មេ​ឈ្មួញ ឡេង ចាន់​មុនី មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​ការប្រមូលទិញ​ឈើ​ពី​ស្រុក​កោះ​ញែក ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​

ឧកញ៉ា មុនី ឬ​មេ​ឈ្មួញ ឡេង ចាន់​មុនី ត្រូវបាន​គេ​ដឹងថា ជា​អ្នកប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​ជា​យូរ​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មេ​ឈ្មួញ ឡេង ចាន់​មុនី បាន​ចាត់តាំង​មេការ​ឈ្មោះ ម៉ុក ឲ្យ​បំផុស​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​យកមក​លក់​ឲ្យ​ខ្លួន ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​ផងដែរ​។ ឈើ​ដែល​មេ​ឈ្មួញ ឡេង ចាន់​មុនី ប្រមូល​ទិញ​បាន​នៅក្នុង​ស្រុក​កោះ​ញែក ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​លំផាត់ ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា មេការ​របស់​មេ​ឈ្មួញ ឡេង ចាន់​មុនី បាន​ទិញ​រណារយន្ត​រាប់រយ​គ្រឿង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង​តម្លៃថោកៗ​។ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​កាប់​ឈើ​បាន​ហើយ​មិន​យកមក​លក់​ឲ្យ​ឈ្មោះ ម៉ុក ដែលជា​មេការ​របស់​មេ​ឈ្មួញ ឡេង ចាន់​មុនី ទេនោះ​ប្រាកដជា​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក បង្ក្រាប​ជាមិនខាន​។ លោក ឈួន សិរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ ឡេង ចាន់​មុនី ដើម្បី​ផលប្រយោជន៍​ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​ពេញបន្ទុក​នោះឡើយ​។

សកម្មជន​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ក្នុងស្រុក​កោះ​ញែក ស្ទើរតែ​វិនាស​សាបសូន្យ​អស់​ទៅហើយ​ដោយសារតែ​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​ឃុបឃិត​បើកដៃ​ឲ្យ​មេ​ឈ្មួញ ឡេង ចាន់​មុនី កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​ដែល​ឆ្លងកាត់​ស្រុក​លំផាត់ ស្រុក​បរ​កែវ និង​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី យ៉ាង​ចំហ​តែម្តង​។ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក ឈួន សិរី​វឌ្ឍន៍ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ការ​បើកដៃ​ឲ្យ​មេ​ឈ្មួញ ឡេង ចាន់​មុនី បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទៅលើ​លោក ឈួន សិរី​វឌ្ឍន៍ ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​គឺជា​អ្នក​បើកដៃ​ឲ្យ​ឧកញ៉ា មុនី ឬ​មេ​ឈ្មួញ ឡេង ចាន់​មុនី កាប់​ឈើ​ក្នុងស្រុក​កោះ​ញែក​ស្ទើរតែ​រលត់រលាយ​អស់​ទៅហើយ​៕

7535_4 unnamed-4 unnamed-3