សម្តេចក្រឡាហោម ស ខេង ប្រកាសផ្តល់រង្វាន់ដល់នគរបាលនិង កងរាជអាវុធហត្ថ បង្រ្កាបបទល្មើសយ៉ាងជោគជ័យ

សម្ដេចក្រឡាហោមស ខេង ផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធបំពេញការងារបានល្អ
ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានផ្ដល់ថវិកាមួយចំនួនធំ ដល់មន្រ្តីនៃ អគ្គស្នងការនគរបាលជាតិ និងមន្រ្តីកងរាជអាវុធហត្ថ ដែលបានបំពេញការងារ ក្នុងការបង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជួនប្រជាពលរដ្ឋ

យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ដែលមានកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ជាន់ថ្នាក់ ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង បានខិតខំបង្ក្រាបបទល្មើស ឈានទៅចាប់បានមុខសញ្ញាតូចធំ នៅតាមមូលដ្ឋានរបស់ខ្លួន គួរឲ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ និងពោធិ៍សាត់ សំដៅលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ និងបាតុភាពអសកម្មនានា ក្នុងស្មារតីពង្រឹង និងបង្កើនទំនុចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សម្តេចក្រឡាមហោម ស ខេង បានថ្លែង “ខ្ញុំសូមធ្វើការផ្ដល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធ ទាំងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានចូលរួមដឹកនាំ បញ្ជា និងប្រតិបត្តិផ្ទាល់នូវថវិកាមួយចំនួន រួមមានអគ្គស្នងការដ្ឋាននគរបាលជាតិ ៨០លានរៀល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៤០លានរៀល, ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ៤០លានរៀល, ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ៤០លានរៀល, ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ៤០លានរៀល , និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៣០លានរៀល”។

ក្នុងនោះសម្ដេចក្រឡាហោម ខេងក៏បានលើកទឹកចិត្តឲ្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ បន្តខិតខំបន្ថែមទៀត ដើម្បីបំបែកករណីបទល្មើសដែលបានកើតឡើងកន្លងមក ឈានទៅដល់ការចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរួមចំណែក ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បង្កើនជំនឿទុកចិត្តពីបងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិនជាតិ-អន្តរជាតិ ឲ្យប្រកបជីវភាពរស់នៅ និងអាជីវកររបស់ខ្លួនប្រកបដោយភាពសុខដុមរមនា រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ ចនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ទៅមុខជាលំដាប់៕

 

សម្តេចក្រឡាហោម ស ខេង ប្រកាសផ្តល់រង្វាន់ដល់នគរបាលនិង កងរាជអាវុធហត្ថ បង្រ្កាបបទល្មើសយ៉ាងជោគជ័យ

សម្តេចក្រឡាហោម ស ខេង ប្រកាសផ្តល់រង្វាន់ដល់នគរបាលនិង កងរាជអាវុធហត្ថ បង្រ្កាបបទល្មើសយ៉ាងជោគជ័យ