ដើមកំណើត និង​ការវិវត្ត​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​

​គឺ​រយៈពេល​៤៨​ឆ្នាំ​ហើយ ដែល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើតជា​ស្ថាប័ន​មួយ​នៅក្នុង​តំបន់​ដែលមាន​សមាជិក​សរុប​បច្ចុប្បន្ន​១០​ប្រទេស ។ ក្រោម​បាវចនា ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ និង​សហគមន៍​តែមួយ បានធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ បន្ត​វិ​វត្ត​ជា​បន្តបន្ទាប់​។ ហើយ​នៅ​ចុងឆ្នាំ​២០១៥​ខាងមុខនេះ​អាស៊ាន នឹង​ប្រែក្លាយ​ទៅ​សហគមន៍​សេដ្ឋកិច្ច​ដែលជា​សរសរ​ស្តម្ភ​មួយ​នៃ​សរសរ​ស្តម្ភ​ទាំងបី​នៃ​សមាហរណកម្ម​អាស៊ាន​។​

​ដូច​បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឬ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នឹងត្រូវ​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣១​ខែធ្នូ​តទៅ​។ គោល បំណង​ធំ​បួន​នៃ​ដំណើរការ​នេះ គឺ​ប្រែក្លាយ​តំបន់​អាស៊ាន​ឲ្យ​ទៅជា ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​រួម​តែមួយ​, តំបន់​មួយ​ដែលមាន​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ខ្ពស់​, តំបន់​ដែលមាន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​សម​ធ៌​ម និង​តំបន់​សមាហរណកម្ម​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក​។

​យ៉ាងណាក៏ដោយ មុននឹង​ឈានដល់​ការប្រកាស​ដំណើរ​សមាហរណកម្ម​សេដ្ឋកិច្ច​នេះ​បាន អាស៊ាន បាន​ឆ្លងកាត់ និង​វិ​វត្ត​ជាច្រើន​ដំណាក់កាល​។ ខាងក្រោម​នេះ គឺជា​ដើមកំណើត និង​ការវិវត្ត​នៃ​សមាហរណកម្ម​អាស៊ាន​តាំងពី​អាស៊ាន​បាន​បង្កើត​។​

- ឆ្នាំ​១៩៦៧ អាស៊ាន ត្រូវបាន​បង្កើតជា​ផ្លូវការ​
- ឆ្នាំ ១៩៧៧ អាស៊ាន បាន​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្តី​ការរៀបចំ​ការអនុគ្រោះ​លើ​ពាណិជ្ជកម្ម​
- ឆ្នាំ​១៩៩៣ កិច្ចព្រមព្រៀង​ស្តី​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចូល​ជា​ធរមាន​
- ឆ្នាំ​១៩៩៥ អាស៊ាន​ចុះហត្ថលេខា​លើ​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ស្តី​សេវាកម្ម​
- ឆ្នាំ​១៩៩៧ អាស៊ាន សម្រេចបាន​ចក្ខុវិស័យ​២០២០ (​ការ​ប្រែក្លាយ​អាស៊ាន​ជា​តំបន់​សន្តិភាព សេរី និង​អ​ព្យា​ក្រឹត្យ​)
- ឆ្នាំ ២០០៣ កិច្ចព្រមព្រៀង​ក្រុង​បាលី (​ចក្ខុវិស័យ​ក្នុងការ​បង្កើត​សហគមន៍​អាស៊ាន​)
- ខែមករា ឆ្នាំ​២០០៧ អាស៊ាន​ចេញ​សេចក្តីប្រកាស Cebu ស្តីពី​កា​រព​ន្លឿ​ន​ក្នុងការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ពី​ឆ្នាំ​២០២០​មកត្រឹម​ឆ្នាំ​២០១៥វិញ
- ខែវិច្ឆិកា ឆ្នាំ​២០០៧ អាស៊ាន​បង្កើត​ផែនការមេ​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC Blueprint)
- ឆ្នាំ​២០០៨ អាស៊ាន សម្រេចបាន​ធម្មនុញ្ញ​អាស៊ាន​ជា​ផ្លូវការ​
- ឆ្នាំ​២០១០ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​ស្តីពី​ទំនិញ​ចូល​ជា​ធរមាន​
- ឆ្នាំ​២០១២ កិច្ចព្រមព្រៀង​ស្តី​ការវិនិយោគ​គ្រប់​ជ្រុងជ្រោយ​ចូល​ជា​ធរមាន​
- ចុងឆ្នាំ​២០១៥​អាស៊ាន​បង្កើតជា​សហគម​ន៍​សេដ្ឋកិច្ច​ជា​ផ្លូវការ​៕