​ក្រុមហ៊ុន​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍ ឃុបឃិត​ជាមួយ​អាជ្ញាធរ​ព័ទ្ធ​យក​ដី​បឹង​នៅ​ស្រុក​បាទី​

​នៅក្នុង​សប្តាហ៍​នេះ លោក អ៊ុក រី អភិបាលស្រុក​បាទី ខេត្តតាកែវ បាន​ថ្លែង​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នៅ​មិនទាន់​ច្បាស់​រឿង​ក្រុមហ៊ុន​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​របង​ព័ទ្ធ​យក​ដី​រដ្ឋ​នៅឡើយ​ទេ​។ តែ​អភិបាលស្រុក​បាទី លោក អុក រី បាន​បញ្ជាក់ថា​ពិតជា​បានទទួល​ពាក្យ​ស្នើរ​សុំ​ពី​ភាគី​ក្រុមហ៊ុន​សុំ​បោះបង្គោល​ព្រំ​សម្រាប់​កំណត់​ទីតាំង​ដី​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​។ លោក អ៊ុក រី អភិបាលស្រុក​បាទី បាន​ពន្យល់ថា ចំពោះ​ការស្នើសុំ​របស់​ក្រុមហ៊ុន​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍ ក្នុង​បោះបង្គោល​ព្រំដី​នោះ​លោក​ក៏​មិនទាន់​ហ៊ាន​សម្រេច​ដែរ ហើយ​លោក​នឹង​បញ្ជូន​ពាក្យស្នើសុំ​នោះ ទៅ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​ដើម្បី​ពិចារណា​សម្រេច ។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​បាទី​បាន​រិះគន់ថា ក្រុមហ៊ុន​ឈ្មោះ​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍ ពេលនេះ​កំពុងតែ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​នៅក្នុង​ស្រុក​បាទី និង​ក្រុមមន្ត្រី​មានអំណាច​នៅ​សាលាខេត្ត​តាកែវ​ព័ទ្ធ​យក​ដី​បឹង​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​រយ​ហិកតា​មាន​ទីតាំងនៅ​ចំណុច​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​ដដែល​បាន​ពន្យល់ថា ដី​ក្បែរៗ​ភូមិ​នៅ​ចំណុច​ឃុំ​ពត់​សរ​ដែល​គ្មាន​ប្លង់​នៅឡើយ​ត្រូវបាន​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​នៅពេល​រដូវ​ទឹក​ស្រក​ច្រើន​ឆ្នាំ​មកហើយ តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ខាងលើ​បាន​ទិញ​ដីស្រែ​ទាំងនោះ​ពី​ពលរដ្ឋ​ក្នុងតម្លៃ​សមរម្យ​ហើយ​យក​លេស​ឈានទៅ​បោះបង្គោល​ព័ទ្ធ​យក​ដី​បឹង​ទាំងមូល​តែម្ដង​។​

គួរបញ្ជាក់​ថា​ដី​បឹង​ទំនាស់​ស្ថិតនៅ​ចំណុច​ទំនប់​មា​ឃុន អ្នកតា​ទ្រព្យ​ឃ្លាំង និង​ចំណុច​ហង្ស​ខ្លា ស្ថិតក្នុង​ស្រុក​បាទី​ជា​តំបន់​សំរាប់​ត្រី​ពង​កូន​។ ប្រជាពលរដ្ឋ​ស្រុក​បាទី បាន​រៀបរាប់ថា​ដី​តំបន់​ខាងលើ​ពេលនេះ​បាននិងកំពុង​ត្រូវបាន​ក្រុមហ៊ុន​បោះបង្គោល​ព័ទ្ធ​យក តាមរយៈ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ ហើយ​បញ្ហា​នេះ​បើ​មិនមាន​ការដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ទេនោះ ទ្រព្យសម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នឹង​បាត់បង់​មិន​ខាន​៕

២(8)