ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​ត្រូវ​គេ​លួច​កាប់

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ទប់ស្កាត់ និង​ស៊ើប​អង្កេត​ករណី​លួច​កាប់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ​ភឿក​១ ដែល​មាន​ភូមិសាស្ត្រ​នៅ​ជិត​នឹង​ព្រៃ​សហគមន៍ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​ដើម​ច្បោះ​នោះ។

ឈើ​មូល​រាប់​ពាន់​ដើម ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក្នុង​នោះ​ឈើ​មួយ​ផ្នែក គឺ​ជា​ដើម​ឈើ​ផលិត​ជ័រ​ទឹក ដែល​ជា​មុខ​របរ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

ប្រជាពលរដ្ឋ​ម្ចាស់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ហៅ​ថា​ដើម​ច្បោះ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា ឈើ​មូល​ដែល​ឈ្មួញ​កំពុង​កាប់​នោះ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ចំណុច​អូរ​ខ្ទង់ ដែល​សម្បូរ​ទៅ​ដោយ​ឈើ​មាន​តម្លៃ និង​ដើម​ច្បោះ​របស់​អ្នក​ភូមិ​រាប់​ពាន់​ដើម។ ម្ចាស់​ដើម​ច្បោះ​រូប​នេះ​កត់​សម្គាល់​ថា ប្រមាណ​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ ឈើ​មូល​ក្នុង​ព្រៃ ជាពិសេស​ដើម​ច្បោះ​ប្រជាពលរដ្ឋ​ត្រូវ​គេ​លួច​កាប់ ខណៈ​ម្ចាស់​ច្បោះ​វិល​ត្រឡប់​មក​ផ្ទះ។ បន្ទាប់​មក ឈ្មួញ​បាន​ចូល​មក​ទិញ​ឈើ​ដែល​គេ​កាប់​រំលំ​នោះ​ពី​ម្ចាស់​ច្បោះ​ក្នុង​តម្លៃ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ដើម ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្រុមហ៊ុន​សម្បទាន ប៊ិញ​ភឿក​១ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដើម​ច្បោះ​មួយ​ចំនួន​ភ័យ​ខ្លាច​គេ​កាប់​យក​ដើម​ច្បោះ​របស់​ខ្លួន​អស់ ទើប​នាំ​គ្នា​លក់​ដើម​ច្បោះ​ពួក​គេ​ទៅ​ឲ្យ​ពួក​ឈ្មួញ​ទាំង​នោះ​បន្តបន្ទាប់​គ្នា៖ «ក្រុម​ហ្នឹង​ចេញ​ពី​ក្រុមហ៊ុន ប៊ិញ​ភឿក ដែល​គេ​អ្នក​លក់​ទេ តែ​គាត់​ខ្លាច​គេ​លួច​កាប់​ម្តង​ពីរ​បី​ដើម ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​គេ​លួច​កាប់​យក​ទៅ​ទាំងអស់។ អ៊ីចឹង​ហើយ​រហូត​មក​ដល់​ពេល​នេះ អ្នក​ខ្លះ​លក់​ទាំង​បង្ខំ​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក អស់​ពីរ​បី​ម្ចាស់​ហើយ»

ប្រធាន​សហគមន៍​ចក់ចារ លោក នុត នុ ទទួល​ស្គាល់​ថា ព្រៃ​ឈើ​នៅ​តំបន់​អូរ​ខ្ទង់ ពិត​ជា​ត្រូវ​បាន​គេ​កាប់​យក​ឈើ​មាន​តម្លៃ។ ដោយឡែក​ម្ចាស់​ដើម​ច្បោះ​ខ្លះ បាន​សម្រេច​លក់​ដើម​ច្បោះ​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ​ដោយ​ខ្លួន​ឯង។ លោក​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ សហគមន៍​ស្នើសុំ​ទុក​ជា​ព្រៃ​អភិរក្ស ក៏ប៉ុន្តែ​មិន​ទាន់​មាន​ការ​កំណត់​ផ្ទៃ​ដី​ព្រៃ​សម្រាប់​សហគមន៍​គ្រប់គ្រង​អភិរក្ស​នៅ​ឡើយ៖ «អស់​ហើយ​ក្រៅ​ពី​រណ្ដៅ​ជ័រ ខាង​ក្រុមហ៊ុន​គេ​កាប់​នៅ​ប្លុក​គេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន ប៊ិញ​ភឿក​១ ពាក់ព័ន្ធ​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។

រីឯ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វងសុក សិរី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។ លើស​ពី​នេះ លោក​ថា ព្រៃ​ដែល​អ្នក​ភូមិ​អះអាង​ថា​មាន​គេ​លួច​កាប់​ឈើ​នោះ លោក​មិន​ប្រាកដ​ថា​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ឬ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា សហគមន៍​បាន​រាយការណ៍​ផ្ទាល់​តាម​ទូរស័ព្ទ​ពី​ការ​លួច​កាប់​ឈើ​ច្បោះ​របស់​ពួក​គាត់ និង​សុំ​ឲ្យ​សមាគម​អាដហុក ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់។ លោក​បន្ត​ថា អ្នក​ភូមិ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​មក​សមាគម​លោក ដើម្បី​ជា​មូលដ្ឋាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ជាក់លាក់៖ «បាន​ទទួល​សំណើ​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​ផ្ទាល់​មាត់​ហើយ។ អ៊ីចឹង​យើង​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត​អ្វី​ដែល​គាត់​ដាក់​ពាក្យ​ប្ដឹង​មក​សមាគម​សិន ដើម្បី​ឲ្យ​សមាគម​ចុះ​មក​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​បន្ថែម រួច​អន្តរាគមន៍​ពាក្យ​បណ្ដឹង​នេះ​ទៅ​ស្ថាប័ន​អយ្យការ​ជូន​ពួក​គាត់»

ភូមិ​ចក់ចារ មាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ជាង ៤០​គ្រួសារ។ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​នៃ​ជនជាតិ​ព្នង ទាំង​នោះ គឺ​ប្រកប​របរ​ដង​ជ័រ​ទឹក​ពី​ដើម​ឈើ​ក្នុង​ព្រៃ។ អ្នក​ភូមិ​ខ្លះ​មាន​ដើម​ច្បោះ​ពី ៥០​ដើម​រហូត​ទៅ​ដល់ ២០០​ដើម​ក៏​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។