ក្មេងប្រុស​ស្រី​២​នាក់ តាម​ជីតា​ទៅ​ដាំដំឡូង លង់ទឹក​ស្រះ​ស្លាប់​

កំពង់ចាម: ក្មេងប្រុស​ស្រី​២​នាក់ ជា​បងប្អូន​បង្កើត​និង​គ្នា បាន​លង់​ទឹកស្រះ​ស្លាប់ ខ​ណះ​ដើរ​តាមជីតា​ទៅ​ដាំដំឡូង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បានកើត​​ឡើង​កាលពី​វេលា​មោ់ង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រោយសាកលវិទ្យាល័យ ប៊ុន រ៉ានី​ហ៊ុន សែន​ស្ពឺ ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​។​

 ក្មេងប្រុស​រងគ្រោះ មានឈ្មោះ លី សុខ​ឡុង អាយុ​១០​ឆ្នាំ និង​ក្មេង​ស្ត្រី​ម្នាក់ទៀតឈ្មោះ លី នី​តា អាយុ​៧​ឆ្នាំ ក្មេងរងគ្រោះ​ទាំងពីរ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ ហើយត្រូវជា​បងប្អូន​បង្កើត​និង​គ្នា​។​

 មុនពេល​កើតហេតុ ក្មេងរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន បាន​ដើរ​តាម​ជីតា ទៅ​ដាំដំឡូងនៅក្បែរ​ស្រះ​ទឹក​នោះ ដែលមាន​ទីតាំង​ក្រោយ​សាកលវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែន​ស្ពឺ  លុះ​ខណៈ​ជីតា កំពុង​រវល់​ដាំដំឡូង ក្មេង​ទាំងពីរ​នាក់ បាននាំគ្នា​ទៅមុជ​លេង​ទឹកស្រះ ដោយ​ជីតា​មិនបាន​ចាប់អារម្មណ៍ និង​ភ្លេចខ្លួន​តែ​​មួយ​ភ្លែត ក្រឡេក​មក​បាត់​ចៅ​មិនឃើញ ទើប​ជីតា​ដើររក និង​មុជទឹក​រាវរក​ឃើញ​ចៅ​ទាំងពីរ​បានលង់ទឹក​ក៏​ស្រង់​ឡើងមក​គោក និង​នាំគ្នា​ជួយ​ធ្វើ​ចលនា ក្រែង​​នៅមាន​ជីវិត តែ​ជា​អកុសល់​ក្មេង​ទាំង​២​នាក់​បាន​ស្លាប់​បាត់ទៅហើយ​។​

 ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមក​ពិនិត្យ លើខ្លួន​សាកសព ទាំង​២​ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​អា​លោះ​អាល័យ​បំផុត​៕​