លោក​ស្នងការ​ខេត្តក្រចេះ ៖ ​មន្ត្រីនគរបាល​ចរាចរ​​ត្រូវ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មីឲ្យ​បាន​​ម៉ឺងម៉ាត់

ខេត្តក្រចេះ ៖ ស្រប​ពេល​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​ក​ថ្មី ​នឹង​​​ចាប់​ផ្តើម​​អនុវត្តចាប់​ពី​ថ្ងៃទី១ ខែ​មករា ​ឆ្នាំ​២០១៦ នា​ពេល​​ខាង​មុខ​នេះ លោក​ឧត្តមសេនីយ៍​ត្រី លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​​នគរបាល​ចរាចរ​​ត្រូវ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ប្រកបដោយ​ឥរិយាប​ថ​សមរម្យ ​​​និង​មិន​​​ប៉ះពាល់​សតិ​អារម្មណ៍​ដល់​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឡើយ ។

ថ្លែង​ទៅ​កាន់​មន្ត្រី​នគរបាល​ចរាចរ​​​ទូ​ទាំង​ខេត្ត ក្នុង​កិច្ចប្រជុំ​ណែ​នាំ​អនុវត្ត​ផែនការ ​ស្តី​ពីការ​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​ក​ថ្មី ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ​២០១៥ លោក​ឧត្តមសេនីយ៍​​ត្រី លន់ សុ​ផាត បាន​លើក​ឡើង​ទៀត​ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី មន្ត្រីនគរបាល​ចរាចរ​ជា​អ្នក​អនុវត្ត​ច្បាប់ មិន​ត្រូវធ្វើ​ឱ្យ​មាន​បាតុភាព កំហុសឆ្គង​ខុស​ពី​វិន័យ​កងកម្លាំង​នោះ​ទេ​ ​​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការងារ​តួនាទី​ឲ្យ​បាន​ម៉ឺង​ម៉ាត់ និង​ហ្មត់ចត់ ប្រកបដោយ​វិជ្ជាជីវៈ ​៕​