​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ នៅ​ស្រុក​កំរៀង ឃាត់ខ្លួន​មនុស្ស​៣​នាក់​

បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​អង្គការ AIM បាន​បង្ក្រាប​កន្លែង បើក​អាជីវកម្ម​ផ្លូវភេទ សញ្ចារកម្ម​កេងប្រវ័ញ្ច​ផ្លូវភេទ លើ​ស្ត្រី និង​កុមារ ដោយបាន​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​៣នាក់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក ប៉ង់ ចាន់​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

​លោក​វរសេនីយ៍ទោ ប៊​ន់ វណ្ណា​រ៉ា នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​យើង​បាន​ជួយ សង្គ្រោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ ចំនួន ១៣​នាក់ (​អនីតិជន ៦​នាក់​) ក្នុងនោះ​ជនជាតិ វៀតណាម ៩​នាក់ (​អនីតិជន ៥​នាក់​) ព្រមទាំង​ឃាត់ខ្លួន ជនសង្ស័យ​៣​នាក់​​ផងដែរ​។​

​លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ អ៊ិន គង់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។ ទី​២.​ឈ្មោះ អ៊ិន សុភាព ភេទ​ស្រី អាយុ​៣៦​ឆ្នាំ និង​ទី​៣.​ឈ្មោះ សេង ឡិ​ក ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ។ ជនសង្ស័យ​ទាំង​៣ សមត្ថកិច្ច កំពុង​រៀបចំ​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ដោះស្រាយ តាម​នីតិវិធី​ច្បាប់ ៕V​