សំណុំរឿង​កម្មករ​តវ៉ា នៅ​បាវិត​៖ ប៉ូលិស ចាប់​បុរស ៥ នាក់ បន្ថែមទៀត បញ្ជូនទៅ​តុលាការ

ខេត្តស្វាយរៀង: ​រហូតដល់​រសៀល​ថ្ងៃទី​២៤ ខែធ្នូ យ៉ាងហោចណាស់ មាន​បុរស​អ្នក​បើកឡាន​ដឹក​កម្មករ និង​កម្មករ ចំនួន ៥ នាក់​បន្ថែមទៀត ត្រូវបាន​ប៉ូលិស ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែធ្នូ បញ្ជូនទៅ​តុលាការ​។ អ្នក​ទាំងនោះ ជាប់ចោទ​ពីបទ​ញុះញង់ និង​បង្ក​ហិង្សា ដោយ​គប់​ដុំថ្ម​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ នេះ​បើតាម​សកម្មជន​សិទ្ធិមនុស្ស​។​

​លោក ឆេង សុ​ភ័ស្ស សកម្មជន​សិទ្ធិមនុស្ស អង្គការ លីកាដូ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤ ខែធ្នូ​ថា  កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​ចាប់ខ្លួន​តៃកុង​ឡាន​ដឹក​កម្មករ​ចំនួន ៤​នាក់ នាំទៅ​ឃុំ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ប៉ូលិស​បាន​ចាប់​កម្មករ​ម្នាក់ទៀត​។

​តាម​សកម្មជន​សិទ្ធិមនុស្ស ប៉ូលិស​បាន​បញ្ជូន​បុរស​ទាំង ៥ នាក់​នោះ ទៅកាន់​តុលាការ សាលាដំបូង​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ​។​

​សូម​រម្លឹកថា ចាប់តាំងពី​ក្រុមកម្មករ ធ្វើ​កូដកម្ម កាលពី​ថ្ងៃទី​១៦ ខែធ្នូ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង នៅ​ក្រុង​បាវិត គឺមាន​កម្មករ ចំនួន ៤ នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ​តុលាការ បាន​ចោទប្រកាន់ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ ដូច្នេះ បូក​រួមទាំង​ការចាប់ខ្លួន​លើក​នេះ​ទៀត គឺមាន​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន ចំនួន ៩ នាក់​ហើយ​។​

​ជុំវិញ​បញ្ហា​កម្មករ​ធ្វើ​កូដកម្ម ទាមទារ​ឡើង​ប្រាក់ខែ រហូតដល់​ក្លាយជា​អំពើហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​កន្លែង នៅ​ក្រុង​បាវិត​នោះ  នាំ​ឲ្យ​ក្រសួង​ការងារ សមាគម​រោងចក្រ​កាត់ដេរ GMAC សហជីព​កម្មករ និង​អង្គការ ILO បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ដោយ​ថ្កោលទោស​នឹង​អំពើហិង្សា ព្រមទាំង​អំពាវនាវ​ឲ្យ​មាន​ការចរចា​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​ដំណោះស្រាយ បញ្ចប់​បញ្ហា​។

​ចំណែក​លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តស្វាយរៀង បាន​រំពឹងថា កម្មករ​រោងចក្រ​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ នៅ​រោងចក្រ​ចំនួន ៤៥ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ  នឹង​វិល​ត្រលប់ ចូលធ្វើការ​ឡើងវិញ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​កម្មករ​ទាំងអស់ បាន​ឈប់សម្រាក​រយៈពេល​ពីរ​ថ្ងៃ​រួចមក​៕

សំណុំរឿង​កម្មករ​តវ៉ា នៅ​បាវិត​៖ ប៉ូលិស ចាប់​បុរស ៥ នាក់ បន្ថែមទៀត បញ្ជូនទៅ​តុលាការ
ក្រុមកម្មករប៉ះទង្គិច ជាមួយនឹងសមត្ថកិច្ច ប៉ូលិស និងប៉េអឹម កាលព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥