កាប់​ភ្ញៀវ​ស្លាប់​ម្នាក់​ផ្អើល​ពេញ​រោងការ​ទាំង​យប់ ​សមត្ថកិច្ច​ថា​ ជា​ករណី​គំនុំ

ខេត្តកំពង់ចាម ៖ ភ្ញៀវ​ទៅ​ចូលរួម​ពិធី​មង្គលការ​ម្នាក់​ឈ្មោះ អ៊ឹម ឌី​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ថ្មី ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ត្រូវ​បាន​ជន​មិន​ពុំ​ស្គាល​អត្តសញ្ញាណលួច​កាប់​ប្រហារ​ពី​ក្រោយ​ត្រូវ​ក្បាល​ និង​បោះដៃផុត​ខាងឆ្វេងរង​របួសធ្ងន់​​ ហើយ​​​បាន​ស្លាប់​ដោយសារ​តែ​ឈាម​ហូរ​ឡើង​ខ្សោះ​ខ្លួន ។ 

ហេតុ​ការ​ណ៍នេះបាន​កើតឡើងកាល​ពី​វេលាម៉ោង​១០​ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣​ ធ្នូ ២០១៥ ស្ថិត​នៅ​ត្រង់​ផ្ទះ​មង្គលការ​មួយ​នៅ​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុកព្រៃឈរ ។

​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី២៤ ធ្នូ​ នេះ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ចាប់​បានជនសង្ស័យ​​ណា​ម្នាក់​នៅឡើយ​ទេ ។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រង​គ្រោះ​បានជិះ​ម៉ូតូ​ចេញពីផ្ទះ​ជាមួយ​មិត្តភក្តិ​២​នាក់ដើម្បី​ទៅ​ចូលរួម​មង្គលការ​មួយ​នៅផ្ទះ​ឈ្មោះ ងួ​ន សាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មឿ​ន រស់ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ក្រូច កាលពី​ល្ងាច​ថ្ងៃ​ទី២៣ ​ធ្នូ រហូត​ដល់​ពេល​យប់បាន​នៅ​រាំ​លេង​កំសាន្ត​ទាំងអស់​គ្នា​។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ លោក​វរ​សេនី​យ៍ទោ កែវ ស៊ា​ង​ហ៊​ន់  ប្រាប់​បន្ត​ទៀត​ថា ស្រប​ដែល​កំពុងតែ​រាំ​លេង​នោះ អ្នក​រង​គ្រោះ​ឈ្មោះ ឌី​ណា បាន​ដើរ​ចេញ​តែ​ម្នាក់ឯង​មក​បត់​ជើង​តូចមាន​ចំងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​វង់​រាំ​ ហើយ​ជា​កន្លែង​ងងឹត ។ 

ពេល​កំពុង​តែ​ឈរ​បត់ជើង​នោះ​បែរជា​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឧ​បករ​ណ៍​រឹងកាប់​ប្រហារ​ត្រូវ​ក្បាល​ និង​បោះដៃផុត​ខាងឆ្វេងជន​រង​គ្រោះ​មិនបាន​ស្រែក​នោះ​ទេ ​គឺ​ហាក់បីដូចជា​បាត់បង់​ស្មារតី ដោយ​បាន​ដើរមក​ឈរ​នៅ​កន្លែង​រាំយកដៃ​ជូត​ឈាម​ បន្ទាប់​មក​ក៏​ដួល​សន្លប់​ទៅ​លើ​ដីទើបប​ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ លុះ​ពេល​ចាប់​ផ្ងា​មើលឃើញ​មាន​ស្នាមកាប់​ត្រូវ​ក្បាល ​រួច​ក៏​បាន​ដឹក​អ្នក​រង​គ្រោះ​តាម​ម៉ូតូ​មក​សង្គ្រោះ​ជា​បន្ទាន់នៅ​មណ្ឌល​សុខភាព ​តែ​ដោយ​សារ​ឈាម​ហូរ​អស់ពី​ខ្លួន​ទៅ​ហើយ​នោះជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង  ។ 

​​អធិការ​នគរបាល​ស្រុក​ព្រៃឈរ លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់  បញ្ជាក់​ថា ក្នុង​ករណី​មនុស្សឃាតខាងលើ​នេះ​ធ្វើ​ឲ្យ​រូប​លោក​ពិបាក​នឹង​តាម​ប្រមាញ់​ជនសង្ស័យ  ព្រោះថា​នៅ​កន្លែង​កើតហេតុ​នោះ​មាន
ភាព​ងងឹត​ ហើយ​មិន​មាន​សាក្សី​ណា​ម្នាក់បានឃើញ​ពី​ហេតុ​ការ​ណ៍នោះ​ទេ ។​

រហូត​មក​ដល់​រសៀលថ្ងៃ​ទី​២៤ ធ្នូ ២០១៥  រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បន្ត​ទៀត តែ​មិន​មាន​តំរុយ​ណា​បន្តិច​ទាល់តែសោះ​ ហើយ​លោកស្នងការ​នគរបាល​ខេត្តក៏​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើ​យ៉ាងណា​តាម​ប្រមាញ់​ឃាតករមក​ផ្តន្ទាទោស​តាម​ច្បាប់ ហើយ​ករណី​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា​ អាច​ជា​ករណី​គំនុំ ៕
                                                                                                              ​