ទប់​ទាំង​ស្ទឹង​មង្គល​បូរី ទាំង​សិរីសោភ័ណ ដើម្បី​រក្សា​ទឹក​ទុក​ផឹក ប្រើប្រាស់​

បន្ទាយមានជ័យ:  មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ តែ​គ្មាន​មន្ត្រី​ធនធានទឹក បាន​ចុះ​ពិនិត្យ អន្តរាគមន៍ និង​សហការ រក​ដំណោះស្រាយ បន្ទាន់ ជា​បន្ត បន្ទាប់ពី​លើក​ក្តីបារម្ភ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កង្វះ​ទឹក​បរិភោគ និង​ទឹក​ប្រើប្រាស់ នៅក្នុង​ខេត្ត ពិសេស​ស​ចំពោះមុខ គឺ​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ​។​
   
​នៅ​ថ្ងៃត្រង់ ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ ក្នុងនាម​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត និង​មន្ត្រី​អាជ្ញាធរ កងកម្លាំង​មួយចំនួន បាន​ចុះ​ពិនិត្យ វាយតម្លៃ​ស្ថានភាព​ទឹក ក្នុង​ស្ទឹង​មង្គល​បូរី នៅ​ឃុំ​សឿ ចំណោម រហាត់ទឹក បត់​ត្រង់ និង​ឫស្សី​ក្រោក​។ នៅ​ឃុំ​៣​ខាងដើម គឺ​ទើប​មានទឹក​ពាក់កណ្តាល​ពោះ​ស្ទឹង​ឡើងវិញ កាលពី​២-៣​ថ្ងៃ​មកនេះ ដោយសារ​មន្ត្រី និង​អ្នកពាក់ព័ន្ធ បើក​ទំនប់​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ទម្លាក់​ទឹក​មក​។ ឯ​នៅ​សំណង់​ស្ទាក់​ទឹក​ពោធិ៍​២​ដើម ឃុំ​រហាត់ទឹក ត្រូវបាន​បិទទ្វារ​ទឹក​បណ្តោះអាសន្ន មិនអោយ​កសិករ បូមទឹក​ប​ញ្ជូ​ល​ប្រឡាយ​មេ​ពោធិ៍​២​ដើម -​ស្ពាន​ក្រឡ​ទេ ព្រោះ​បរិមាណ​ទឹក កាន់តែ​តិច​ណាស់​ទៅហើយ​។

​ចំណែក​នៅ​ឃុំ​ឫស្សី​ក្រោក ជា​ទីរួមស្រុក​មង្គល​បូរី លោក​លី សារី និង​មន្ត្រី បាន​ជួប​និង​ពិគ្រោះ​យោបល់​នឹង​លោក រស់ សំអាង ម្ចាស់​ក្រុមហ៊ុន​ទឹកស្អាត​មង្គល​បូរី​។ ក្រុមហ៊ុន​នេះ បានស្នើ​សុំ​អាជ្ញាធរ​ដែនដី ទប់​ទំនប់​ស្ទឹង​មង្គល​បូរី​១​កន្លែង ត្រង់​វត្ត​កោះ​កែវ ដើម្បី​រក្សា តម្កល់​ទឹក​ទុក ផលិត​ទឹកស្អាត​ផ្គត់ផ្គង់ ទីរួមស្រុក និង​ឃុំ​បន្ទាយ​នាង ឃុំ​គយ​ម៉ែង​។ ព្រោះថា ទឹកបាន​ស្រក​អស់ ពី​ពោះ​ស្ទឹង​ជិត ១ សប្តាហ៍​មកហើយ ហើយ​សូម្បី​ទឹក​ផ្គត់ផ្គង់ មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ជា​ពេទ្យ​ធំជាងគេ បង្អស់​ក្នុង​ខេត្ត និង​ឃុំ​៣ មាន​មនុស្ស​ជាង ៨ ម៉ឺន​នាក់ រស់នៅ ក៏​ប្រឈម​នឹង​ការ​ដាច់ទឹក​ផឹក និង​ទឹក​ប្រើប្រាស់​ដែរ​។​
   
​មន្ត្រី​អាជ្ញាធរ បាន​និយាយថា​: នេះ​ជា​គ្រាអាសន្ន ហើយ​ត្រូវ​ដោះស្រាយ​បន្ទាន់ ចំពោះមុខ​ជាក់ស្តែង ដោយសារ​ពលរដ្ឋ ជួប​ហានិភ័យ នឹងខ្វះ​ទឹក​យ៉ាងធ្ងន់ធ្ងរ​។ ហេតុនេះ ពួកខ្លួន​និង​ដៃគូ ក៏​សម្រេច​ទប់​ស្ទឹង​មង្គល​បូរី ២​កន្លែង​ទៀត ត្បិត​គ្មាន​មន្ត្រី​ធនធានទឹក​ណា ឈឺឆ្អាល និង​ចូលរួម គឺ​ក្នុង​ឃុំ​ឫស្សី​ក្រោក (​ទីរួមស្រុក​) ១​និង​នៅ​ឃុំ​គយ​ម៉ែង​១​ទៀត​។ ពោលគឺ​បន្ថែម​លើ​សំណង់​ស្ទាក់​ទឹក​ពោធិ៍​២​ដើម និង​សំណង់​ស្ទាក់​ទឹកសំបួរ​។ បញ្ហា​ខ្វះ​ទឹកនឹង​ត្រូវ​ដោះស្រាយ បាន​បណ្តោះអាសន្ន​។​
   
​នៅ​រសៀល​ថ្ងៃ​ដដែល លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​បន្តទៅ​ពិនិត្យ និង​សម្រេច​បញ្ចប់​បណ្តោះអាសន្ន ការដ្ឋាន​ធ្វើ ៣-៤​ថ្ងៃ​មកនេះ គឺ​ទប់​ស្ទឹង​សិរិ​សោភ័ណ នៅ​ចំណុច​តា​ទុង ជាទី​ប្រសព្វ​នៃ​ស្ទឺ​ង​សិរីសោភ័ណ និង​ស្ទឹង​ស្វាយចេក ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រះ​ពន្លា និង​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។ ទំនប់​នេះ ត្រូវ​សង់​ជាបន្ទាន់ តាម​យោបល់​ឯកភាព​ពី លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ​។ ករណី​ទំនប់​ទប់ទឹក​ស្ទឹង​សិរីសោភ័ណ គ្រាអាសន្ន​សម្រាប់​បញ្ចាល់ រក្សា​តម្កល់​ទឹក​ទុក សម្រាប់​ផលិត​ទឹកស្អាត ទឺ​កក​ក​ពិសេស គឺ​ទឹក​ផឹក និង​ទឺ​ក​ប្រើប្រាស់ ក្នុង​ក្រុង​សិរីសោភ័ណ ដែលមាន​មនុស្ស​ជាង ៦ ម៉ឺន​នាក់​នេះ​។​
 
​លោក លី សារី បាន​និយាយថា​: បើ​រង់ចាំ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត ដែល​មិន​ឈឺឆ្អាល មិន​ចូលរួម​នឹង​អាជ្ញាធរ​នោះ តើ​ពេល​ពលរដ្ឋ អត់​ទឺ​ក​ផឹក អត់​ទឹក​ប្រើប្រាស់ តើ​អ្នកណា ទទួលខុសត្រូវ​?​។​
 
​ករណី​បញ្ហា​ប្រឈម​នឹងខ្វះ​ទឹក នៅ​ខេត្តបន្ទាយមានជ័យ​នេះ តាម​ព័​ត៍​មាន​អោយដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​មន្ត្រី​ពាក់ព័ន្ធ នឹង​ចុះ​ពិនិត្យ វាយតម្លៃ និង​រក​វិធី​អន្តរាគមន៍​បង្កា បម្រុង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ នៅ​រសៀល​ថ្ងៃទី​២៤​ធ្នូ​នេះ​៕V