អាជ្ញាធរ​អប្សរា​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ជួយ​ទិញ​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​សព្វទស្សន៍​អង្គរ

ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​មួយ​ដែល​ជា​ប្រទេស​កំពុង​តែ​ប្រកាន់​របប​នយោបាយ​កុម្មុយនីស្ត​តឹងរ៉ឹង បាន​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ២៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​សាងសង់​សារមន្ទីរ​មួយ​ឈ្មោះ សព្វទស្សន៍​អង្គរ នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។

សារមន្ទីរ​ដែល​មាន​ពិព័រណ៍​គំនូរ​តាម​បច្ចេកវិទ្យា​ទំនើប ស្រ៊ីឌី (3D) ព្រម​ទាំង​មាន​ចម្លាក់​ផ្សេងៗ​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​ខ្មែរ​តាំង​ពី​សម័យ​អង្គរ រហូត​មក​ដល់​បច្ចុប្បន្ន ទើប​តែ​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ កន្លង​ទៅ។

មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​មួយ​ផ្នែក​លើ​សារមន្ទីរ​របស់​កូរ៉េ​ខាង​ជើង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និស្សិត ព្រម​ទាំង​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ទេសចរណ៍​នានា ជួយ​គាំទ្រ និង​ទិញ​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​សព្វទស្សន៍​អង្គរ ដែល​ទើប​តែ​បើក​ដំណើរ​ការ​រយៈពេល​ជាង​កន្លះ​ខែ​មក​នេះ​ឲ្យ​បាន​ដំណើរ​ការ​ល្អ។

មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ជា​អគ្គនាយក​រង​នៃ​សារមន្ទីរ​សព្វទស្សន៍​អង្គរ គឺ​លោក យិត ចាន់ដារដ្ឋ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​ធ្នូ ថា សារមន្ទីរ​សព្វទស្សន៍​សាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​នេះ គឺ​ជា​សារមន្ទីរ​ពិសេស​មួយ ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​បណ្ដា​ប្រទេស​អាស៊ី​ខាង​កើត​ពុំ​ទាន់​មាន​នៅ​ឡើយ។ សារមន្ទីរ​នេះ មិន​មាន​ដាក់​តាំង​បង្ហាញ​រូប​ចម្លាក់​បុរាណ ឬ​ក៏​សម្បត្តិ​បេតិកភណ្ឌ​អ្វី​ទេ ក៏ប៉ុន្តែ​វា​មាន​រូប​គំនូរ​យ៉ាង​ប្រណីត​តាម​បែប​បច្ចេកវិទ្យា​សម័យ​ថ្មី ដែល​គេ​ហៅ​ថា ស្រ៊ី​ឌី (3D) ខ្នាត​ធំ ព្រម​ទាំង​មាន​ផ្ទាំង​គំនូរ​ថ្នាំ​ពណ៌ និង​ស្នាដៃ​សិល្បៈ​ចម្លាក់​ជាច្រើន​ទាក់ទង​នឹង​សង្គម​ខ្មែរ ទាំង​សម័យ​អង្គរ និង​សម័យ​បច្ចុប្បន្ន រួម​ទាំង​មាន​ការ​បញ្ចាំង​ភាពយន្ត​ស្ដីពី​ការ​កសាង​អង្គរ​ផង៖ «ក្នុង​ដំណាក់​កាល​ដែល​យើង​ទើប​តែ​បើក​សម្ពោធ​នេះ ខ្ញុំ​បាទ​សូម​អំពាវនាវ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់ អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​ដ៏​អស្ចារ្យ​នេះ»

ភាព​អស្ចារ្យ​របស់​សារមន្ទីរ​នេះ ប្រសិន​បើ​អ្នក​ទស្សនា​ចូល​ទៅ​មើល​ឆាក​ពណ៌នា​អំពី​ប៉ាណូរ៉ាម៉ា (Panorama) ជា​គំនូរ​ដែល​និយាយ​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ មាន​ភូមិ មាន​ការ​លក់​ដូរ​ផ្លែ​ឈើ មាន​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត មាន​ការ​ធ្វើ​ចម្បាំង​របស់​កងទ័ព​សម័យ​អង្គរ និង​ការ​កសាង​ប្រាសាទ ជាដើម គឺ​មាន​លក្ខណៈ​ដូចជា​មនុស្ស​រស់​សុទ្ធសាធ ហើយ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អាច​ស្លុង​អារម្មណ៍ និង​ច្រឡំ​ខ្លួន​ឯង​ថា​កំពុង​រស់នៅ​ក្នុង​សម័យ​បុព្វកាល​ទាំង​នោះ​ដែរ។

បុរស​ម្នាក់​ដែល​នាំ​ភរិយា និង​កូន​របស់​គាត់ ២​នាក់​ទៀត ចូល​ទស្សនា​សារមន្ទីរ​នេះ លោក ឈឹម វិវឌ្ឍន៍ មាន​ប្រសាសន៍​ថា លោក​បាន​ចូល​ទស្សនា​សារមន្ទីរ​របស់​កូរ៉េ​ខាង​ជើង​នេះ​ចំនួន ២​លើក​ហើយ។ សារមន្ទីរ​មួយ​នេះ ហាក់​ទាក់ទាញ​អារម្មណ៍​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​នាំ​ប្រពន្ធ និង​កូន​មក​ទស្សនា​ម្ដង​ទៀត៖ «អ្វី​ដែល​ទាក់ទាញ​ខ្ញុំ​ជាង​គេ គឺ​រូប​គំនូរ ដែល​ពិពណ៌នា​អំពី​ការ​កសាង​ប្រាសាទ មើល​ទៅ​រស់​រវើក»

ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង បាន​ចំណាយ​ទឹក​ប្រាក់ ២៤​លាន​ដុល្លារ​អាមេរិក សាងសង់​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នេះ ដោយ​ប្រើ​រយៈពេល​ជាង ៣​ឆ្នាំ។ លោក យិត ចាន់ដារដ្ឋ បញ្ជាក់​ថា សារមន្ទីរ​នេះ គឺ​បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ខ្មែរ ក្នុង​ទម្រង់​កសាង​សហការ ហើយ​និង​ផ្ទេរ​កម្មសិទ្ធិ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ប៊ី.ស៊ី.ធី (BCT) មាន​ន័យ​ថា បន្ទាប់​ពី​កសាង​រួច​រាល់ គឺ​រដ្ឋាភិបាល​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​យ៉ាង​យូរ ១០​ឆ្នាំ ដើម្បី​ប្រមូល​យក​ដើម​ទុន​វិញ បន្ទាប់​មក គឺ​ត្រូវ​ចែក​ហ៊ុន​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​ម្នាក់​ពាក់​កណ្ដាល។

សារមន្ទីរ​នេះ​មាន​ផែនការ​លក់​សំបុត្រ​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​ទស្សនា​ម្នាក់ ៨​ដុល្លារ​អាមេរិក។ រីឯ​ជន​បរទេស គឺ​ម្នាក់ ១៥​ដុល្លារ សម្រាប់​មើល​គំនូរ​ប៉ាណូរ៉ាម៉ា និង ៥​ដុល្លារ សម្រាប់​មើល​ភាពយន្ត។

ទោះ​យ៉ាង​ណា ដោយសារ​ទើប​តែ​បើក​សម្ពោធ សារមន្ទីរ​មាន​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូល​ទស្សនា​បាន​ច្រើន គឺ​គេ​បាន​បញ្ចុះ​តម្លៃ​ពិសេស​ត្រឹម ៥​ដុល្លារ​កន្លះ។ ចំណែក​ព្រះសង្ឃ គឺ​មិន​គិត​លុយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។