អាជ្ញាធរ​​​ខេត្ត​ស្វាយរៀង​ចាប់​តៃកុងឡាន​ដឹក​កម្មករ​ចំនួន​៦នាក់​បញ្ជូន​​ទៅ​​តុលាការ

តៃកុងឡាន​ដឹក​កម្មករ​ទៅ​ធ្វើ​ការ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយ​សេង(Tai Seng) ចំនួន​៦នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ហើយ​បញ្ជូន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ។

សាច់​ញាតិ​តៃកុងឡាន ប្រាប់​ថា ការ​ចាប់​ខ្លួន​នោះ នៅ​បន្ទាប់​ពី​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ ហៅ​ទៅ​ប្រជុំ រួច​ក៏​ឃាត់​ខ្លួន​ទុក​នៅ​ព្រហ្មទណ្ឌ​ខេត្ត ដោយ​ចោទ​ថា ដឹក​កម្មករ​ទៅ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ។ មក​ទល់ ពេល​នេះ ក្រុម​គ្រួសារ​របស់​តៃកុងឡាន កំពុង​ប្រមូល​ផ្ដុំ​គ្នា នៅ​ខាង​មុខ​តុលាការ​ខេត្ត​ស្វាយរៀង ដើម្បី ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​វិញ ព្រោះ​ពួកគាត់​គ្មាន​ទោស​កំហុស​អ្វី​ឡើយ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន លើក​ឡើង​ថា ការ​ចាប់​ខ្លួន​តៃកុងឡាន និង​ចោទ​ថា ដឹក​កម្មករ​ទៅ​ធ្វើ​កូដកម្ម​នោះ គឺ​មិន​សម​ហេតុផល​ឡើយ។ មិន​សមហេតុ​ផល ព្រោះ​ការ​ដឹក​កម្មករ​ពី​ផ្ទះ​ទៅ​រោងចក្រ និង​ពី​រោងចក្រ មក​ផ្ទះ គឺ​ជា​មុខរបរ​ប្រចាំ​ថ្ងៃ និង​តួនាទី​ពួក​គាត់។

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​តៃកុងឡាន​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឡើង​កម្ដៅ​សាជាថ្មី​វិញ ខណៈ​ភាគី​ពាក់ព័ន្ធ​បាន​បើក​កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​នោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។