អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ទទួលបាន អ្នកដំណើរ ៣លាននាក់ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៥ នេះ អាកាសយានដ្ឋានអន្តរជាតិ ធំបំផុតរបស់កម្ពុជា បានទទួល អ្នកដំណើរជាតិ និង អន្តរជាតិសរុប ៣លាននាក់ហើយ ដែលវាជាចំនួនច្រើនជាងឆ្នាំមុន និងអាចនិយាយបានថា ជាការបង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រលានយន្តហោះ កម្ពុជាផងដែរ។ សម្រាប់អ្នកដំណើរ ទី ៣លាន ដែលបានមកបំបែកកំណត់ត្រានេះ គឺអ្នកនាង គង់ ណាលាភ ដែលធ្វើដំណើរពីទីក្រុងហុងកុង មកកាន់ទឹកដីកំណើតវិញ តាមជើងហោះហើរ Dragon Air។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលដើមអម្ពិល ទទួលបាន នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ ២០១៥ នេះឲ្យដឹងទៀតថា ដើម្បីអបអរសាទរ ចំពោះ ព្រឹត្តិការណ៍ និង ជាឱកាសនៃថ្ងៃឈប់សម្រាកនេះ អាកាសយានដ្ឋាន បានរៀបចំនូវ កិច្ចស្វាគមន៍ពិសេសមួយចំនួន សម្រាប់ដំណើរមកដល់តាមជើងហោះហើរ ដែលមាន អ្នកដំណើរគម្រប់ ៣លាននាក់ជិះ គឺ ការប្រើប្រាស់កាណុង បាញ់ទឹកស្រោចស្រពយន្តហោះ ពេលដែលធ្វើដំណើរ មកចតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ។

បន្ថែមពីនេះទៀត នៅកន្លែងទទួលឥវ៉ាន់ អ្នកដំណើរទាំងអស់ នឹងទទួលបានភាពភ្ញាក់ផ្អើល តាមរយៈ ការបំពាក់នូវកាដូ មានឈ្មោះរបស់ពួកគេ បិទភ្ជាប់ជាមួយវត្ថុអនុស្សាវរីយ៍ រួចជា ស្រេចលើវល្លីដាក់អីវ៉ាន់ នីមួយៗ។ ដោយឡែក អ្នកនាង គង់ ណាលាភ ត្រូវបានផ្តល់ជូន នូវ កាដូជាវត្ថុមានតម្លៃមួយ នៅនឹងកន្លែង  តំណាងឲ្យអ្នកដំណើរទី ៣លាននាក់តែម្តង។

ឆ្លើយតបចំពោះការសម្រេច បានលទ្ធផលដ៏គាប់ប្រសើរនេះ លោកស្រី Chloe LAPEYRE អគ្គនាយកគ្រប់គ្រង ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានថ្លែងថា “យើងពិតជាបាន សម្រេចនូវគោលដៅ ដូចជាដែលបានរំពឹងទុកមែន។ ការបន្តពង្រឹងការងារនានា ដូចដែល បានរៀបចំទុក ពិតជាបានឆ្លើយតប ចំពោះកំណើននៃអ្នកដំណើរ ហើយយើងប្តេជ្ញាថា នឹងបន្តពង្រីកអាគាររបស់យើងទៅមុខទៀត។ វានឹងអនុញ្ញាតឲ្យយើង ទទួលស្វាគមន៍អ្នកដំណើរទាំងអស់ ជាមួយនឹងគុណភាព និងសេវាកម្ម ដ៏ប្រសើរជាងមុន។ ”

គួរបញ្ជាក់ថា តួលេខនៃការចង់សម្រេចបាន អ្នកដំណើរឆ្លងកាត់ ៣ លាននាក់នេះ គឺត្រូវបាន បង្កើត ឡើងតាំងពីដើមឆ្នាំ ២០១៥ មកម្ល៉េះ។ កន្លងមកអ្នកដំណើរ ដែលឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានអត្រាកើនឡើង ជិត ១៦% ក្នុងមួយឆ្នាំៗ។ ដោយឡែក សម្រាប់ឆ្នាំ ២០១៥ នេះ គេរំពឹងថា នឹងមានការកើនឡើងនូវអ្នកដំណើរពី ១២ ទៅ ១៣ ភាគរយលើស ឆ្នាំមុន៕

អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ទទួលបាន អ្នកដំណើរ ៣លាននាក់ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ