Arsenal​គ្រោង​ដំឡើង​តម្លៃ​ខ្លួន​ប្រចាំ​ស​ប្តា​ហ៍​ថ្នាក់​លេខ​1​ដល់ Ozil

ក្លិប​កាំភ្លើង​ធំ Arsenal បានឱ្យ​ដឹង​ថា ខ្លួន​មាន​បំណង​ដំឡើង​ឋានៈ​ខ្សែបម្រើ​ប្រយុទ្ធ​Mesut Ozil ជា​កីឡាករ​ដែល​មាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ក្លិប ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កុងត្រា​ថ្មី​ពី​កីឡាករ​រូប​នេះ ។

កុងត្រា​ចាស់​របស់​កីឡាករ Ozil នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​ការ​លើកទឹកចិត្ត​ឱ្យ​រូបគេ​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី នឹង​ក្លាយជា​កិច្ចការ​អាទិភាព​មួយ​សម្រាប់​ដើមឆ្នាំ​២០១៦​នេះ​ក្នុង​ខណៈ​ក្រុម Arsenal ព្យាយាម​គេច​ឱ្យ​ផុត​ពី​ភាព​មិន​ច្បាស់លាស់​ចំពោះ​អនាគត​របស់ Ozil ។

តាម​គម្រោង ក្លិប Arsenal នឹង​ផ្តល់​ឱ្យ​Ozil នូវ​តម្លៃ​ខ្លួន ២០៨.៣៦៩​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ខណៈ​ដែល​ខ្សែប្រយុទ្ធ​កំពុង​រង​របួស Alexis Sanchez ទទួល​បាន​១៩៣.៤៥៣​ដុល្លារ​ក្នុង
មួ​យស​ប្តា​ហ៍ ។ ដូច្នេះ តាម​តួលេខ​នេះ នាំ​ឱ្យ​កីឡាករ Ozil ស្ថិត​នៅ​លំដាប់​ទី​១​ក្នុង​ចំណោម​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ប្រចាំ​ក្លិប ។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន កីឡាករ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ វ័យ​២៧​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​៖«​ខ្ញុំ​ត្រឹមតែ​អាច​និយាយ​បាន​ថា ខ្ញុំ​សប្បាយ​ចិត្តនឹង​ការ​ស្នាក់​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ហើយ​ការ​សម្រេចចិត្ត​របស់ខ្ញុំ​ផ្លាស់​ពី​ក្លិប​Real Madrid មក​កាន់​ទី​នេះ​គឺជា​រឿង​ត្រឹមត្រូវ ។ គ្មាន​វេលា​ណាមួយ​ដែល​ថា​ខ្ញុំ​គ្មាន​អារម្មណ៍​អស្ចារ្យ​នៅ​ជាមួយ​ក្រុម Arsenal នោះ​ទេ​» ។

Ozil បាន​ក្លាយជា​កីឡាករ​សំណព្វចិត្ត​របស់​ក្លិប​ក៏​ដូច​ជា​គ្រូបង្វឹក Arsène Wenger បន្ទាប់​ពី​រូបគេ​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​រដូវ​កាល​ជាមួយ​ក្រុម Lyon ។ បន្ទាប់​មក​ទៀត​នៅ​ខែសីហា​អំឡុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី Arsenal ចាញ់​ក្រុម West Ham ក្នុង​លទ្ធផល ២-០ ៕