ជន​អីុ​ស្រា​អែ​ល​2​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន

ជនជាតិ​អីុ​ស្រា​អែ​ល​២​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម បន្ទាប់​ពី ការ​វាយប្រហារ​ដោយ​កាំបិត​មួយ​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន ក៏​ប៉ុន្តែ​អ្នក​ស្លាប់​ម្នាក់​ប្រហែលជា​ត្រូវ​គ្រាប់កាំភ្លើង​ផ្លា​តរបស់​ប៉ូលិស ។

ប៉ូលិស​អីុ​ស្រា​អែ​ល​គូសបញ្ជាក់​ថា ជន​អីុ​ស្រា​អែ​ល​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​របួសធ្ងន់​មក​ពី​ការ​ចាក់​នឹង​កាំបិត ហើយ​ជន​អីុ​ស្រា​អែ​ល​ម្នាក់​ទៀត​របួសធ្ងន់​ដោយ​កាំបិត ។ ចំណែក​ជន​វាយប្រហារ​ប៉ា​ឡេ​ស្ទី​ន​២​នាក់​ត្រូវ​បាញ់​ស្លាប់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ប៉ូលិស​អីុ​ស្រា​អែ​ល​និយាយ​ថា ជនជាតិ​អីុ​ស្រា​អែ​ល​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​២​នាក់​របួស​ច្រើន​កន្លែង​ដោយ​កាំបិត ហើយ​ម្នាក់​ទៀត​របួស​ដោយ​គ្រាប់កាំភ្លើង​ប្រហែលជា​គ្រាប់​ផ្លា​ត​ពេល​ប៉ូលិស​បាញ់​លើ​ពួក​អ្នក​វាយប្រហារ ។ បន្តិច​ក្រោយមក​ខាង​មន្ទីរពេទ្យ SHAAREI TZEDEK រាយការណ៍​ពី​ការ​ស្លាប់​របស់​ជន​អីុស្រា​អែ​ល ដែល​របួសធ្ងន់​ដោយ​គ្រាប់កាំភ្លើង​ដែល​អ្នក​ស្លាប់​នោះ​អាយុ​៤៦​ឆ្នាំ​ជា​ឪពុក​នៃ​គ្រួសារ​មួយ ។

មន្ទីរពេទ្យ​មួយទៀត​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម បន្ទាប់​មក​គូស​បញ្ជ​កា់​ថា ជន​ម្នាក់​ក្នុង​ចំណោម​ជន​អីុ​ស្រា​អែ​ល​២​នាក់​រង​របួសធ្ងន់ ដោយ​កាំបិត​ក៏​ត្រូវ​ស្លាប់​ដែរ ។

អ្នក​វាយប្រហារ​២​នាក់​ម្នាក់​អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​២១​ឆ្នាំ មាន​ដើម​កំណើត​នៅ QALANDIA តំបន់​ស៊ី​សហ្ស​ក​ដា​នី ។ ក្នុង​ចំណោម​អ្នក​ទាំង​២ ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ៕