អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ យកអំណោយជូន ប្រជាពលរដ្ឋក្រីក្រនិងចាស់ជរា ១០គ្រួសារនៅ សង្កាត់បឹងទំពុន

ភ្នំពេញ  ៖ ប្រតិភូអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បាននាំយកអំណោយជា គ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ និងចាស់ជរាចំនួន ១០គ្រួសារ រស់នៅក្នុងភូមិត្នោតជ្រុំ និងភូមិសន្សំកុសល សង្កាត់បឹងទំពុន ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល ។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ និងជា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ រួមនិងលោក សួស សារិន ចៅសង្កាត់បឹងទំពុន និងយុវជនសង្កាត់ ជាច្រើននាក់ បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រកនិងចាស់ជរាដោយផ្ទាល់ចំនួន១០គ្រួសារបន្ថែមទៀត។

លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ និងជា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានអោយដឹងថា អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១០គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យូ ភួយ១ ម៉ុង១ ក្រម៉ា១ សារុង១ រួមថវិកាចំនួន ៥មុឺនរៀល ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានមតិ សំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អនុវត្តតាមគោលការ របស់កាកបាទក្រហម កម្ពុជា ដែលមាន សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហម ខណ្ឌបាន យកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋ ទីទ័លក្រ អត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ ទៅតាមលទ្ធភាព ហើយអំណោយដែល យក មកចែកជូន នៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀត បានមកពី រួមចំណែករបស់ គណៈអភិបាលខណ្ឌ ដែលតែងតែ ប្រកាន់ខ្ជាប់ នូវ វប្បធម៌ចែករំលែក។

ថ្វីត្បិតតែអំណោយទាំងនេះមិនបាន សមប្រកបទៅតាមការចង់បានរបស់ បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាព ប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ជាអនុសាខាកាកបាទក្រហម ខណ្ឌ និងខិតខំគៀងគរស្វែងរក ជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាត  ទីទ័លក្រ ។

លោកអភិបាលរងខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំ រកស៉ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាច ធ្វើបានតែសូមកុំរកស៉ីមុខរបរណាដែល ខុសច្បាប់និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាព អោយ បានប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានអំពាវ នាវ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា ៕