បុរស​ភូមា​2​នាក់​ត្រូវ​កាត់ទោស​ប្រហារជីវិត​នៅ​ថៃ​ពី​បទ​សម្លាប់​ជនជាតិ​អង់គ្លេស​2​នាក់

ពលករ​ភូមា​២​នាក់​ដែល​ប្រកែក​ថា ពួក​គេ​ជា​ជន​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ប្រទេស​ថៃ​ពី​បទ​សម្លាប់​ស្ត្រី​អ្នកទេសចរ​អង់គ្លេស​២​នាក់​នៅ​លើ​កោះ​មួយ​កាលពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​សវនាការ​កាត់ទោស​យ៉ាង​ចម្រូងចម្រាស់​មួយ​មក ។

ចៅក្រម​មួយ​រូប​ប្រកាស​សាលក្រម​កាត់ទោស​ថា ជនជាប់ចោទ​ទាំង​២​ជា​អ្នក​ប្រព្រឹត្ត​អំពើ​មនុស្សឃាត ហើយ​ត្រូវ​កាត់ទោស​ប្រហារជីវិត ។ ចៅក្រម​រូប​នេះ​បន្ត​ថា ពួក​គេ​ក៏​ទទួលស្គាល់​ទោស​កំហុស​ចាប់រំលោភ​ផង​ដែរ ។

សាកសព​របស់​នាង DAVID MILLER អាយុ​២៤​ឆ្នាំ និង​នាង HANNAH WITHERIDGE អាយុ​២៣​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ទាំង​កាយ​អាក្រាត​កាលពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៤ លើ​ឆ្នេរ​ខ្សាច់​កោះ​តា​វ ជា​កូន​កោះ​មួយ​នៅ​ភាគ​ខាងត្បូង​ថៃ ។

ពលករ​ភូមា​ទាំង​២​នាក់​នេះ​ត្រូវ​ចាប់ខ្លួន​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក ខណៈ​រឿង​ឃាតកម្ម​នេះ​ត្រូវ​ចុះ​ផ្សាយ​តាម​កាសែត​នានា​ក្នុង​ប្រទេស ។

ក្នុងអំឡុងពេល​ធ្វើ​សវនាការ​កាត់ទោស​មេធាវី​ការពារ​ជនជាប់ចោទ​ទាំង​ពីរ​បាន​តវ៉ា​ចំពោះ​ភស្តុ​តាង​នានា​នៃ​ការ​ធ្វើ​កោសល្យវិច័យ ហើយ​អះអាង​ថា ប៉ូលិស​បាន​ធ្វើ​ទារុណ​កម្ម​ជនជាប់ចោទ​ទាំង​ពីរ ដើម្បី​ឱ្យ​ពួក​គេ​សុខចិត្ត​សារភាព ។ មេធាវី​ការពារ​ប្រកាស​ជា​ពិសេស​ថា NDA ដែល​រក​ឃើញ​លើ​អាវុធ​ពុំ​មែន​ជា NDA របស់​ជនសង្ស័យ​ឡើយ និង​ថា ការ​វិភាគ NDA មានការ​ខុស ។

យោង​តាម​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រឿង​បែប​នេះ​ជា​រឿង​កើត​មាន​ច្រើន​នៅ​ប្រទេស​ថៃ ដែល​នៅ​ទីនោះ​ពលករ​ក្រីក្រ​មក​ពី​បណ្តា​ប្រទេស​ជាប់​ជាតិ​ខាង ហើយ​ពិសេស​មក​ពី​ភូមា តែង​ជាប់ចោទ​ជា​រឿយ​ៗ​ពី​បទឧក្រិដ្ឋ​ក្នុង​ប្រទេស​នេះ ដែល​ប្រព័ន្ធ​តុលាការ​ពុក​រលួយ ។

យោង​តាម​ក្រសួងយុត្តិធម៌​ថៃ​ថា មនុស្ស​៤៥៦​នាក់ បច្ចុប្បន្ន​ជា​អ្នកទោស​ប្រហារជីវិត​នៅ​ថៃ ។ លើក​ចុង​ក្រោយ​ដែល​ថៃ​អនុវត្ត​ទោស​ប្រហារជីវិត គឺ​កាលពី​ឆ្នាំ​២០០៩ ពេល​បុរស​២​នាក់​ទទួលទោស​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​ត្រូវ​ប្រហារជីវិត​ដោយ​ចាក់​ថ្នាំ​មរណៈ ៕