ឌុ​ម កែវ​ដា​-​ឆាយ មាស​-​ឈិ​ន ក្វា​ន់​ង៉ុ​យ និង​កន ច​ន្ថា ត្រូវការ​ឈ្នះ​ដាច់ខាត

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នេះ ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ដណ្តើម​ពានរង្វាន់​ជើងឯក​«​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​»​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នឹង​ឈាន​ដល់​ជុំ​ទី​២​សម្រាប់​ពូ​ល​A ហើយ ដោយ​ការ​ប្រកួត​នៅ​ក្នុង​ជុំ​នេះ គឺ​សុទ្ធតែ​សំខាន់​សម្រាប់​កីឡាករ​នីមួយ​ៗ ។ យ៉ាងណា​ក៏​ដោយ មាន​តែ​កីឡាករ​ឆាយ មាស និង​ឌុ​ម កែវ​ដា ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​ជាងគេ​សម្រាប់​លទ្ធផល​ឈ្នះ​ចាញ់ ខណៈ​ជើង​ខ្លាំង​ពីរ​រូប​គឺ​ឈិ​ន ក្វា​ន់​ង៉ុ​យ និង​កន ច​ន្ថា ក៏​ត្រូវការ​ឈ្នះ​គ្នា​ដាច់ខាត​ផង​ដែរ ដើម្បី​រក្សា​មុខមាត់ ។

ការ​ប្រកួត​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា ឈាន​ដល់​ដំណាក់កាល​សំខាន់​បន្តិច​ម្ដង​ៗ​សម្រាប់​កីឡាករ​៤​រូប​នៅ​ក្នុង​ពូ​ល​A និង​ពូ​ល​B នេះ នឹង​ក្លាយជា​វគ្គ​កាត់ក្ដី​កាន់តែ​ច្បាស់​ដើម្បី​បញ្ជាក់​ថា​កីឡាករ​រូប​ណា​ឈាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ ជាក់ស្ដែង​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​A នៅ​ល្ងាចខាន​ស្អែក​នោះ គឺ​មាន​តែ​កីឡាករ​ឆាយ មាស  មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្នុង​លទ្ធផល​ប្រទាញប្រទង់​គ្នា ។ អ្នក​ទាំង​ពីរ​នេះ បើ​ឌុ​ម កែវ​ដា ឈ្នះ​នោះ​នឹង​ជិះសេះ​លែងដៃ ប៉ុន្តែ​បើ​ឆាយ មាស ឈ្នះ​នោះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​២​រូប​ទៀត​នៅ​ក្នុង​ពូ​ល​ជាមួយ​ក្លាយជា​មាន​ជំហាន​ខ្ពស់​ក្នុង​ក្ដី​សង្ឃឹម ប៉ុន្តែ​សម្រាប់​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួក​គេ ។

ការ​ប្រកួត​កាលពី​លើក​មុន​កីឡាករ​ឆាយ មាស បរាជ័យ​មួយ​ប្រកួត​មក​ហើយ ដោយ​ទើបតែ​មាន​១​ពិន្ទុ​ក្នុង​ដៃ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ អ៊ីចឹង​ហើយ​ទើប​កីឡាករ​រូប​នេះ មិន​អាច​បណ្ដោយ​ឲ្យ​ចាញ់​ក្នុង​មួយ​ប្រកួត​នេះ​ទៀត​ទេ  ដោយសារ​តែ​ការ​ប្រកួត​ក្នុង​ពូ​ល​តម្រូវ​ឲ្យ​មានការ​ប្រកួត​តែ​៣​លើក ហើយ​បើ​ចាញ់​២​លើក​គឺ​ហាល​អាវ​ដោយ​ស្វ័យប្រវត្តិ ។ កីឡាករ​ឆាយ មាស ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ប្រទាញ​យក​ឱកាស​បោះ​ជំហាន​ទៅ​ដណ្ដើម​ពាន​ជើងឯក និង​ប្រាក់​លាន​នៅ​ក្នុង​ព្រឹត្តិការណ៍ ។

ការ​ប្រកួត​លើក​នេះ ឌុ​ម កែវ​ដា នៅ​តែ​មាន​សង្ឃឹម​ជាង ដោយសារ​តែ​ការ​ប្រកួត​លើក​មុនគេ​ឈ្នះ​គី​ឡាករ​ថៃ​ឈ្មោះ Pich Phanom ហើយ​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ ។ ការ​ប្រកួត​លើក​នេះ ទាំង​អ្នកមាន​ពិន្ទុ​ច្រើន​រួច​ស្រេច និង​អ្នក​ទើប​មាន​ពិន្ទុ​១​ក្នុង​ដៃ​សុទ្ធតែ​សំខាន់​ដូច​គ្នា ដ្បិត​កីឡាករ​ឌុ​ម កែវ​ដា បើ​បណ្ដោយ​ឲ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក គឺ​មិន​ខុស​ពី​ចោល​ឱកាស​សម្រាប់​វគ្គ​ខ្វែង​នោះ​ឡើយ ក្នុង​ពេល​កីឡាករ​មួយគូ​ទៀត​ក៏​ប្រឹង​ដណ្ដើម​គ្នា​យក​ពិន្ទុ​ដើម្បី​ឆ្គង​វគ្គ​ខ្វែង​ពូ​ល​ដូច​គ្នា ។

ឌុ​ម កែវ​ដា និង ឆាយ មាស មិន​ដែល​ប៉ះ​គ្នា​នោះ​ទេ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​លើ​ចំណាត់ថ្នាក់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដែល​មាន​ថ្វៃ​ដៃ​ល្អ​ដូច​គ្នា ។ ឌុ​ម កែវ​ដា ទើប​តែ​មាន​តែម​ជាង​ត្រង់​គេ​បាន​ឈ្នះ​កីឡាករ​ថៃ ហើយ​មាន​៣​ពិន្ទុ​នាំមុខ​មុន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឌុ​ម កែវ​ដា ប៉ះ​ជាមួយ​សេក គឹ​ម​រួន​មុន ក៏​ប្រហែលជា​មាន​លទ្ធផល​បាន​តែ​១​ពិន្ទុ​ដូច​គ្នា​ផង​ដែរ ដោយសារ​តែ​សេក គឹ​ម​រួន មាន​កម្រិត​វាយ​ល្អ​ខ្ពស់​ជាង ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​បើ​ឆាយ មាស ចាញ់ នោះ​ឌុ​ម កែវ​ដា ឡើង​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ចាញ់​នោះ​គឺ​ត្រូវ​ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​កីឡាករ​សេក គឹ​ម​រួន និង​កីឡាករ​ថៃ​សិន​ទើប​អាច​សម្រេច​បាន ។

ក្រុម​អ្នក​ស្នេហា​កីឡាប្រដាល់​បាន​អះអាង​ថា ការ​ប្រកួត​ថ្ងៃស្អែក​កីឡាករ​សេក គឹ​ម​រួន នឹង​ស៊ី​ថៃ​ដូច​គ្នា​នឹង​ឌុ​ម កែវ​ដា អ​ញ្ចឹ​ង​បើ​ឆាយ មាស ឈ្នះ គឺ​មាន​ន័យ​ថា​ឌុ​ម កែវ​ដា នឹង​ប្រឈម​ធ្លាក់​ច្រើន ដោយសារ​តែ​ឆាយ មាស​នៅ​ពេល​ប៉ះ​ថៃ គឺ​ពិតជា​ស៊ី​ថៃ​ដូច​គ្នា​។ សេក គឹ​ម​រួន​បើ​ទោះជា​មាន​តែ​៣​ពិន្ទុ​នៅឡើយ ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​គេ​មាន​ច្រើន ដោយ​ផ្អែក​ថា​កីឡាករ​ថៃ​មាន​កម្រិត​វាយ​មិន​ទាន់​ល្អ​នៅឡើយ ដែល​ពិតជា​ធ្វើ​ឲ្យ​សេក គឹ​ម​រួន​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នៅ​ល្ងាច​ស្អែក លើកលែងតែ​កីឡាករ​រូប​នេះ ភ្លាត់​ឲ្យ​ថៃ​ស៊ី​យក​បាន​៣​ពិន្ទុ​ប៉ុណ្ណោះ ។ ឆាយ មាស បើ​ឈ្នះ​គេ​គ្រាន់តែ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​គឺជា​ការ​ស្រេច ។

ផ្ទុយ​ទៅ​វិញ ឌុ​ម កែវ​ដា បើ​ចាញ់​លើក​នេះ គឺ​មាន​ន័យ​ថា​សម្រាប់​ការ​ប្រកួត​ជាមួយ​សេក គឹ​ម​រួន គឺ​គេ​មិន​អាច​ទៅ​រួច​នោះ​ឡើយ ដោយសារ​តែ​សេក គឹ​ម​រួន ពិតជា​មិន​អាច​បណ្ដោយ​ឲ្យ​ចាញ់ នាំ​ឲ្យ​មាន​ពិន្ទុ​៧​ស្មើគ្នា ហើយ​ត្រូវ​ប្រទាញប្រទង់​ឱកាស​ឡើង​វគ្គ​ខ្វែង​នោះ​ទេ ។ ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា សេក គឹ​ម​រួន ល្ងាច​ខានស្អែក​នឹង​ឈ្នះ​សម្រាប់​ការ​ប្រកួត​លើក​ទី​២ ចំ​ណែ​កឌុម កែវ​ដា និង​ឆាយ មាស បើ​អ្នក​ណា​ចាញ់​លើក​នេះ គឺ​ប្រឈម​ធ្លាក់​ហើយ ទើប​ការ​ប៉ះ​គ្នា​របស់​ពួក​គេ​គឺ​អ្នក​ណា​ក៏​ត្រូវការ​ឈ្នះ ដែល​មាន​ន័យ​ថា​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​គឺ​ពិតជា​ប្រឹង​អស់​សមត្ថភាព ។

គួរ​បញ្ជាក់​ផង​ដែរ​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​នេះ មាន​កីឡាករ​មក​ពី​ក្លិប​ផ្សេង​ៗ​នៅ​កម្ពុជា​ចំនួន​៦​រូប និង​កីឡាករ​ថៃ​មក​ពី​ក្លិប​ផ្សេង​ដូច​គ្នា​ចំនួន​២​រូប ។ អ្នក​ទាំង​៨​ចែក​គ្នា​ជា​៤​នាក់​ក្នុង​មួយ​ពូ​ល ដោយ​កីឡាករ​ថៃ​ម្នាក់​ត្រូវ​ស្ថិត​នៅ​ក្នុង​ពូ​ល​មួយ ។ សម្រាប់​ពូ​ល​A រូ​ម​មាន​ឌុ​ម កែវ​ដា​, Pich Phanom (​ជនជាតិ​ថៃ​) សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​កីឡាករ​ឆាយ មាស ។ សម្រាប់​ពូ​ល​B រួម​មាន​កីឡាករ សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ កីឡាករ Yort Sing ជា​ជនជាតិ​ថៃ កីឡាករ រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ និង​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។

មិន​ខុស​ពី​កីឡាករ​ឆាយ មាស និង​ឌុ​ម កែវ​ដា​នោះ​ដែរ កីឡាករ កន ច​ន្ថា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង​កីឡាករ​ឈិ​ន ក្វា​ន់​ង៉ុ​យ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ឯណេះ​​វិញ ក៏​ត្រូវការ​ឈ្នះ​គ្នា​ដាច់ខាត​ផង​ដែរ នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក​ថ្ងៃអាទិត្យ ទី​២៧ ធ្នូ របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ អ្នក​ទាំង​ពីរ​មិន​ដែល​ប៉ះ​គ្នា​នោះ​ឡើយ ក្រោយ​ពី​បាន​ឈរជើង​ធ្វើ​ជា​កីឡាករ​ល្បីឈ្មោះ​រៀងខ្លួន​។ ឈិ​ន ក្វា​ន់​ង៉ុ​យ មាន​ផ្លែ​ល្អ​ជាង ប៉ុន្តែ​កីឡាករ​រូប​នេះ​ច្រើន​មិនសូវ​ឆ្លាត និង​មិនសូវ​សំបូរ​ល្បិច ទើប​ពិបាក​ព្យាករណ៍​លទ្ធផល​សម្រាប់​គូ​នេះ​។ អ្នកគាំទ្រ​ហាក់​មិនសូវ​ទុកចិត្ត​ឈិ​ន ក្វា​ន់​ង៉ុ​យ​នោះ​ទេ ដោយ​ផ្អែក​ថា​កន ច​ន្ថា មានចិត្ត​តស៊ូ និង​មុត​ស្រួច​ជាង ។

យ៉ាងណាមិញ កីឡាករ​ទាំង​ពីរ​សម្រាប់​អ្នក​ចាញ់​គឺ​នឹង​ត្រូវ​បាក់មុខ​សម្បើម​ណាស់​នៅ​លើ​សង្វៀន ទើប​ទាំង​កន ច​ន្ថា និង​ឈិ​ន ក្វា​ន់​ង៉ុ​យ គឺ​ពិតជា​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​ស្ថេ​រ​ភាព​អាជីព ខណៈ​ដែល​ឈិ​ន ក្វា​ន់​ង៉ុ​យ ហាក់​មាន​ក្រេ​ឌី​ត​ល្អ​ជាង​ត្រង់​កម្ពស់ ។

សម្រាប់​កីឡាករ​ទាំង​៤​រូប​នេះ មាន​តែ​លទ្ធផល​ចុង​ក្រោយ​នៅ​លើ​សង្វៀន​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ​ខានស្អែក​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា​អ្នក​ណា​ទៅ​មុខ ឬ​ថយក្រោយ​ក្នុង​ក្រសែភ្នែក​របស់​អ្នកគាំទ្រ ។ ចាំ​មើល​មើល៍​តើ​ឆាយ មាស យក​បាន​៣​ពិន្ទុ ឬ​ឌុ​ម កែវ​ដា ហើយ​រវាង​ឈិ​ន ក្វា​ន់​ង៉ុ​យ និង​កន ច​ន្ថា ដែល​សុទ្ធតែ​ជា​ជើងល្អ តើ​អ្នក​ណា​ឈ្នះ?