ពលរដ្ឋ​សំរុក​ទៅ​ធ្វើ​ប័ណ្ណបើកបរ​កើន​រាល់ថ្ងៃ បន្ទាប់​ពី​សមត្ថកិច្ច​គ្រោង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ថ្ងៃ​ទី​១ មក​រា ២០១៦

​រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានសបា្តហ៍​​ចុង​​ក្រោយ​​នេះ ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​​សំរុក​ទៅ​ធ្វើ​ប័ណ្ណ​​បើកប​រ​យានយន្ត​គ្រប់​ប្រភេទ​​យ៉ាងច្រើន​កុះករ​ខុស​ប្លែក​ពី​ធម្មតា​ ដែល​ចំនួន​នេះ​មានការ​កើនឡើង​៣​ដង ​បើ​ប្រៀបធៀប​ទៅ​​នឹង​ថ្ងៃ​ធម្មតា​​នា​ពេល​មុន​ៗ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ច្បាប់​ចរាចរណ៍​ថ្មី និង​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​១ មករា​ ២០១៦​ ខាងមុខនេះ ។

លោក​មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​​ស​ប្តា​ហ៏​ចុង​ក្រោយ​​នេះ ប្រជាពលរដ្ឋ​បាន​សំរុក​​ទៅ​ធ្វើ​ប័ណ្ណ​​បើកបរ​ទោចក្រយានយន្ត ​និង​ប័​​ណ្ណ​បើកបរ​យានយន្ត​យ៉ាងច្រើន​កុះករ ខុស​ប្លែក​ពី​ធម្មតា ដោយ​ពី​មុន​មាន​ត្រឹមតែ​ជាង​១០០​នាក់ ប៉ុ​ន្តែ​ពេល​នេះ មាន​រហូត​ដល់​ទៅ​ជាង​៤០០​នាក់​ក្នុង​មួយ​ថ្ងៃ នេះ​ជា​ចំនួន​មួយ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ​លោក​បន្ត​ថា បន្ទាប់​ពី​អគ្គស្នងការ​នគ​បាល​ជាតិ បាន​ដាក់​​បទបញ្ជា​តឹង​រឹង​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ទាំង​២៥ ដែល​នឹង​​អនុវត្ត​​ចាប់ពី​ថ្ងៃ​ទី១ មករា ​ខាង​មុខ​នេះ​ ។

លោក​ មាស ច​ន្ថា​ បាន​ឱ្យ​​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥ ​នេះ​ អ្នក​ដែល​បាន​ទៅ​ធ្វើ​ប័​​ណ្ណ​បើកបរ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញសំរាប់​ប័ណ្ណ​​បើកបរ ម៉ូតូ​មាន​ប្រមាណ​៧​ម៉ឺន​នាក់ និង​ប័​ណ្ណ​បើកបរ រថយន្ត​មាន​ចំនួន​ជាង​១១​ម៉ឺន​​នាក់ ។ ​ចំពោះ​អ្នក​ដែល​ចុះ​ឈ្មោះ​​ក្នុង​ការ​ប្រឡង​យក​ប័​​ណ្ណ​​បើក​បរ​​បាន ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណ​ប័​​ណ្ណ សៀវភៅ​គ្រួសារ​ ឬសំបុត្រ​កំណើត ហើយ​មាន​កា​រ​​បញ្ជាក់​ពី​សាលាបង្រៀន​បើកបរ​ផង​ដែរ ។

​ជាក់ស្តែង ​កាលពី​ថ្ងៃ​ទី​២៣ ​ធ្នូ មាន​ប្រជាពលរដ្ឋ​ចំនួន​៤០៥​​នាក់ បាន​ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ គឺ​មានការ​កើនឡើង​​៣​ដង​បើ​​ធៀប​នឹង​​ថ្ងៃ​​ធម្មតា ក្នុង​ចំណោម​បេក្ខជន​៤០៥​នាក់ អវត្តមាន​៦២​នាក់ បាន​ប្រឡង​ជាប់​ចំនួន​២៣៣​នាក់ ស្មើនឹង​៦៧% ធ្លាក់​១១០​នាក់ ស្មើនឹង​៣៣% ហើយ​សម្រាប់​ថ្ងៃ​ទី​២៤ ​ធ្នូ ​នេះ ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ប្រឡង​មាន​ចំនួន​២៩១​នាក់​ផង​​ដែរ ។

ដោយ​​មាន​ប្រជាពលរដ្ឋ​ទៅ​​ប្រឡង​យក​ប័ណ្ណបើកបរ​​កើនឡើង​ខ្ពស់ កាលពី​ថ្ងៃ​ទី​២៣ ​ធ្នូ ​២០១៥ លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សា​ធា​រ​ណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​និង​ជំរុញ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​និង​សុវត្ថិ​ភាព​ចរាចរ ​។

លោក​សាំ ពិសិដ្ឋ ​បាន​​បញ្ជាក់​ថា ចំនួន​ប្រជាពលរដ្ឋ​ ដែល​បាន​ទៅ​ប្រឡង​យក​ប​ណ្ណ័​បើកបរ​មានការ​កើនឡើង​​ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ គឺ​មានការ​កើនឡើង​៣​ដង ​បើ​​ធៀប​នឹង​ពេល​មុន ។ លោក​បាន​ណែនាំ និង​បែងចែក​ឱ្យ​​មានការ​ប្រឡង​ចំនួន​៦​វេន​​ក្នុង​១​ថ្ងៃ គឺ​ប្រឡង​៣​វេន​ព្រឹក ​និង​៣​វេន​រសៀល ទាំង​ការ​ប្រឡង​ទ្រឹស្តី​ និង​ដៃចង្កូត ដើម្បី​ធានា​ឱ្យ​ការ​ផ្តល់​សេវា​ជូន​​ប្រជាពលរដ្ឋ​​បាន​​ទាន់​​ពេល ​។