កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលី


កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលី

ប្រទេស​កម្ពុជា​​ទទួល​បាន «ពាន​រង្វាន់​ប្រាក់ ១ គ្រឿង» ពី​គណៈកម្មការ​រៀបចំ​ពិធី​ពិព័រណ៍​ពិភពលោក និង​ ការិយាល័យ​​ពិព័រណ៍​អន្តរជាតិ (BIE) ឆ្នាំ ២០១៥ នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី។
 

កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលីឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម

 

ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ក្នុង​ពិព័រណ៍ នៅ​អ៊ីតាលី បាន​ឱ្យ​ដឹង​ក្នុង​សន្និសីទកាសែត​ព្រឹកមិញ​ថា ពិព័រណ៍​ពិភពលោក​ឆ្នាំ​ ២០១៥ ​រៀបចំ​ឡើង​​មាន​រយៈ​ពេល ៦ ខែ​ចាប់​ពី​ថ្ងៃ ១ ខែ​ ឧសភា​ ដល់​ថ្ងៃ​ទី ៣១ ខែ ​តុលា ​ឆ្នាំ ​២០១៥ នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី ដោយ​មាន​ការ​សហការ​គាំទ្រ​ ពី​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ BIE និង ​ប្រទេស​សមាជិក BIE ក្រោម​​ប្រធានបទ «ចិញ្ចឹម​ភព​ផែនដី ផ្ដល់​ថាមពល​សម្រាប់​ជីវិត​» ដោយមាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ចំនួន ១៤៥ នៅ​លើ​ពិភពលោក និង ​អង្គការ​ធំៗ​ចំនួន​បី ហើយ​ទទួល​បាន​អ្នក​ទស្សនា​ជាង ២០ លាន​នាក់។

 

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ​បន្ត​ថា កម្ពុជា​ទទួល​បាន​ពានរង្វាន់​ប្រាក់ លើ​ប្រធានបទ «ដំណាំស្រូវ ដាំ​លើ​ដែន​ដី​វប្បធម៌​ដ៏​ចំណាស់» ដែល​បាន​បង្ហាញ​ពិភពលោក​ដឹង​ថា ​ប្រទេស​​កំពុង​អភិវឌ្ឍន៍​មួយ​​នេះ សម្បូរ​​​សម្បត្តិ​វប្បធម៌ និង​ទំនៀម​ទម្លាប់​ប្រពៃណី​ល្អ និង​​ជា​ប្រទេស​មាន​​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​ផលិត​អង្ករ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ពិភព​លោក​​​ផង​ដែរ ហើយ​កម្ពុជា​ជា​ប្រទេស​អាស៊ាន​តែ​មួយ​គត់ ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ។

 

ចំណែក​ ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ឱ្យ​ដឹង​​ដែរ​ថា កម្ពុជា​មាន​មោទនភាព​ណាស់ ដែល​ទទួល​បាន​​ពានរង្វាន់​ប្រាក់​នេះ​ពី​ប្រទេស​អ៊ីតាលី ហើយ​លោក​សង្ឃឹម​កម្ពុជា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​នៅ​លើក​ក្រោយៗ​ទៀត។ ពេល​អ្នក​សារព័ត៌មាន​សួរ​ថា ច្រើន​​លើក​ហើយ ដែល​កម្ពុជា​​​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នានា​លើ​ពិភពលោក ចុះ​បើ​កម្ពុជា​ចូល​ជា​ច្រើនជាង​នេះ​ទៀត តើ​សង្ឃឹម​ថា​ កម្ពុជា​នឹង​​ទទួល​បាន​មេដាយ​មាស​ដែរ​ឬទេ?
 

កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលីឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម

 

ឯកឧត្ដម​មាន​ប្រសាសន៍​ថា ៖ “គោលដៅ​របស់​យើង​ចង់​បាន​ណាស់​មេដាយ​មាស ធម្មតា​ខ្ញុំ​ចង់​បាន ប៉ុន្តែ​​ឥលូវ​គឺថា បាន​ត្រឹម​មេដាយ​ប្រាក់ ក៏​ខ្ញុំ​មាន​មោទនភាព​ណាស់ ព្រោះ ៩១ ប្រទេស​ចូលរួម ហើយ​កម្ពុជា​បាន​លេខ​ពីរ​​មិនធម្មតា​ទេ​បាទ គឺ​សប្បាយ​ចិត្ត»។ ឯកឧត្ដម​​​បញ្ជាក់​ថា ប្រាំ​ឆ្នាំ​ទៀត​កម្ពុជា​នឹង​ចូលរួម​នៅ​ឌូបៃ កម្ពុជា​នឹង​ខិតខំ ហើយ​លោក​សង្ឃឹម​ថា ការ​រៀបចំ​នឹង​ទទួល​បាន​ផល​ល្អ និង​អាច​ជោគជ័យ។

 

ក្នុង​ពិព័រណ៍​ពិភពលោក​ឆ្នាំ ​២០១៥ ពន្លា​ជាតិ​កម្ពុជាមាន​ផ្ទៃក្រឡា ២៥០ ម៉ែត្រការ៉េ សង់ក្នុង​ទីតាំង Rice Cluster ដែល​មាន ​៦​ ប្រទេស​ចូលរួម​គឺ កម្ពុជា បង់ក្លាដេស ឡាវ មីយ៉ាន់ម៉ា សេរ៉ាឡេអូន និង​បាស្មាទីឥណ្ឌា។ ពន្លា​ជាតិ​កម្ពុជា ត្រូវ​បាន​បែងចែក​ជា ៣ ​ផ្នែក​សំខាន់ៗ ដោយ​ផ្នែក​ទី​១ តុបតែង​រចនា​ពី​វប្បធម៌ អរិយធម៌ បង្ហាញ​ពី​ប្រាង្គ​ប្រាសាទ​នានា ជា​មរតក​ដ៏​មាន​តម្លៃ​របស់​កម្ពុជា។ ផ្នែក​ទី​២ តុបតែង​រចនា​ជា​តំបន់​កសិកម្ម ដើម្បី​ឱ្យ​ស្រប​តាម​ប្រធានបទ​នៃ​ពិព័រណ៍​ពិភពលោក ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិរក្ស​ឧបករណ៍​បុរាណ​មួយ​ចំនួន និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​ពិសេស​ដំណាំ​ស្រូវ និង​ទី​៣ រៀប​ចំ​ជា​តំបន់​ពាណិជ្ជកម្ម ដោយ​មាន​ដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​សិប្បកម្ម វត្ថុ​អនុស្សាវរីយ៍ ជា​ផលិតផល​​របស់​ខ្មែរ ព្រម​ទាំង​មាន​ការ​រៀបចំ​ឱ្យ​មាន​ឆាក​​សម្ដែង​សិល្បៈ​ផង​ដែរ៕ ​
 
កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលី

 

កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលី

 

កម្ពុជា​នាំយក​ពានរង្វាន់​ប្រាក់ ១ គ្រឿង​​ពី​​ប្រទេស​​អ៊ីតាលី

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ