មូលហេតុ នៅ​ពីក្រោយ​កូដកម្ម និង​អំពើហិង្សា នៅ​បាវិត គឺជា​ជម្លោះ​រវាង​ថៅកែ​ចិន និង​ថៅកែ​ជប៉ុន​

ខេត្តស្វាយរៀង: ​តាមពិតទៅ មូលហេតុ​នៅ​ពីក្រោយ​កូដកម្ម​របស់​ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច តាយសេង នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ចាប់តាំងពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ រហូតដល់​ពេលនេះ ត្រូវបាន​គេ​បង្ហើប​ថា កើតឡើង ដោយសារតែ​ជម្លោះ​រវាង​ថៅកែ​រោងចក្រ ចិន និង​ថៅកែ​រោងចក្រ​ជប៉ុន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​នោះ​។​

​នោះ​គឺ​ថៅកែ​រោងចក្រ​ក្រុមហ៊ុន​ជប៉ុន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ តែងតែ​ផ្តល់នូវ​អត្ថប្រយោជន៍​ការងារ និង​ប្រាក់ខែ​ដល់ក​ម្មករ ច្រើនជាង រោងចក្រ​ដទៃទៀត​។ ប្រការនេះ នាំ​ឲ្យ​កម្មករ នៅ​រោងចក្រ​ផ្សេង ក៏​កើត​ការតវ៉ា ទាមទារ​លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍ និង​ប្រាក់ខែ​ពី​ថៅកែ​ចិន ឲ្យ​បាន​ដូចនឹង​រោងចក្រ​របស់​ជប៉ុន​។ រឿងនេះ ក៏​នាំ​ឲ្យ​ថៅកែ​ចិន មានការ​មិន​ពេញ​ចិត្តនឹង​ថៅកែ​រោងចក្រ​ជប៉ុន​នោះ​ផងដែរ​។​

​ដូច្នេះហើយ បានជា​មាន​ករណី​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​របស់​ថៅកែ​ជប៉ុន ដោយ​រំខាន មិន​ឲ្យ​កម្មករ​រោងចក្រ​នោះ ធ្វើការ​ងារ​បាន​។​

​ក្រោយ​ហេតុការណ៍​ដូច្នេះ ថៅកែ​ជប៉ុន បានទាមទារ​រក​ខុសត្រូវ ដោយ​មិន​សម្រួល​ឲ្យ​ជនដៃដល់​រួចខ្លួន​ឡើយ​។

​ជុំវិញ​បញ្ហា​នេះ លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តស្វាយរៀង បាន​រំពឹងថា កម្មករ​រោងចក្រ​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ នៅ​រោងចក្រ​ចំនួន ៤៥ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ នឹង​វិល​ត្រលប់ ចូលធ្វើការ​ឡើងវិញ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​។ ចំណែក​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច ក៏​នៅតែ​ដាក់ពង្រាយ ហើយ​ទប់ស្កាត់​លើ ៤ រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ ដែល​កម្មករ តែងតែ​មិន​ធ្វើការ ហើយ​ចេញទៅ​អុកឡុក នៅ​រោងចក្រ​ដទៃទៀត​។​

​ករណី​កម្មករ​ធ្វើ​កូដកម្ម រហូត​ឈានដល់​អំពើហិង្សា ដោយ​គប់​ដុំថ្ម​លើ​ទ្រព្យសម្បត្តិ​រោងចក្រ និង​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម ជា​បន្តបន្ទាប់​នោះ នាំ​ឲ្យ​ក្រសួង​ការងារ សមាគម​រោងចក្រ​កាត់ដេរ GMAC សហជីព​កម្មករ និង​អង្គការ ILO បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ដោយ​ថ្កោលទោស​អំពើហិង្សា និង​អំពាវនាវ​ឲ្យ​មាន​ការចរចា​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​បញ្ហា​នោះ​។

​រីឯ​ក្រុមកម្មករ អ្នក​តវ៉ា គឺ​មិនមាន​តំណាង​ច្បាស់លាស់​។ ចំ​ណែ​ការទាមទារ ក៏​ធ្វើឡើង​តាម​គ្នា ដោយ​ពួកគេ​អះអាងថា លឺថា ថៅកែ​រោងចក្រ សន្យាថា នឹង​តម្លើង​ប្រាក់ខែ​ដល់ក​ម្មករ ចំនួន ២០ ដុល្លារ ក្នុង​មួយខែ សម្រាប់​ឆ្នាំ​២០១៦ លើ​ប្រាក់ខែ​គោល ឬ​ប្រាក់ខែ​អប្បបរមា ១២៨ ដុល្លារ នៅ​ឆ្នាំ​២០១៥៕​