡាន​តាក់ស៊ី​ដឹកទំនិញ .. ដាក់​កុងត្រូលជជុះ​ខុសច្បាប់​.. អោយ​ប្អូនស្រី​ឈ្មោះ ថោង ឡេង ជ្រែ កាង​ទំនិញ​មិន​បង់ពន្ធ​។​ល​។ "​។​
   
​លោក​បាន​និយាយ​បន្តថាៈ "​ការរិះគន់​វាយប្រហារ​ខ្ញុំ នោះ មិន​ត្រឹមត្រូវ​សោះ​។ គួរ​ថា ខ្ញុំ​ជា​ប្រតិបត្តិ​ករ​ម្នាក់ ដែល​ចូលរួម​ខិតខំ​អោយ​កើន​ចំណូល​គយ ជូន​រដ្ឋ​ផង​"​។​

​ចំណែក​លោក ឆែ សុធា ប្រធាន​សាខា​ថ្មី ទន្ទឹមនឹង​ប្តេជ្ញាចិត្ត បំពេញការងារ​ជំនាញ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ ក៏​ឆ្លៀត​ប្រើ​ពិធី​នេះ វាយបក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំងឡាយ​ដែលថា លោក​នឹង​ប្រាកដជា​ក្លាយ ជា​មុខសញ្ញា ជាតា​រា ត្រូវគេ​រិះគន់ ក្នុង​កាសែត​ទាំងឡាយ ដូច​លោក ថោង សុខាំ​ភូ ដែរ​ជាមិនខាន​។ តែ​លោក​សុំ​ថា បើ​រិះគន់​បែប​ស្ថាបនា បែប​អោយ​ជាតិ​ចម្រើន លោក​រីករាយ​។​
   
​បន្ថែម​និង​បន្ទរ​លើ​នេះ លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​និយាយ​សរសើរ ទទួលស្គាល់​ស្នាដៃ របស់លោក​ប្រធាន​សាខាគយ​ចាស់ ដែល​ត្រូវ​ផ្លាស់ប្តូរ លោក​ក៏បាន​រិះគន់ ដល់​សារព័ត៌មាន ដោយសារ​ករណី​កុងត្រូល​គយ គឺ​លោក​បាន​ស៊ី​ញ៉េ អោយ​ដាក់​នៅ​គោលដៅ ដើម្បី​បង្កើន​ការរកចំណូល​ពន្ធគយ និង​ទប់ស្កាត់​បទល្មើស​រត់ពន្ធ ហើយ​ឃើញថា ចំណូល​ពន្ធគយ ក៏​កើន​មែន​។​

​លោក ហ៊ី​វ គឹម​ហេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​ណែ​នាំអោយ​មន្ត្រី​គយ បន្ត​ខិតខំ​ការពារ​ខ្សែ​ចង្កេះ យ័ន្ត​របស់ខ្លួន គឺ​ខំ​រក​ចំណូល​ពន្ធគយ អោយបាន​គ្រប់ និង​លើស​ផែនការ​។ ដូច​នៅ​បន្ទាយមានជ័យ ត្រូវ​រក​អោយបាន ១៥ លាន​ដុល្លារ​អាមេរិក ក្នុង​១​ខែ​។ ក្នុងប្រទេស​រក​អោយបាន ១៥០ លាន​ដុល្លារ​អាមេរិក ក្នុង​១​ខែ​។ ព្រោះ​ប្រទេស​យើង​តូច ក្រ ត្រូវ​ពឹង​លើ​ចំណូល​ពន្ធគយ និង​ពន្ធដារ​នេះ និង​ពឹង​មួយទៀត​លើ​ជំនួយ​។​
   
​ចំពោះ​ការផ្លាស់ប្តូ​រលោក ថោង សុខាំ​ភូ នេះ លោក​ហ៊ី​វ គឹម​ហេង បាន​និយាយ​ការពារ​ថា​: ជា​រឿង​ធម្មតា មន្ត្រី​ត្រូវ​ផ្លាស់ប្តូរ ដក ឬ​ដាក់​។ លោក​ប្រធាន​សាខា គ្មាន​កំហុស គ្មាន​បញ្ហា​អ្វី​នឹង​ការងារ រក​ចំណូល គ្មាន​ពុករលួយ អ្វី​ដូច​កាសែត ទូរទស្សន៍​ផ្សាយ​នោះទេ​៕V