លោក សំ​រ៉ង់ ឌី​វិចិត្រ បើកដៃ​ឲ្យ​ឧកញ៉ា សឹង សំអុល កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច កំពុង​ប្រឈម​នឹង​ការកាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ដាយ​ថា​ង បានក្លាយ​ទៅជា​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅ​ចំណុចកណ្ដាល​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា លោក សំ​រ៉ង់ ឌី​វិចិត្រ ប្រធាន​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ចូល​កាប់​ឈើ​ប្រណីត​ដឹក​ចេញពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។ ឧកញ៉ា សឹង សំអុល ត្រូវបាន​គេ​ដឹងថា កំពុង​សម្រុក​កាប់​ឈើ​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​ការឃុបឃិត​ជាមួយ​លោក សំ​រ៉ង់ ឌី​វិចិត្រ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅជាប់​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក សំ​រ៉ង់ ឌី​វិចិត្រ ទេនោះ​គឺ​ឧកញ៉ា សឹង សំអុល មិនអាច​ចូល​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​បានឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ឧកញ៉ា សឹង សំអុល យកឈ្មោះ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាយ​ថា​ង ធ្វើជា​យីហោ​សម្រាប់​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​ទៅ​លក់​នៅ​ស្រុក​យួន ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​។ ទន្ទឹមនឹងនេះ​ឧកញ៉ា សឹង សំអុល បាន​ប្រើប្រាស់​មេការ​ឈ្មោះ ឃុន ឲ្យ​ធ្វើជា​អ្នករត់​ការសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​បំផុស​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។

ប្រភពព័ត៌មាន​ពី​សកម្មជន​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ឧកញ៉ា សឹង សំអុល និង​បក្ខពួក​បាន​ប្រើ​រណា​យន្ត​រាប់រយ​គ្រឿងក្នុង​ការ​អារ​រំលំ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​មាន​រថយន្ត​បង្កុង​និង​រថយន្ត​កែច្នៃ​រាប់សិប​គ្រឿង​ដឹកឈើ​ទាំងនោះ​ចូល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ដាយ​ថា​ង ដើម្បី​បន្លំ​ថា​ជា​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​។ ការដែល​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច ទើប​ពុំមាន​ការទប់ស្កាត់​ទាល់តែសោះ​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​របស់លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​គឺជា​អ្នក​បើកដៃ​ឲ្យ​ឧកញ៉ា សឹង សំអុល ចូល​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​៕

12434544_938757519551172_1082813114_n