សម្ដេច ហ៊ុន សែន សម្ដេច ស ខេង និង​ឯកឧត្តម កឹម សុខា អវត្តមាន​ទទួល​គ្រឿង​ឥស្សរិយយស​

​រដ្ឋសភា​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី ១ ជូន​សមាជិក សមាជិកា​រដ្ឋសភា​នីតិកាល​ទី ៥ ក្រោម​វត្តមាន​សម្តេច ហេង សំរិន នៅ​ម៉ោង ២ រសៀល​ថ្ងៃទី ២៤ ធ្នូ​នេះ​។​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី ១ នេះ ពុំមាន​វត្តមាន​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម កឹម សុខា ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​គ្រឿង​ឥស្សរិយយស​នោះទេ ។​

​បើតាម​លិខិត​ត្រាស់បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ឋានានុក្រម​ដល់ សមាជិក សមាជិកា រដ្ឋសភា នីតិកាល​ទី​៥ លើក​ទី​១ ចំនួន ១២៣​រូបនោះ សម្ដេច ហ៊ុន សែន សម្ដេច ស ខេង និង​ឯកឧត្តម កឹម សុខា នឹង​ទទួលបាន​គ្រឿង​ឥស្សរិយយស «​ជា​តូប​ការ​» ខណៈដែល​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក៏​ទទួលបាន​គ្រឿង​ឥស្សរិយយស «​ជា​តូប​ការ​» នេះដែរ​។​

​តែ​យ៉ាងណា​គ្រឿង​ឥស្សរិយយស »​ជា​តូប​ការ​» របស់​ឯកឧត្តម សម រង្ស៊ី  នឹង​ពុំមាន​តំណាងរាស្ត្រ​ណា​ហ៊ាន​ទទួល​គ្រឿង​ឥស្សរិយយស​នេះ ជំនួស​ប្រធាន​គណបក្ស​ទេ ព្រោះនេះ​ជាគោលការណ៍​បក្ស​។​នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ ។​

​នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី ១ នេះ មានតែ​តំណាងរាស្ត្រ​ចំនួន​៧៥​រូប​ប៉ុណ្ណោះ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៥១​រូប និង​មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​២៤​រូប មក​ទទួល​គ្រឿង​ឥស្សរិយយស​នេះ​។​

​គួរ​បញ្ជាក់ថា ការផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក សមាជិកា​រដ្ឋសភា​នេះ គឺ​អនុវត្ត​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ដែលជា​ការឆ្លើយតប​ទៅនឹង​គុណបំណាច់​របស់​សមាជិក​រដ្ឋសភា ដែល​ខំ​បំពេញ​តួនាទី​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​។ ការផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក សមាជិកា​រដ្ឋសភា គឺធ្វើឡើង​ចំនួន​ពីរលើក​ក្នុង​មួយ​អាណត្តិ​៕