មាន​ស្លាក​ដាក់ថា បន្ទប់​ថែទាំ​អ្នកជំងឺ ប៉ុន្តែអត់​មាន​ច្បាប់ទេនៅ​ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ​ពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​ព្រួយបារម្ភ​ជា​ខ្លាំ​ង ខណៈ​បន្ទប់​ថែទាំ​អ្នកជំងឺ​ និង​កន្លែង​លក់​ថ្នាំ​ពេទ្យ​​ជា​ច្រើន​កន្លែង ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹ​ម​ត្រូវ ដោយ​សង្ស័យ​​មានការ​ឃុបឃិត​ជាមួយនឹង​មន្ត្រី​សុខាភិបាល ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ថែទាំអ្នកជំងឺ ​តាម​មូលដ្ឋាន​ទាំង​នោះ អ្នកខ្លះ​គ្មាន​វិជ្ជា​ជីវ​​ត្រឹមត្រូវ គ្មាន​សញ្ញាប​ត្រ​ចេញពី​ក្រសួងសុខាភិបាល បណ្តាល​ឱ្យ​ខ្វះ​ការ​ប្រុង​​​ប្រយ័ត្ន និង​លក់​ថ្នាំ​ជូន​ដល់​ប្រជាពលរដ្ឋ​ពុំ​មាន​ប្រសិទ្ធ​ភាព ដែល​នាំ​ឱ្យ​អ្នកជំងឺ​​ទាំង​ក្មេង​ចាស់​ប្រុស-​ស្រី​មិនជា​សះស្បើយ ពី​ឈឺ​បន្តិ​ចបន្តួច​ឈាន​ទៅ​ដល់​ធ្ងន់ធ្ងរ ។

ពលរដ្ឋ​បានឱ្យ​ដឹង​ថា កន្លែង​ថែទាំ​អ្នកជំងឺ​ទាំងនោះ មាន​ដូច​ជា​នៅ​ភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅមាន​ម្ចាស់​ឈ្មោះសោម សុធា​វី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ និងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​ម្ចាស់ឈ្មោះអ៊ឹម សុភា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ កំពុង​តែ​លក់​ថ្នាំពេទ្យ និង​ព្យាបាល​អ្នកជំងឺ​យ៉ាងច្រើន​​កុះករ ហើយ​​ពុំ​មាន​លិខិត​អនុ​ញ្ញាត​ចេញពី​មន្ទីរ​សុខាភិបាល​ឡើយ ។ 

​ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​សោម សុធា​វី ដែល​ជា​អ្នក​ព្យាបាល​អ្នកជំងឺ​​នៅ​ចំណុច​ក្បែរ​ផ្សារ​សាលា​ក្រៅ ក្នុងភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បានឱ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា គាត់​ទទួលស្គាល់​ថា កន្លែង​របស់​គាត់​គ្មាន​លិខិត​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​មែន ប៉ុន្តែ​គាត់​បាន​បង់លុយ​ទៅ​ឱ្យ​ខាង​មន្ទីរ​សុខាភិបាល ​ដើម្បី​រត់​ឯកសារ​ឱ្យ​គាត់​ជិត​១​ឆ្នាំទៅ​ហើយ ខាង​មន្ទីរ​មិន​ទាន់​ចេញ​លិខិត​អនុញ្ញាត​​​​​ឱ្យ​ទេ ។ ម្យ៉ាងវិញទៀត គាត់​គឺជា​អតីត​ពេទ្យ​ខ្មែរក្រហម ដោយ​គាត់​មាន​ជំនាញ​ច្បាស់លាស់ គាត់ ប្រកប​របរ​នេះ​​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ទេ ។ លោកស្រី​បាន​បន្ត​ទៀត​ថា គាត់​ក៏​ចង់​មានច្បាប់​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ខាង​មន្ទីរ​មិន​ទាន់​ចេញ​លិខិត​ឱ្យ តែ​អភិបាល​រង​ខេត្ត​ថា ​នឹង​ជួយ​សម្របសម្រួល​ឱ្យ​គាត់​ប្រកប​របរ​នេះ​បន្ត​ទៅ​មុខ​ទៀត ។

 ​លោក អ៊ឹម សុភា ជា​អ្នក​ព្យាបាល​អ្នកជំងឺ​នៅ​ក្បែរ​ផ្សារ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំបានឱ្យ​ដឹង​ថា ខាង​លោក​បាន​បើក​កន្លែង​បន្ទប់​ថែទាំ​អ្នកជំងឺ​ជា​យូរ​​ខែ​មក​ហើយ ដោយ​បាន​បង់​ប្រា​ក់​ទៅ​ឱ្យ​ខាង​លោក​សៀ​ក រតនៈ អនុប្រធាន​មន្ទីរ​សុខាភិបាល​ក្នុង​១​ឆ្នាំ​២០០​ដុល្លារ តែ​មិន​ឃើញ​ចេញ​លិខិត​មក​ឱ្យ​លោក ដើម្បី​ដាក់​តាំង​សម្គាល់​ថា មានច្បាប់​ ឬ​អត់​ច្បាប់​នោះ​ឡើយ ។ លោក​នឹង​ទៅ​សួរនាំ​បន្ត​ទៀត បើសិន​ជា​នៅ​ចុងខែ​ធ្នូ​នេះ មិនឃើញ​លិខិត​ធ្លាក់​មក​ពី​មន្ទីរសុខាភិបាល​ខេត្ត​ប៉ៃលិន ។

សូម​​បញ្ជាក់​ថា កន្លែង​បន្ទប់​ព្យាបាល​របស់​គាត់​នេះ គឺ​មាន​អ្នកជម្ងឺ​ក្មេង​ចាស់​ប្រុស​-ស្រី​នាំ​គ្នា​ទៅ​ពិនិត្យ​ និង​ព្យាបាល​ក្នុង​១​ថ្ងៃ​ៗ​រាប់​សិប​នាក់ ខ្លះ​ដាក់​ព្យួរសេរ៉ូម ខ្លះ​ទៀត​សម្រាក​ព្យាបាល​ជំងឺ​​ផ្សេង​ៗ និង​អ្នកខ្លះ​ទៀត​ទៅ​ទិញ​ថ្នាំ​ផ្សំ​ពី​កន្លែង​នោះ​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោកសៀ​ក រតនៈ អនុប្រធាន​មន្ទីរ​សុខាភិបាល​ទទួល​បន្ទុ​ក​ឱសថការីបានឱ្យ​ដឹង​ថា ខាង​លោក​បាន​ដើរ​ប្រាប់​ឱ្យ​​បន្ទប់​ព្យាបាល​ទាំងនោះ​ធ្វើការ​បិទជា​បណ្តើរ​ៗ​ហើយ តែបើ​នៅ​បើក​បន្ត​ទៀត​នៅ​ដើមឆ្នាំ​២០១៦ ​លោក​នឹង​មាន​វិធាន​ការ​ក្តៅ ទៅ​លើ​បញ្ហា​ខាង​លើ​​នេះ ។