ប៊ូ​រុន​ឌី​បដិសេធ​ទ័ព​សហភាព​អាហ្វ្រិក​ដោយ​សម្អាងថា​រំលោភ​អធិបតេយ្យ​ខ្លួន​

​ប្រទេស​ប៊ូ​រុន​ឌី​បដិសេធ​ទទួល​កងកម្លាំង​សហភាព​អាហ្វ្រិក​ចំនួន​៥​ពាន់​នាក់ ដែល​គ្រោង​មក រក្សា​សន្តិភាព​ក្នុងប្រទេស​នេះ ស្រប​ពេលដែល​សហគម​ន៍​អន្តរជាតិ​បារម្ភ​ថា ប្រទេស​នេះ​អាច​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល ។​រដ្ឋាភិបាល​ប៊ូ​រុន​ឌី​លើកឡើងថា ការពង្រាយ​ទ័ព​អាហ្វ្រិក​លើទឹក​ដី​របស់ខ្លួន ជាការ​រំលោភ​អធិបតេយ្យភាព​។

​ក្រុម ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប៊ូ​រុន​ឌី ដែលមាន​ប្រធានាធិបតី Pierre Nkurunziza និង​សមាជិក​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក បានប្រកាស​មិន​ព្រម​ទទួល​កងកម្លាំង​អាហ្វ្រិក​ចំនួន​៥​ពាន់​នាក់ ដែល​គ្រោង​មក​រក្សា​សន្តិភាព នៅ​ចំ​ពេលដែល​ស្ថាន​ការ​នៅ​ប៊ូ​រុន​ឌី​អាច​ឈានដល់​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​នោះ​។ ការមិន​យល់ព្រម​នេះ គឺធ្វើឡើង​ស្របគ្នា​ជាមួយ​សភា​ប្រទេស​នេះ​បាន​រិះគន់ថា កងកម្លាំង​អាហ្វ្រិក​ជា​កងទ័ព​ឈ្លានពាន​។​

​រដ្ឋមន្ត្រីការបរទេស​ប៊ូ​រុន​ឌី​លោក Alain Nyamitwe ក៏បាន​ថ្លែង​រិះគន់​ទៅលើ​ចំណាត់ការ​របស់​សហភាព​អាហ្វ្រិក ដែល​មិនបាន​ពិភាក្សា​ជាមួយ​ប្រទេស​លោក មុននឹង​សម្រេចចិត្ត​លើ​រឿងនេះ ។ លោក​ថា សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិភាព​និង​សន្តិសុខ ក៏បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​ប៊ូ​រុន​ឌី​មាន​សិទ្ធិ​និយាយ​លើ​ការសម្រេច ពង្រាយ​កងកម្លាំង​លើក​នេះ​។

​យ៉ាងណាក៏ដោយ អនុប្រធាន​គណៈកម្មកា​រ​សហភាព​អាហ្វ្រិក​លោក Erastus Mwencha បាន​ប្រាប់​សារព័ត៌មាន VOA ថា ក្រុមប្រឹក្សា​សន្តិភាព​និង​សន្តិសុខ​ក៏បាន​សួរនាំ​រដ្ឋាភិបាល​ប៊ូ​រុន​ឌី​ជាមុន​ដែរ មុននឹង​សម្រេចចិត្ត​ក្នុង​ពង្រាយ​ទ័ព​នោះ ។ លោក Mwencha ក៏បាន​និយាយ​រិះគន់​វិញ​ថា ការងារ​របស់​រដ្ឋាភិបាល​គឺ​ជួយ​ប្រជាជន តែ​រដ្ឋាភិបាល​ប៊ូ​រុន​ឌី​មិន​បានធ្វើ​ដូច្នេះ​ទេ ។  

​គម្រោង​នៃ​ការបញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក បាន​កើតឡើង​ក្រោយ​មានការ​កើនឡើង​អំពើហិង្សា​ក្នុងប្រទេស​ប៊ូ​រុន​ឌី នៅពេលដែល​មនុស្ស​៨១​បាន​ស្លាប់ កាលពី​ថ្ងៃទី​១១ ខែធ្នូ ក្នុងការ​បង្ក្រាប​របស់​កម្លាំង​រដ្ឋាភិបាល​ប្រធានាធិបតី Nkurunziza ។

​ប៊ូ​រុន​ឌី​បាន​ធ្លាក់ចូល​ក្នុងស្ថានភាព​ជម្លោះ តាំងពី​ខែមេសា​មក ពោលគឺ​នៅពេលដែល​លោក Pierre Nkurunziza បាន​ព្យាយាម​ឈរឈ្មោះ​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​៣ ទោះជា​ផ្ទុយ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ។ ហើយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល Pierre Nkurunziza ជាប់ឆ្នោត​ជាថ្មី​ក្នុងការ​បោះឆ្នោត​ក្នុង​ខែកក្កដា ដែល​បក្សប្រឆាំង​ធ្វើពហិកា​ចូលរួម​ការបោះឆ្នោត ៕