​តាំង​ពី​​កើត​មាន​​បន​​ល្បែង​​​នៅ​សួន​សត្វ​កោះ​កុង​​មក ករណី​ចោរ​លួច ឆក់ ប្លន់ សមត្ថកិច្ច​​ចាប់​បាន​តែ​ខ្យល់​

ខេត្ត​កោះកុង ៖ ​ចាប់​ពី​ថ្ងៃទី​១ ​​ខែ​វិច្ឆិកា ២០១៥ រហូត​មកដល់​​ពេល​នេះ មាន​រយៈ​ពេល​ជិត​២ខែហើយ ​ដែល​​ល្បែង​បញ្ជល់​មាន់​ និង​ល្បែង​យូគី ចាប់​បើក​ទ្វារ​​ឱ្យ​ភ្ញៀវ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​​ដែល​ភាគ​ច្រើន​ជា​មន្ត្រី​រាជ​ការ និង​អ្នក​ជំនួញ​ចូល​ចាក់​កម្សាន្ត​នៅ​ក្នុង​សួន​សត្វ​​កោះកុង​​​រហូត​មក​ ។ គេ​​សង្កេត​ឃើញមាន​​​ករណី លួច ឆក់​ ប្លន់​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​​ចំណែក​សមត្ថកិច្ច​​​នៅ​តែ​មិន​ទាន់​​បាន​បង្ក្រាប​​ក្រុម​ចោរ​ទាំង​នោះ​​បាន​​ម្នាក់ណា​​នៅ​ឡើយទេ ។​

​ជា​ក់​ស្តែង​ ករណី​ចោរ​គាស់​ផ្ទះ​​​១​​​លើក ឆក់​កាបូប​ ឆក់​ខ្សែ.ក​៥លើក ​ប្លន់​ម៉ូតូ​​២លើក​ ​ករណី​ទាំង​អស់នេះ​បាន​កើត​ឡើង​នៅ​ក្នុង​​ខេមរភូមិ​ន្ទ ​ខេត្ត​កោះ​កុង​ទាំង​អស់ ។​ ករណី​ចុង​​ក្រោយ​ នៅ​យប់​ថ្ងៃទី​២២ ធ្នូ ២០១៥ ​ក្រុម​ចោរ​២នាក់​ ​បានប្លន់យកម៉ូតូ​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ​ពណ៌​ខ្មៅ ​មួយគ្រឿង ពី​អ្នក​រត់ម៉ូតូ​ឌុប​ ដោយប្រើ​ថ្នាំសណ្តំ រួច​ធាក់​ទម្លាក់​ពី​លើម៉ូតូ​តែ​ម្តង ។​ ប៉ុន្តែ​ករណី​​នេះ ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត តាម​ស្ទាក់​ចាប់​បាន​ ខណៈ​ពេល​ក្រុម​ចោរ​កំពុង​​ជម្លៀស​​ម៉ូតូ​ចេញ​ទៅ​ភ្នំពេញ បាន​ចម្ងាយ​ប្រមាណ​៣០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ ។​

ប្រជា​ពលរដ្ឋ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង​ ពេល​ដែល​​ពួក​គាត់​ប្រទះឃើញ​​​អំពើ​លួច ឆក់ ប្លន់ ជា​ញឹក​ញាប់ពេក​នៅ​ក្នុង​ទីរួម​ខេត្ត​ដ៏តូច​មួយ​នេះ ​ពួក​គាត់​បាន​និយាយ​ត្រង់ៗ​ថា ​បន​​ល្បែង​បញ្ជល់​មាន់ និង​ល្បែង​​យូគី ​បាន​បើក​នៅ​ក្នុង​តំបន់​សួន​សត្វ​ ស្ថិត​នៅ​​ក្នុង​ភូមិ​ថ្មីចាំយាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា ប្រវែង​តែ​​មួយ​ចំអាម​​ពី​ទី​រួម​ខេត្ត​ប៉ុណ្ណោះ ​​ហេតុអ្វី​ ក៏​សមត្ថកិច្ច​មិន​ព្រម​ចុះ​បង្ក្រាប ឬ​ក៏​បាន​លាភ​សក្ការៈ​ពី​បន​ល្បែង​​ស៊ីសង​នេះ​ដែរ?

មន្ត្រី​ខ្លះ​បាន​​អះ​អាង​ថា ​បន​ល្បែង​នេះ​មានច្បាប់ ហើយ​ម្ចាស់​បើក​បន​ល្បែង​ខាង​នេះ​ក៏​គេ​ធ្វើ​ការ​នៅ​កន្លែង​ច្បាប់​ទៀត គឺ​​នៅ​ក្នុង​ការិយាល័យ​តំណាង​រាស្ត្រ​កោះកុង ៕