សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ទូទាំង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​តែងតាំង​ថ្មី

​សៀមរាប: នេះ​ជា​លើក​ទី​២​ហើយ ដែល​សមាសភាព​គណៈ​កិត្តិយស និង​សមាសភាព​គណៈកម្មាធិកា​រ អនុសាខា​កាកបាទក្រហមកម្ពុជា ទាំង​១២​ក្រុង​-​ស្រុក ទូទាំង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​តែងតាំង និង​ទទួលស្គាល់​។ លើក​ទី​១ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១១ ។​

​ការបង្ហាញ​សេចក្តីប្រកាស​នេះ គឺ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ក្នុងខណៈដែល​សាលាក្រុង​សៀមរាប ត្រូវបាន​ប្រារព្ធ​ពិធី​ប្រកាស​ឲ្យ​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ទទួល​តំណែង​បន្ថែម​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម ក្រុង​សៀមរាប និង​លោក ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប ទទួល​ជា​ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហម ក្រុង​សៀមរាប រួម​ជាមួយនឹង​ការប្រកាស​តែងតាំង និង​ទទួលស្គាល់ សមាសភាព​អនុប្រធាន និង​សមាជិក​ជាច្រើនរូប​ទៀត​។​
       
​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម ខេត្តសៀមរាប បាន​វាយតម្លៃថា រយ​:​ពេល​ជាង ៤​ឆ្នាំ​កន្លងមកនេះ អនុសាខា​ក្រុង​សៀមរាប បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​មនុស្សធម៌ ពិសេស​ការងារ​ឆ្លើយតប​គ្រោះមហន្តរាយ​បានល្អ​។
​លោក​បាន​បន្តថា បើទោះជា​យ៉ាងនេះ​ក្ដី ស្ថិតក្នុង​អំឡុង​ឆ្នាំ​កន្លង​ទាំងនោះ សមាសភាព​ទាំង​គណ​:​កិត្តិយស និង​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​ក្រុង មានការ​ប្រែប្រួល ដែល​ចាំបាច់​ត្រូវបំពេញ​បន្ថែម​បង្គ្រប់​ចំនួន ដើម្បី​ធានាបាន​ការងារ​ដឹកនាំ​សកម្មភាព ក៏ដូចជា​ប្រតិបត្តិការ​មនុស្សធម៌រ​បស់​អនុសាខា​ឲ្យ​មាន​ដំណើរការ​កាន់តែ​ប្រសើរឡើង ។             
        
​លោក​បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា  ដែលជា​អ្នក​បន្តវេន​ពី​សមាគមជាតិ​កាកបាទក្រហមកម្ពុជា បាន​គោរព និង​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ទាំងនោះ​គឺ​៖ ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​។   

​លោក ក៏បាន​រំលឹក​ដែរ​ថា រយ​:​ពេល​ជាង ៦០​ឆ្នាំ កន្លងមកនេះ កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​បំពេញ​បេសកកម្ម​មនុស្សធម៌​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្នុងអំឡុង​ពេលដែល​ប្រទេសជាតិ​កំពុង​ឆ្លងកាត់​សង្គ្រាម​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ រហូតដល់​បច្ចុប្បន្ននេះ​។​

​ក្នុង​ប្រតិបត្តិការ​ទាំងនោះ កាកបាទក្រហមកម្ពុជា បានផ្ដល់​អំ​ណាយ​មនុស្សធម៌​ដល់​គ្រួសារ និង​ជនរងគ្រោះ និង ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ក៏ដូចជា​ការលើកកម្ពស់​សុខភាព អនាម័យ​ក្នុង​សហគមន៍​ផងដែរ ។ សក្ខីភាព​នេះ បាន​ស្ដែងឡើង​តាមរយ​: ការខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​ទាំង​កម្លាំងកាយ ប្រាជ្ញា​ស្មារតី​ដ៏​ឈ្លាសវៃ​ដែលជា​មគ្គុទ្ទេសក​នៃ​សកម្មភាព​មនុស្សធម៌រ​បស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយតប​មេរោគ​អេដស៍​/​ជំងឺអេដស៍ នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​៕

សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ទូទាំង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​តែងតាំង​ថ្មី

សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ទូទាំង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​តែងតាំង​ថ្មី

សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ទូទាំង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​តែងតាំង​ថ្មី
​រូបភាពៈ សមាសភាព​គណ​កិត្តិយស និង គណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ទូទាំង​ខេត្តសៀមរាប​ត្រូវបាន​ប្រកាស​តែងតាំង​ថ្មី