ពលរដ្ឋ​២៦​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​អាជ្ញាធរ​ថា​មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​នេះ​ថា មិន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួក​គាត់​រស់នៅ​ស្រប​ច្បាប់​នោះ​ទេ។ អ្នក​ភូមិ​បញ្ជាក់​ថា អាជ្ញាធរ​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​នេះ អាច​ជា​ការ​ខឹងសម្បា ដោយសារ​ពួក​គាត់​មិន​លក់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ត្រូពីកាណា (Tropigana) នា​ពេល​កន្លង​ទៅ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​អាជ្ញាធរ​ក្រុង​នេះ​ថា ជា​សកម្មភាព​មួយ​ក្នុង​បំណង​មិន​ល្អ ដែល​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ហេង ដា រស់នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ថា ពួក​គាត់​ចំនួន ២៦​គ្រួសារ បាន​តាំង​ទីលំនៅ​លើ​ដី​ទំហំ ១២​ម៉ែត្រ គុណ ៧០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន១ តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​មក។ លោក​អះអាង​ថា កន្លង​ទៅ អតីត​ចៅ​សង្កាត់​ប៉ោយប៉ែត លោក សាន ស៊ានហូ បាន​ចេញ​លិខិត​កាន់​កាប់​ដី​នោះ​ដល់​ពួក​គាត់​រួច​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ និង​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្រុង​ប៉ោយប៉ែត បែរ​ជា​ពុំ​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួក​គាត់​ទៅ​វិញ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ធ្វើ​បែប​នេះ ទំនង​ដោយសារ​ពួក​គាត់​មិន​លក់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ត្រូពីកាណា ដែល​បាន​សុំ​ទិញ​ជាច្រើន​លើក​ច្រើន​សា​មក​នោះ៖ «ចាប់​តាំង​ពី​ចៅហ្វាយ​ក្រុង​ថ្មី​ឡើង​កាន់​តំណែង​មក គាត់​បាន​ឃុបឃិត​គ្នា​អត់​ចេញ​ប្លង់​ដី​ឲ្យ​ពួក​ខ្ញុំ​ទេ ដោយ​លើក​ហេតុផល​ថា ពួក​ខ្ញុំ​រស់នៅ​លើ​ដី​របស់​គេ​ខុស​ច្បាប់»

សាលា​សង្កាត់​ប៉ោយប៉ែត ៦២០
២៣-ធ្នូ-២០១៥៖ សាលា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ RFA/Hum Chamroeun

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុង​ប៉ោយប៉ែត លោក ប្រាក់ ប៉ូលីន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ឲ្យ​សួរ​ទៅ​លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម ទើប​បាន​ដឹង​រឿងរ៉ាវ​នេះ៖ «ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ទេ ទាល់​តែ​បង​ទៅ​ជួប​ជាមួយ​លោក​ប្រធាន​បាន​ដឹង ប៉ុន្តែ​ថ្ងៃ​គាត់​អត់​នៅ​ទេ គាត់​ជាប់​រវល់​ទៅ​ប្រជុំ​នៅ​សាលា​ខេត្ត​បាត់​ហើយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម ក្រុង​ប៉ោយប៉ែត លោក ចូវ សុភឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ធ្នូ។

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែល​បាន​ចុះ​ស៊ើប​អង្កេត​ដល់​ទី​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង ២៦​គ្រួសារ​នោះ បាន​សង់​ផ្ទះ​រស់នៅ​លើ​ដី​នោះ​ប្រមាណ ២០​ឆ្នាំ​មក​ហើយ។ បញ្ហា​នេះ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គួរ​តែ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គាត់ ដើម្បី​រស់នៅ​ស្រប​ច្បាប់៖ «ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​ធ្វើ​ប្លង់​ដី​ពួក​គាត់​បាន ព្រោះ​ថា ផ្ទះ​សម្បែង​នីមួយៗ​ជា​សំណង់​រឹង​អស់​ទៅ​ហើយ មិន​មែន​ជា​សំណង់​អនាធិបតេយ្យ​នោះ​ទេ»

អ្នក​ភូមិ​លើក​ឡើង​ថា ដោយសារ​តែ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត មិន​ចេញ​ប្លង់​ដី​ស្រប​ច្បាប់​ឲ្យ​ពួក​គាត់​អស់​ជាច្រើន​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​ពួក​គាត់​លំបាក​មិន​អាច​យក​ផ្ទះ និង​ដី​នោះ ទៅ​ដាក់​បញ្ចាំ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ខ្ចី​ប្រាក់​ធ្វើ​អាជីវកម្ម​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ឡើយ។

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ មាត្រា​៣០ ចែង​ថា បុគ្គល​ទាំងឡាយ​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិន​មាន​ការ​ជំទាស់​ចាប់​ពី ៥​ឆ្នាំ​យ៉ាង​តិច គិត​មក​ដល់​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ​លើ​អចលវត្ថុ ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​កាន់​កាប់​ជា​ឯកជន មាន​សិទ្ធិ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរ។ ក្នុង​ករណី​មាន​ការ​ជំទាស់​ដល់​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្ថាពរ​នេះ អ្នក​តវ៉ា​ត្រូវ​យក​ភស្តុតាង​មក​បញ្ជាក់​ថា ខ្លួន​ឯង​ផ្ទាល់​បាន​បំពេញ​លក្ខខណ្ឌ​នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិន​មាន​ការ​ជំទាស់​ចាប់​ពី ៥​ឆ្នាំ នៅ​លើ​អចលនវត្ថុ​ដែល​មាន​ទំនាស់ ឬ​យក​ភស្តុតាង​ដែល​ថា ខ្លួន​បាន​ទិញ​អចលនវត្ថុ​នោះ​ពី​ភោគី​ដើម ឬ​ពី​សិទ្ធិវន្ត​ស្រប​ច្បាប់ ឬ​អ្នក​ទទួល​ផ្ទេរ​កម្មសិទ្ធិ ឬ​ពី​សន្តតិ​ជន​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។